ជាតិ
បន្ទាប់ពីមៀនប៉ៃលិន និងចេកអំបូងលឿង ខេត្តប៉ៃលិនគ្រោង​នាំចេញការ៉ុត​ទៅទីផ្សារកូរ៉េខាងត្បូង
14, May 2022 , 8:59 am        
រូបភាព
 លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន និងតំណាងក្រុមហ៊ុន ហ៊ុន Koima
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន និងតំណាងក្រុមហ៊ុន ហ៊ុន Koima
 ភ្នំពេញ៖ ការ៉ុត ក្លាយជាដំណាំសក្ដានុពលថ្មីមួយរបស់ខេត្តប៉ៃលិន បន្ទាប់ពីមៀនប៉ៃលិន និងចេកអំបូងលឿង។ នាពេលថ្មីៗនេះ ក្រុមហ៊ុនកូរ៉េមួយ បានសិក្សា និងបញ្ជាទិញ ការ៉ុតប្រមាណ ៤០តោនក្នុងមួយខែពីខេត្តកសិកម្មមួយនេះ។


 
ការ៉ុត ត្រូវបានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន​ ដាក់ឱ្យដាំសាកល្បងលើកដំបូងក្នុងឆ្នាំ ២០២១។ ដំណាំប្រភេទនេះ មានទីផ្សារខ្ពស់ ខណៈការផលិតមានចំនួនតិចតួចនៅឡើយ ដែលទាមទារឱ្យកសិករពង្រីកការដាំដុះបន្ថែមទៀត ដើម្បីបំពេញតម្រូវក្នុងស្រុក និងការនាំចេញ។


 
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បានលើកឡើងថា នាពេលថ្មីៗនេះ លោក បាន​ជួប​ពិភាក្សាការងារជាមួយក្រុមហ៊ុន Koima ដែលជាក្រុមហ៊ុននាំចូលផលិតផលកសិកម្មពីបណ្តាប្រទេសផ្សេងទៅកូរ៉េ អំពីលទ្ធភាពនាំចេញដំណាំសក្ដានុពល ៤ប្រភេទ។ បើតាមប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន ដំណាំសក្ដានុពល ​រួមមាន ការ៉ុត មៀនប៉ៃលិន ស្វាយកែវរមៀត និងចេកអំបូងលឿង។
 
ជំហានដំបូងភាគីប្រទេសកូរ៉េ ចង់ប្រមូលទិញ ការ៉ុតប្រមាណ ៤០តោនក្នុងមួយខែ។ លោក សាយ សុផាត អះអាងថា ការ៉ុត ងាយស្រួលនាំចេញទៅទីផ្សារកូរ៉េ ជាងដំណាំផ្សេង ដោយសារប្រទេសនេះ កំពុងខ្វះខាត។ បើតាមលោក  សុផាត យ៉ាងយូរខែមិថុនា កម្ពុជានឹងឈានដល់ការនាំចេញការ៉ុតដោយផ្ទាល់ទៅកាន់ប្រទេសកូរ៉េ។
 
 កសិករនាខេត្តប៉ៃលិន ចាប់ផ្ដើមដាំការ៉ុត ក្នុងរយៈពេល ២ឆ្នាំចុងក្រោយ​នេះ ដែលទំហំផលិតនៅទាបនៅឡើយ ខណៈការបញ្ជាពីកូរ៉េនេះក្នុងទំហំច្រើន។ ដើម្បីបង្រ្គប់ទីផ្សារក្រៅប្រទេស មន្រ្តីកសិកម្មខេត្ត​ប៉ៃលិន ត្រូវប្រមែប្រមូលទិញពីតំបន់ ឬខេត្តផ្សេង។
 
ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន ប្រាប់សារព័ត៌មានថ្មីៗ២៥ ដូច្នេះ៖«ខាងកូរ៉េ គេចាប់អារម្មណ៍ខ្លាំងលើដំណាំការ៉ុត ព្រោះប្រទេសកំពុងត្រូវការ។ អ៊ីចឹង គាត់ឱ្យយើងប្រមូលទិញតែម្ដង។ មួយខែគេបញ្ជាទិញ ៤០តោន ហើយខាងយើង មានមិនដល់អ្វីដែលគេចង់បានទេ ដោយសារនៅប៉ៃលិន ទើបតែសាកល្បងដាំនៅឆ្នាំ ២០២១នេះទេ។ អ៊ីចឹង មានតែប្រមូលទិញពីខេត្តប៉ៃលិនខ្លះ និងតំបន់ផ្សេងៗខ្លះ ដើម្បីឱ្យបានគ្រប់ ៤០តោន»។
 
ការសាកល្បងដាំដំណាំ​ការ៉ុត លើកដំបូងទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ដោយសារប៉ៃលិន មានដីល្អ សមស្របនឹងដំណាំប្រភេទនេះ។ ប្រធានមន្ទីរកសិកម្មរូបនេះ ជំរុញឱ្យកសិករពង្រីកការដាំដុះបន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញទៅទីផ្សារអន្តរជាតិ៕ 
 
 
 

Tag:
 កសិកម្ម
  ការ៉ុត
  កសិកម្មប៉ៃលិន
© រក្សាសិទ្ធិដោយ thmeythmey.com