កីឡាជាតិ
ជាតិ
វេស្ទើន​ខំ​ប្រឹង​បង្ហា​ញថា​ ​ខ្លួន​ពិតជា​សក្តិ​សមក្នុ​ងកា​រ​លេង​នៅ​ក្រប​ខណ្ឌ​កំពូល​
18, Jan 2014 , 5:07 pm        
រូបភាព
«ការ​មាន​ឈ្មោះ​ដើម្បី​លេងក្នុងលីក មិន​មែន​បាន​មក​ដោយ​ងាយ​ស្រួលនោះ​ឡើយ គឺ​យើង​បាន​ចំណាយ​ពេល​វេលាគិត និងពិចារណា​យ៉ាងច្រើន»។ នេះ​ជាការ​អះអាង​របស់​លោក ឡៃ សុធា ប្រធាន​​ក្លិប​សាកល​វិទ្យាល័យ​វេស្ទើន ដែល​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​សម្រេច​បញ្ចូល​ជា​សមាជិក​ទី​១២ នៃក្រប​ខណ្ឌ​មិត្តហ្វូ​នខេមបូ​ឌានលីករដូវកា​ល​២០១៤។



បក​ស្រាយ​នៅ​ក្នុងស​ន្និសីទ​សារព័ត៌មាន​ដែល​ត្រូវ​បាន​រៀបចំឡើង​កាលពីព្រឹក​ថ្ងៃសៅរ៍ ទី​១៨ ខែមក​រា នៅ​សាកលវិទ្យាល័យ​វេស្ទើន ទីតាំងក្បែរ​ផ្សា​រអូឡាំពិក លោក ឡៃ សុធា បាន​លើក​ពី​ហេតុ​ផល​មួយចំនួន​ដែលនាំឲ្យក្លិប​របស់​លោកទ​ទួល​បាន​ភ្លើងខៀវពី​សហព័ន្ធកីឡា​បាល់ទាត់កម្ពុជា​សម្រាប់​ការបង្ហាញ​ខ្លួននៅ​ក្នុងលីក។


(លោក ឡៃ សុធា ប្រធានក្លិប​សាកលវិទ្យាវេស្ទើន)

លោក​បាន​បញ្ជាក់ថា៖ «មា​នការលើកឡើងមួយចំនួន​ដែល​ថា យើ​ងមិន​មាន​លក្ខខណ្ឌគ្រប់គ្រាន់​ដើម្បី​លេង​ក្នុងលីក ប៉ុន្តែ​យើង​នៅ​តែខិតខំ​ប្រឹង​ប្រែង​ដើម្បីបង្ហាញ​ពី​ឆន្ទះ​របស់​យើង​ក្នុងការចូលរួម​អភិវឌ្ឍ​វិស័យ​កីឡា​បាល់ទាត់នៅកម្ពុជា។ ពិតណាស់យើង​ជាក្រុម​សំណាង ប៉ុន្តែ​យើង​មាន​បច្ចេក​ទេស ការរៀបចំក្រុម និង​ស្ថិរភាព​រយៈពេលយូ​រអង្វែង បន្ថែមពីលើនេះ យើង​មាន​មូល​ធន​ដើម្បី​ទ្រទ្រង់»។

លោក ​មាស សំអឿន ដែល​មាន​បទ​ពិសោធន៍​ដឹកនាំក្លិប​បៀល​ប្រាយយូណាយ​ធីតអស់​រយៈពេល​៥​ឆ្នាំកន្លងមក ត្រូវ​បាន​តែង​តាំង​ជាគ្រូបង្វឹក​ថ្មី​របស់​ក្រុម​សាកលវិទ្យាល័យ​មួយនេះ ហើយក្រុម​ការងារ​របស់​លោក​មាន​ដូចជា លោក ឈឹម ចាន់ថា​រិទ្ធិ លោក គឹម ទី ជាដើម។

គោល​ដៅ​របស់​វេស្ទើន​សម្រាប់​ការ​បង្ហាញ​ខ្លួន​ជាថ្មី​នៅ​ក្នុងលីក (ធ្លាប់មាន​វត្តមាន​ម្តងរួចទៅហើយ​កាលពី​​ឆ្នាំ​២០១១) គឺ​ការ​ប្រឹង​ប្រែង​ឲ្យ​បាន​ដើម្បី​រក្សា​ខ្លួន​នៅ​ក្របខណ្ឌកំពូល។ លោក ឡៃ សុធា បាន​លើក​ឡើងថា៖ «ពិតណាស់ គ្រប់ក្រុម​ទាំងអស់​សុទ្ធតែ​ចង់​បាន​តំណែង​ជើង​ឯក ប៉ុន្តែ​អ្វី​ដែល​ជា​ជំហាន​របស់ពួក​យើង គឺ​ការរក្សា​ខ្លួននៅ​ក្នុងក្របខណ្ឌកំពូល»។ ដោយ​ឡែក សម្រាប់​យុទ្ធនាការ​ដណ្តើម​ពាន​រង្វាន់​សម្តេច ហ៊ុន សែន ត្រូវ​បាន​លោក មាស សំអឿន សន្យា​ថា នឹងនាំក្លិប​ឲ្យ​ឈាន​ចូល​ដល់​វគ្គ​៤ក្រុម​ចុងក្រោយ។

នៅ​ក្នុងសន្និសីទ​សា​រព័ត៌មា​ន វេស្ទើន​ក៏​បង្ហាញ​ផង​ដែរនៅវត្តមាន​កីឡាករ​បរទេស​បី​រូប​ដែលក្នុង​នោះ​​មាន ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា David Njoku ខ្សែការពារ​កណ្តាល​នី​ហ្សេ​រី​យ៉ា Isa Kolax និង​ខ្សែ​បម្រើ​កា​មេ​រ៉ូ​ន Privat Mbarga។

លោក ឡៃ ​សុធា បាន​បញ្ជាក់​ថា ក្រុមគ្រូបង្វឹក និងកីឡាករ​បរទេសមាន​កិច្ច​សន្យា​រយៈពេល​១ឆ្នាំ​ជាមួយ​ក្លិប ខណៈកីឡាករ​ខ្មែរ​ដែល​ភាគច្រើន​ជានិស្សិតរបស់​សាកលវិទ្យាល័យ​មាន​កិច្ច​សន្យា​រយៈពេល​៤​ឆ្នាំ។ អ្នក​អស់​សុទ្ធតែ​ទទួល​បាន​បណ្ណ​សមាជិក​ពី​សាកលវិទ្យាល័យ​វេស្ទើន​ផ្ទាល់។


ទាក់ទង​នឹង​បញ្ហា​កំណត់​លទ្ធផល ការភ្នា​ល់គ្រាប់​បាល់ ត្រូវ​បាន​ប្រធានក្លិប​វេស្ទើន​អះអាង​ថា នឹងមិន​កើតមាន​ឡើយ។ លោក​បាន​បញ្ជាក់ថា៖ «ក្លិបយើង​ស្ថិតក្នុងវិស័យ​អប់រំ ដូច្នេះ​យើង​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​ជួញដូរ ឬភ្នាល់គ្រាប់បាល់។ បើ​អ្នក​សារព័ត៌មាន​ដឹង និងមានភស្តុតាង​ច្បាស់លាស់ទាក់ទងនឹងកីឡាករវេស្ទើន​ដែល​ប្រព្រឹត្តអំពើទាំងនោះ យើង​ខ្ញុំ​នឹង​ជូន​រង្វាន់​ចាប់ពី​១០០ដុល្លារឡើងទៅ។ កីឡាករ​ដែល​ប្រព្រឹត្តនឹង​ត្រូវ​រងការពិន័យ​ធ្ងន់ធ្ងរ។

វេស្ទើន​ក៏មាន​គម្រោង​ផង​ដែរ​រៀបចំ​ឲ្យមាន​ការ​ប្រកួត​ជាមួយ​ក្លិប​លំដាប់​សាកលវិទ្យាល័យ​នៅ​ប្រទេស​កូរ៉េខាងត្បូង និងឥណ្ឌូនេស៊ី ជាដើម។ ចំពោះ​គម្រោង​រៀបចំ​ឲ្យមាន​ការ​ប្រកួត Home/Away វេស្ទើន​កំពុង​ពិភាក្សា និង​ពិចារណា​លើ​ទីតាំង​ចំនួនបី​ដើម្បី​ធ្វើជាទឹក​ដីរបស់​ខ្លួន។

លោក ឡៃ សុធា បាន​បញ្ជាក់ថា៖ «ជា​ជម្រើស​ទីមួយ យើង​ចង់​ចែករំលែក​ស្តាតចាស់​ជាមួយ​ក្រុម​ក្រសួងការពារជាតិ ហើយ​យើង​ជឿជាក់​៧០ភាគរយ​ថា នឹង​ទទួល​បាន​ការអនុញ្ញាត។ ប៉ុន្តែបើជម្រើស​នេះ បរាជ័យ យើង​នឹង​បង្វែទៅ​កាន់ខេត្តកំពង់​ឆ្នាំង ឬក៏ខេត្តពោធិ៍​សាត់»៕  


លោក មាស សំអឿន ប្រគល់​បណ្ណសមាជិក​វេស្ទើនដល់កីឡាករ







© រក្សាសិទ្ធិដោយ thmeythmey.com