ជាតិ
ក្នុងខែមេសា សម្តេច ស ខេង បានដោះស្រាយសំនូមពរជូនប្រជាពលរដ្ឋ ៦៧ករណី
13, May 2022 , 6:19 pm        
រូបភាព
សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ។ រូបពី ហ្វេសប៊ុកសម្ដេច ស ខេង
សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ។ រូបពី ហ្វេសប៊ុកសម្ដេច ស ខេង
ដោយ៖វ៉ន ស៊ីចេន
 
ភ្នំពេញ៖ នៅខែមេសានេះ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានដោះស្រាយសំណើ និងបញ្ហានានា ដល់ប្រជាពលរដ្ឋ ដែលស្នើសុំលើទំព័រហ្វេសប៊ុករបស់ខ្លួនបាន៦៧ករណី ហើយកំពុងពិនិត្យ១១៨ករណីទៀត។ នេះបើតាមការចេញផ្សាយលើទំព័រហ្វេសប៊ុករបស់សម្ដេច ស ខេង។

 
មតិយោបល់ សំណូមពរ​ និងបញ្ហានានា ពីគណនីហ្វេសប៊ុកប្រជាពលរដ្ឋចំនួន៧០គណនី ស្នើនឹង៧០ករណី ដែលស្ថិតក្រោមដែនសមត្ថកិច្ចដោះស្រាយរបស់ក្រសួងមហាផ្ទៃ បានស្នើសុំសម្ដេច ស ខេង ជួយដោះស្រាយនៅក្នុងខែមេសានេះ។ ជាមួយគ្នាដែរ ក្រុមការងារសម្ដេច ស ខេង បានជួយដោះស្រាយ៦៧ករណី។ 
 
កាលពីថ្ងៃទី១១ឧសភានេះ សម្ដេច ស ខេង បានបង្ហាញទិន្នន័យនៃការដោះស្រាយសំណុំលើទំព័រហ្វេសប៊ុកសម្ដេចថា នៅមានសំណុំរឿង១៨៨ករណី កំពុងត្រូវបានក្រុមការងារ ពិនិត្យមើល។ ចំពោះលទ្ធផលដែលសម្រេចបានកន្លងមក គឺដោយសារការខិតខំប្រឹងប្រែង រវាងមន្រី្តថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិក្រសួងមហាផ្ទៃ រួមជាមួយក្រុមការងារគេហទំព័រហ្វេសប៊ុករបស់សម្ដេច។ 
 
យ៉ាងណាក្ដី សម្ដេច ស ខេង បានស្នើដល់មន្រី្តពាក់ព័ន្ធបន្ថែមយ៉ាងដូច្នេះ៖​ «ខ្ញុំសុំឲ្យថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃទាំងអស់ គប្បីខិតខំពន្លឿនការដោះស្រាយហើយការដោះស្រាយទាំងអស់នោះត្រូវតែធានាឱ្យបានល្អគ្រប់ជ្រុងជ្រោយពិតប្រាកដនៃបញ្ហានិងចប់ចុងចប់ដើមដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជាតាមបែបបទរដ្ឋបាលនោះទេ»។ 
 
ជាមួយគ្នាដែរ រដ្ឋមន្រី្តក្រសួងមហាផ្ទៃ បានកោតសសើរនិងអរគុណដល់ពលរដ្ឋ ដែលបានផ្ដល់ជាមតិយោបល់ និងសំណូមពរតាមទំព័រហ្វេសប៊ុក ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ។ លើសពីនេះ គឺជាផ្នែកមួយជួយសម្រួលជីវភាពរស់នៅរបស់ពលរដ្ឋ និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិ។
 
ដោយឡែក គណនីដែលនៅសល់ក្នុងឆ្នាំ២០២១ ក្រុមការងារសម្ដេច នឹងដោះស្រាយបន្តទៀត ហើយស្នើសុំការយោគយល់។ សំណុំរឿងក្នុងឆ្នាំ២០២១ មានមិនទាន់បានពិនិត្យ៦៥០ករណី, កំពុងពិនិត្យដោះស្រាយមាន៥២៥ករណី និងបានដោះស្រាយរួម១២៥ករណី៕ 
 

Tag:
 សម្ដេច ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com