ជាតិ
សេដ្ឋកិច្ច
ប្រេងសាំងនៅវៀតណាមឡើងថ្លៃ ប្រហាក់ប្រហែលតម្លៃនៅកម្ពុជាដែរ
13, May 2022 , 8:29 pm        
រូបភាព
ពលរដ្ឋវៀតណាមកំពុងរង់ចាំចាក់សាំងនៅស្ថានីយសាំងមួយកន្លែងក្នុងក្រុងហូជីមិញ ។ រូបថត ៖ Dương Văn Lộc
ពលរដ្ឋវៀតណាមកំពុងរង់ចាំចាក់សាំងនៅស្ថានីយសាំងមួយកន្លែងក្នុងក្រុងហូជីមិញ ។ រូបថត ៖ Dương Văn Lộc
ដោយ ៖ ធន់ សេងហុង 
 
ប្រេងសាំងនៅវៀតណាមកំពុងឡើងថ្លៃកម្រិតខ្ពស់ពុំធ្លាប់មានពីមុនមក។ ក្នុងនោះ ប្រភេទសាំង E5RON92 និងសាំង RON95-III សុទ្ធតែឡើងថ្លៃជិត៣០០០០ដុង(១.២៥ ដុល្លារ) ក្នុងមួយលីត្រ ។ 


នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រេងសាំងនៅវៀតណាម មានការឡើងថ្លៃខ្ពស់ដែលមិនធ្លាប់មានពីមុនមក។ បើតាមកាសែត VnEconomy សាំងដែលពេញនិយមជាងគេគឺជាប្រភេទសាំង E5RON92 ថ្លៃ ២៨,៩៥៩ ដុង/លីត្រ (១.២៥ ដុល្លារ) ខណៈសាំង RON95-III ថ្លៃ ២៩,៩៨៨ ដុង/លីត្រ (១,៣០ ដុល្លារ) ។ 
 
ចំណែកឯប្រេងម៉ាស៊ូត និងប្រេងកាតក៏មានការឡើងថ្លៃដូចគ្នាដែរ ក្នុងនោះ ប្រេងកាតថ្លៃ ២៥.១៦៨ ដុង/លីត្រ(១,០៩ ដុល្លារ)  ហើយប្រេងកាតវិញមានតម្លៃ ២១,៥៦០ ដុង/លីត្រ(០,៩៣ ដុល្លារ)  ។​ នេះបើយោងតាមការចុះផ្សាយរបស់កាសែត VnEconomy កាលពីថ្ងៃទី១១ខែឧសភា។ 
 
ទាក់ទិន​នឹង​មូលហេតុ​នៃ​ការ​ឡើង​ថ្លៃ​សាំង​នេះ អន្តរក្រសួងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុវៀតណាម បាន​ឲ្យ​ដឹង​ថា មកពីទីផ្សារ​ប្រេង​ពិភពលោក​មាន​ការ​ប្រែប្រួល​ខ្លាំង​​កាល​ពី​សប្តាហ៍​មុន។ សហភាពអឺរ៉ុបបានស្នើឱ្យមានការហ៊ុមព័ទ្ធលើផលិតផលប្រេងពីប្រទេសរុស្ស៊ី ខណៈអង្គការ OPEC+ មិនបានបង្កើនទិន្នផលប្រេងសាំង តាមផែនការ របស់សហភាពអឺរ៉ុប ដែលបានស្នើសុំ និងព្រួយបារម្ភឡើយ។
 
ក្រៅពីតម្រូវការប្រេងឆៅបានកើនឡើងនៅទូទាំងពិភពលោកហើយ សហរដ្ឋអាមេរិក ក៏បានប្រកាសផែនការទិញប្រេង ៦០លានបារ៉ែល ដើម្បីបំពេញទុកបម្រុងក្នុងគ្រាអាសន្ន។ កត្តា​ខាង​លើ​បាន​ជំរុញ​ឲ្យ​តម្លៃ​ផលិតផល​ប្រេង​សម្រេច​ឡើង​ថ្លៃ​ធៀប​នឹង​សប្តាហ៍​មុន ។ នេះបើតាមកាសែត VnEconomy។
 
ដើម្បីគាំទ្រដល់ផលិតកម្ម ,សកម្មភាពអាជីវកម្មរបស់សហគ្រាស និងជីវភាពពលរដ្ឋខ្លួន អន្តរក្រសួងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុវៀតណាម បានប្រើប្រាស់មូលនិធិស្ថេរភាពតម្លៃ (BOG) ដើម្បីកំណត់តម្លៃ​ប្រេងនិង​សាំង ​ដែលមាន​អត្រា​កើនឡើង​ចាប់ពី ១០០-១.៥០០ ដុង/លីត្រ។ 
 
ការប្រើប្រាស់មូលនិធិ BOG នេះ ដើម្បីរារាំងការកើនឡើងថ្លៃប្រេងសាំងក្នុងស្រុក និងធានានៅស្ថេរភាពតម្លៃប្រេងសាំង នាពេលខាងមុខ ក្នុងបរិបទតម្លៃប្រេងពិភពលោក មានភាពស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។
 
សូមជម្រាបជូនថា នៅកម្ពុជា​ក៏មានការឡើងថ្លៃប្រេងសាំងផងដែរ។ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែឧសភា ដោយសាំងធម្មតាលក់តម្លៃ ៥,៥៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតត្រូវលក់ ៥,៨០០រៀលក្នុងមួយលីត្រ៕
 

Tag:
 សាំង
  វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com