អន្តរជាតិ
ប្រមុខការពារជាតិអូស្រ្តាលី៖ នាវាចារកិច្ចចិន បានបង្ហាញវត្តមានក្បែរមូលដ្ឋានយោធាអូស្រ្តាលី
13, May 2022 , 5:38 pm        
រូបភាព
លោក Peter Dutton ប្រមុខការពារជាតិអូស្រ្តាលី។ រូបភាព៖ AFP
លោក Peter Dutton ប្រមុខការពារជាតិអូស្រ្តាលី។ រូបភាព៖ AFP
រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី Peter Dutton បានថ្កោលទោសចិន បន្ទាប់ពីនាវាយកការណ៍សម្ងាត់ចិនបានធ្វើប្រតិបត្តិការនៅក្បែរឆ្នេរភាគខាងលិចរបស់ខ្លួន ដែលជាតំបន់ប្រមូលផ្តុំដោយមូលដ្ឋានយោធា។ លោក Dutton អះអាងថា យោធាចិន បានបង្ហាញសកម្មភាពយ៉ាងគឃ្លើន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៣ ខែឧសភា។

 
ក្នុងសន្និសីទសារព័ត៌មានមួយ រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក Peter Dutton បានបង្ហាញពីវត្តមាននាវាយកការណ៍សម្ងាត់មួយគ្រឿងរបស់ចិន ដែលបានបើកចូលមកក្បែរមូលដ្ឋានយោធាខ្លួន។ លោក Dutton បានអះអាងថា វត្តមាននាវាយោធាចិននោះ បានកើតឡើងនៅសប្តាហ៍មុន ឬក្នុងរយៈពេលនោះ។
 
«ពិតប្រាកដណាស់ គោលបំណងរបស់វា គឺដើម្បីប្រមូលព័ត៌មានចារកិច្ចនៅតាមបណ្តោយឆ្នេរ»។ ប្រមុខការពារជាតិអូស្រ្តាលី បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា នាវានោះ បានធ្វើដំណើរមកយ៉ាងជិតនៃមូលដ្ឋានយោធា និងចារកិច្ចអូស្រ្តាលី នៅឆ្នេរភាគខាងលិច។ បើតាមលោក Dutton វាមិនធ្លាប់មានពីមុនឡើយ ដែលនាវាចិនធ្វើដំណើរបែបនេះ ហើយកម្លាំងការពារជាតិអូស្រ្តាលី បានតាមដានយ៉ាងដិតដល់ ដោយមានទាំងយន្តហោះផង។ 
 
ទាក់ទិននឹងបញ្ហានេះ រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី បានចាត់ទុកយោធាចិនបានប្រព្រឹត្តសកម្មភាពយ៉ាងគឃ្លើន។ នាវានោះ ត្រូវបានអូស្រ្តាលី កំណត់អត្តសញ្ញាណបានថា នាវាជាប្រភេទ Dongdiao ឈ្មោះ Haiwangxing។ 
 
នៅឆ្នេរភាគខាងលិច អូស្រ្តាលីមានមូលដ្ឋានយោធាជាច្រើន ដោយក្នុងនោះរួមទាំងមូលដ្ឋានទ័ព  Exmouth ដែលអាចគាំទ្រប្រតិបត្តិការនាវាមុជទឹករបស់អូស្រ្តាលី និងអាម៉េរិក។ 
 
តាមរយៈសេចក្តីថ្លែងការណ៍មួយរបស់យោធាអូស្ត្រាលី អូស្រ្តាលីគោរពសិទ្ធិរបស់រដ្ឋទាំងអស់ ក្នុងការធ្វើនាវាចរណ៍ដោយសេរី និងហោះហើរ នៅដែនទឹក និងដែនអាកាសអន្តរជាតិ ប៉ុន្តែលុះត្រាតែប្រទេសទាំងនោះ គោរពសិទ្ធិរបស់អូស្រ្តាលីដែរ។ កម្លាំងការពារជាតិបានបញ្ជាក់ថា ខ្លួននឹងបន្តឃ្លាំមើលប្រតិបត្តិការនាវាប្រទេសផ្សេង ក្នុងដែនទឹកអូស្រ្តាលី។ 
 
គួររម្លឹកថា នៅក្នុងខែកុម្ភៈកន្លងទៅ អូស្រ្តាលីបានចោទប្រកាន់នាវាចម្បាំងចិនថា ធ្វើសកម្មភាពគ្រោះថ្នាក់ និងខ្វះការប្រុងប្រយ័ត្ន បន្ទាប់ពីបាញ់កាំរស្មីឡាស៊ែរដាក់យន្តហោះយកការណ៍របស់ខ្លួន។ ប៉ុន្តែការចោទប្រកាន់នោះ ត្រូវបានចិនបដិសេធ៕ 
 

Tag:
 អូស្រ្តាលី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com