កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag ៖ Man Utd ត្រូវការកសាងឡើងវិញច្រើនណាស់ ដើម្បីក្លាយជាក្រុមខ្លាំងវិញ
13, May 2022 , 4:29 pm        
រូបភាព
អ្នកចាត់ការទូទៅថ្មីក្លិប Manchester United លោក Erik ten Hag ថ្ងៃទី១២ ​ខែឧសភា និយាយថា ការជួយនាំក្រុមបិសាចក្រហមឱ្យវិលត្រលប់ទៅរកភាពខ្លាំងដូចកាលពីមុនវិញ ជារឿងមួយដែលត្រូវការប្រកួតប្រជែងខ្លាំង។ លោក Ten Hag ក៏អះអាងថា លោករីករាយក្នុងការដឹកនាំក្រុមអង់គ្លេសមួយនេះ។


Erik ten Hag នឹងមកកាន់កាប់ការងារនៅ Manchester United នាដើមខែមិថុនា បន្ទាប់ពីជួយក្រុមខ្លាំងប្រចាំហូឡង់ Ajax Amsterdam ឈ្នះពានរង្វាន់លីគកំពូល Eredivisie លើកទី៣៦ និងជាពានទី៣របស់លោក ដែលដឹកនាំ៤រដូវកាលមកនេះ។ ប៉ុន្តែមុនការធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស គ្រូបង្វឹកសញ្ជាតិហូឡង់ បានចាត់ទុកការងារជួយក្រុមបិសាចក្រហម ឆ្ពោះទៅរកការឈ្នះវិញ ជាការប្រកួតប្រជែងខ្លាំង។
 
«វាដូចជាអារម្មណ៍នៃការប្រកួតប្រជែងដ៏ខ្លាំងមួយ ក្នុងការនាំក្លិបទៅរកការឈ្នះឡើងវិញ នៅទីនោះមានជម្រើសច្រើន រួមទាំងហិរញ្ញវត្ថុ។ ខ្ញុំក៏មានអារម្មណ៍ល្អចំពោះមនុស្សទាំងអស់នៅទីនោះ (Man United) ហើយយើងអាចប្រើប្រាស់ជំហ៊ានដំបូងបានតែម្តងសម្រាប់គោលដៅក្លិប។»។ លោក Ten Hag និយាយបែបនេះប្រាប់ទស្សនាវដ្តី Voetbal International។
 
ទោះជាយ៉ាងនេះក្តី តបទៅនឹងសំណួរដែលអ្នកទស្សនាវដ្តីបានចោទសួរអំពីរឿងរ៉ាវនៅ Man United លោកបានបដិសេធមិនព្រមឆ្លើយ ប៉ុន្តែលោកបានពន្យល់អំពីការជ្រើសរើសបុគ្គលិកថ្មី និងការងារដែលក្លិបកំពុងរង់ចាំលោកទៅដល់។
 
ទោះជាយ៉ាងនេះក្តីលោក Ten Hag បានបញ្ជាក់ថា ៖ «ក្រុមបិសាចក្រហមកំពុងរង់ចាំលោកទៅដឹកនាំការងារ ហើយបិសាចក្រហមត្រូវការកសាងឡើងវិញច្រើនណាស់ ដើម្បីក្លាយជាក្រុមដែលឈ្នះវិញ»។ 
 
យ៉ាងណាមិញមុនមកដឹកនាំក្រុមថ្មី គ្រូបង្វឹកសញ្ជាតិហូឡង់ ក៏បានអះអាងបន្ថែមថា លោកកំពុងតែស្រាវជ្រាវពីបច្ចុប្បន្នភាព អនាគតនិងលទ្ធភាពរបស់ក្រុមក្នុងការប្រកួតប្រជែងផងដែរ។
 
ក្រុមបិសាចក្រហមនឹងត្រូវង្ហើយប្រកួតចុងក្រោយ Premier league ដោយធ្វើដំណើរទៅកាន់ កីឡដ្ឋាន Selhurst Park តទល់ជាមួយម្ចាស់ផ្ទះ Crystal Palace នៅថ្ងៃទី២២ ខែឧសភាខាងមុខនេះ៕
 
 

Tag:
 Erik Ten Hag
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com