ជាតិ
ការនាំចេញស្វាយទៅទីផ្សារចិន ត្រូវរាំងស្ទះដោយសារខ្វះមធ្យោបាយដឹកជញ្ជូន
13, May 2022 , 8:59 pm        
រូបភាព
ភ្នំពេញ៖ ការនាំចេញស្វាយ របស់កម្ពុជាទៅកាន់ទីផ្សារចិន ត្រូវរាំងស្ទះដោយសារកង្វះមធ្យោបាយដឹកជញ្ជូន។ ថ្មីៗនេះ ក្រុមហ៊ុន វិនិយោគដំណាំស្វាយធំមួយនៅខេត្តស្ទឹងត្រែង បានបង្ហាញក្ដីកង្វល់ ពាក់ព័ន្ធនឹងបញ្ហាដឹកជញ្ជូនឡើងថ្លៃ និងកង្វះទូកុងតឺន័រ។



ក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលជ័រ នៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ បានឱ្យដឹងថា បញ្ហាដឹកញ្ជូន គឺជាឧបសគ្គរាំងស្ទះដល់ដំណើរការនាំចេញស្វាយទៅកាន់ប្រទេសចិន។ លើសពីនេះ ក្រុមហ៊ុន ក៏បាន​ព្យាយាមរៀបចំទូត្រជាក់ ស្ដុកទុក ដើម្បីកាត់បន្ថយការចំណាយថ្លៃដើមផងដែរ។
 
ក្រុមហ៊ុននេះ បានចំណាយទឹកប្រាក់ប្រមាណ ៧០លានដុល្លារ វិនិយោគដាំស្វាយលើផ្ទៃដី ១ ២០០ ហិកតា ស្មើនឹង១២ភាគរយប៉ុណ្ណោះ ខណៈផែនការមេចំនួន ៩ ៧៧២,១១៧៦ ហិកតា។


សកម្មភាពចុះពិនិត្យចំការស្វាយ របស់ក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលជ័រ (រូបភាពពី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម 

បច្ចុប្បន្ន ក្រុមហ៊ុននេះ មានកម្មករ ២០៥នាក់ ដែលជាប្រមូលផល និងវេចខ្ចប់។ ផលិតផលស្វាយទាំងនេះ ត្រូវនាំចេញទៅប្រទេសចិន ឆ្លងកាត់វៀតណាម ថៃ និងកំពង់ផែក្រុងព្រះសីហនុ។ 
ជុំវិញបញ្ហានេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តឱ្យក្រុមហ៊ុនប្រឹងប្រែងផលិតបន្ថែមទៀត ជាពិសេសអនុវត្តនីតិវិធីភូតគាមអនាម័យ។ លោក បញ្ជាក់ថា បញ្ហាដឹកជញ្ជូននេះ មិនមែនកើតមានតែកម្ពុជានោះ វាគឺជាបញ្ហាសកលដែលមិនអាចចៀសវាងបាន។
 
រដ្ឋមន្រ្តីក្រសួងកសិកម្ម លើកឡើងដូច្នេះ៖«ភាពជោគជ័យនេះ មិនមែនសម្រាប់តែក្រុមហ៊ុនទេ គឺសម្រាប់សេដ្ឋកិច្ចជាតិ និងពលរដ្ឋមូលដ្ឋាន តាមរយៈការបង្កើតការងារ ចំណូល គ្មានចំណាកស្រុក។ ដូច្នេះ ខ្ញុំគាំទ្រក្រុមហ៊ុនបន្តខិតខំផលិតបន្ថែមទៀត»។
 
គួរបញ្ជាក់ថា នៅឆ្នាំ២០២១ កម្ពុជា​ បាននាំចេញស្វាយស្រស់ប្រមាណ ២៤២៤៨៣,៧៦តោន ភាគច្រើននាំទៅវៀតណាម និងថៃ ខណៈចិន មាន៤៧៧២តោន៕  
 


 
 

Tag:
 ស្វាយ
  ស្ទឹងត្រែង
  ទីផ្សារចិន
© រក្សាសិទ្ធិដោយ thmeythmey.com