ជាតិ
លោក ហួត ខាន់ លើកទឹក​ចិត្ត​យុវជនជនជាតិដើមភាគតិចពង្រឹងបទពិសោធន៍តាមរយៈការងារស្ម័គ្រ​ចិត្ត
14, May 2022 , 9:59 am        
រូបភាព
ដោយ៖ ហេង ស្រីលីន

រតនគិរី៖ យុវជនដែលជាជនជាតិភាគតិច មិនសូវទទួលបានឱកាសសិក្សាពេញលេញ ដូចយុវជនខ្មែរទូទៅឡើយ ព្រោះតែកតា្តជីវភាព មធ្យាបាយធ្វើដំណើរ និងទំនៀមទម្លាប់ ជាដើម​។ ​យុវជនទាំងនោះ ភាគច្រើនត្រូវបានឪពុកម្តាយបង្ខំឱ្យរៀបការទាំងវ័យក្មេង ដើម្បីបានកម្លាំងពលកម្មធ្វើស្រែចម្ការ។  ជុំវិញ​បញ្ហាទាំងនេះ លោក ហួន ខាន់ ស្ថាបនិកក្រុមយុវជនជនជាតិដើមភាគតិចព្រៅ បានលើកទឹកយុវជនជនជាតិភាគតិចទាំងអស់ ឱ្យចូលរួមធ្វើ ការងារស្ម័គ្រចិត្ត ដើម្បីជួយអភិវឌ្ឍសហគមន៍ និងបានឱកាសរៀនសូត្រកាន់តែច្រើន។

 
លោក ហួត ខាន់  ចង់ឃើញយុវជនជនជាតិដើមភាគតិចទាំងអស់ ​ទទួលបានឱកាសរៀនសូត្រច្រើន ទៅតាមជំនាញដែលខ្លួនពេញចិត្ត ដើម្បីក្លាយជាធនធានមនុស្សចូលរួមអភិវឌ្ឍសហគមន៍។ ដើម្បីក្លាយជាធនធានមនុស្សសម្រាប់សហគមន៍ លោក ខាន់ ជំរុញឱ្យយុជនជនជាតិដើមភាគតិចទាំងអស់ ត្រូវប្រឹងប្រែងរៀនសូត្រ ចូលរួមកិច្ចការក្នុងសង្គម និងចែករំលែកបទពិសោធន៍ចំណេះដឹង និងការងារដល់យុវជនជំនាន់ក្រោយ ដើម្បីកសាងធនធានមនុស្សឱ្យបានកាន់តែច្រើន។


 យុវតីលេក ការី_ ជនជាតិដើមភាគតិចព្រៅ ដែលទទូលបានឱកាសកាន់តំណែងមួយថ្ងៃជាអគ្គរដ្ឋទូតឥណ្ឌប្រចាំកម្ពុជា កាលពីថ្ងៃទី២៩មីនា ឆ្នាំ២០២២។ រូបថត៖ផ្តល់ដោយ លេក_ ការី  
 
ស្ថិតនៅបរិវេណវិទ្យាល័យបរកែវខេត្តរតនគិរី បុរសដែលប្រឡូកការងារស្ម័គ្រចិត្តប្រមាណ៥ឆ្នាំមកនេះ ​បាននិយាយមកកាន់សារព័ត៌មានថ្មីៗ(ThmeyThmey)បែបនេះថា ៖ «ការចូលរួមធ្វើការងារស្ម័គ្រចិត្ត នៅក្នុងសង្គម គឺវាខាតទេ! ពេលហ្នឹងហើយ គឺជាឱកាសរៀនសូត្ររបស់យើង ​បានកាន់តែច្រើន!»។ 
 
ទន្ទឹមគ្នានេះ លោក ហួត ខាន់  ក៏បានចងក្រងក្រុមយុវជនជនជាតិដើមភាគតិចព្រៅ ដើម្បីចូលរួមថែរក្សា​ប្រពៃណី និងវប្បធម៌ជនជាតិផងដែរ។  ពិសេសគឺដើម្បីចែករំលែកនូវឱកាសសិក្សាល្អ​នានានៅភ្នំពេញ ដល់យុវជនជនជាតិដើមភាគតិចតែម្តង។ «ឥឡូវនេះ យើងមានយុវជនជនជាតិដើមភាគតិចយើង ប្រមាណ៦០នាក់ដែរ។ អ្វីដែលយើងចែករំលែកជាមួយពួកគាត់នោះ គឺទាក់ទងនឹងឱកាសមួយចំនួន ពីរៀមច្បង»។ នេះជាការលើកឡើងរបស់លោក ហួន ខាន់​ ដោយបន្តរៀបរាប់ថា៖ «សិស្សច្បងដែលរៀននៅភ្នំពេញ នៅពេលដែលពួកគាត់ដឹង ឱកាសទទួលបានអាហារូបករណ៍សិក្សានៅភ្នំពេញ លើមុខវិទ្យាណាមួយ នៅសាលាណា នោះពួកគាត់ដឹងចែករំលែកដល់សិស្សប្អូន នៅមូលដ្ឋានរបស់ពួកគាត់។ ក្រៅពីនោះ ចំពោះយុវជនដែលបោះបង់ការសិក្សា យើងលើកទឹកចិត្តឱ្យ​ពួកគាត់ រកចំណេះជំនាញវិជ្ជាជីវៈមួយច្បាស់លាស់ ដោយឈប់ពឹងផ្អែកទាំងស្រុងលើរបរកសិកម្ម»។ 
 
បើតាមស្ថាបនិកក្រុមយុវជនជនជាតិដើមភាគតិចព្រៅ វ័យ២៧ឆ្នាំរូបនេះ បច្ចុប្បន្នមានយុវជនជនជាតិដើមភាគតិច​ ជាពិសេសគឺយុវតីបានខិតខំរៀនសូត្រ និងចូលរួមផ្សព្វផ្សាយពាក់ព័ន្ធនឹងការអប់រំ នៅតាមសហគមន៍ និងនៅតាមភូមិនានា។ រយៈពេល២-៣ឆ្នាំចុងក្រោយនេះ យុវជនជន ជនជាតិដើមភាគតិចមួយចំនួន បានចាប់យកការសិក្សាជាអាទិភាព ជាងការរៀបអាពាហ៍ពិពាហ៍ ព្រោះតែឪពុកម្តាយរបស់ពួកគេ ក៏បានយល់ដឹងច្រើន ពីតម្លៃនៃការសិក្សា។  
 
លោក ហួន ខាន់ បាននិយាយដូច្នេះ៖ «នៅពេលសហគមន៍របស់យើង ចាប់ផ្តើមយល់ដឹងពីបញ្ហានេះ ហើយមានការគាំទ្រច្រើន ក្នុងការលើកកម្ពស់អប់រំដល់យុវជនជនជាតិដើមភាគតិច! នោះសហគមន៍យើងនឹងរីកចម្រើន ទាំងគ្រួសារ សេដ្ឋកិច្ច និងខ្លួនឯង។ លើសពីនេះ ពួកគេក៏អាចកាត់បន្ថយពីប្រពៃណី ដោយការរៀបការទាំងវ័យក្មេង ផងដែរ»។ លោកសង្ឃឹមថា ទំនោរនេះ នឹងមានការកើនឡើង សម្រាប់យុវជនជនជាតិដើមភាគតិច ជាពិសេស អ្នករស់នៅតាមសហគមន៍ ឬនៅតំបន់ដាច់ស្រយាល។
 
សម្រាប់យុវតី លេក ការី ដែលជាកូនស្រីជនជាតិដើមភាគតិចព្រៅ បានយល់ដឹងច្បាស់ពីតម្លៃនៃការងារស្ម័គ្រចិត្ត ដែលអាចឱ្យទទួលបានឱកាសរៀនសូត្របានកាន់តែច្រើន។​​​ ការី តែងតែឆ្លាតពេលទំនេរពីការសិក្សា ​ឬ​យកពេលថ្ងៃសៅរ៍-អាទិត្យ  ដើម្បីផ្សព្វផ្សាយការអប់រំ និងការស្ម័គ្រចិត្តនានា នៅសហគមន៍របស់ខ្លួន ​នៃស្រុកតាវែង ខេត្តរតនគិរី ដោយនាងចូលប្រឡូកការងារស័្មគ្រចិត្ត ជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា ចាប់តាំងពីចុងឆ្នាំ២០១៩មក។ 
 
«ខ្ញុំរៀននៅសាលារដ្ឋ គឺមានពេញម៉ោង និងពេញសប្តាហ៍តែម្តង។ មានពេលតែសៅរ៍-អាទិត្យ ដែលខ្ញុំអាចឆ្លៀតទៅធ្វើកិច្ចការសហគមន៍​ ហើយការងារសហគមន៍ វាមិនត្រឹមតែមានមួយមុខ សម្រាប់យើងធ្វើ គឺវាច្រើនមែនទែន»។ នេះជាការលើកឡើងរបស់ការី។ យុវតីវ័យ១៩ឆ្នាំ ​មកវិទ្យាល័យតាវែង បន្តនិយាយដូច្នេះ៖ « យើងរៀនផង! ធ្វើការផង! ពេលខ្លះវាហត់ក៏ពិតមែន! ប៉ុន្តែខ្ញុំគិតថាវាមិនមែនជាបញ្ហានោះទេ​ ព្រោះគ្មានអ្វីបានមកដោយស្រួលនោះទេ។ បើយើងចង់បានជីវិតមួយដ៏ល្អ​ប្រសើរ អ៊ីចឹងវាត្រូវតែយើងត្រូវលះបង់​ពេលវេលា និងកម្លាំងកាយ និងទឹកចិត្ត»។​
 
យុវតីជនជាតិដើមភាគតិចព្រៅរូបនេះ តាមរយៈពេលស្ម័គ្រចិត្ត ក្នុងការផ្សព្វផ្សាយការអប់រំដល់កុមារ-យុវជន, ការងារជួយលើកកម្ពស់សុវត្ថិភាពដល់ក្មេងស្រីក្នុងសហគមន៍, ជាអ្នកតំណាងក្នុងតស៊ូមតិ លើបញ្ហាអ្វីមួយជាមួយអ្នកនាំនៅភូមិ-ឃុំ ឬថ្នាក់ជាតិ រួមទាំងការងារស្ម័គ្រចិត្តផ្សេងៗទៀត ឱ្យនាងទទួលបានឱកាសកាន់តំណែងមួយថ្ងៃ ជាអគ្គរដ្ឋទូតឥណ្ឌប្រចាំកម្ពុជា កាលពីថ្ងៃទី២៩មីនា ឆ្នាំ២០២២​។ ក្រៅពីនេះ​នាង ក៏ទទួលឱកាសរៀនសូត្រនូវវគ្គខ្លី ក្នុងការរាយការណ៍ព័ត៌មាន, ភាពជាដឹកនាំ, ទទួលបានឱកាសចូលរួមសិក្ខាសាលា និងប្រជុំក្នុងក្របខណ្ឌថ្នាក់ឃុំ-ស្រុក និងថ្នាក់ជាតិ ផងដែរ។ 
 
កញ្ញា លេក ការី បាននិយាយដូច្នេះ៖ « មានការកែអប់រំទេ ដែលអាចលើកកម្ពស់ការយល់ដឹង អំពីផលប៉ះពាល់នៃអាពាហ៍ពិពាហ៍នៅក្មេងវ័យ នៅក្នុងសហគមន៍ និងអាចផ្លាស់ប្តូរផ្នត់គំនិត របស់ឪពុកម្តាយបាន។ ដើម្បីទទួលបានការអប់រំ និងចំណេះដឹងសម្បូរបែប យើងគួរចូលរួមធ្វើការងារស្ម័គ្រចិត្តឱ្យច្រើន ព្រោះការងារសង្គមដែលយើងស្ម័គ្រចិត្តធ្វើ វាផ្តល់ទាំងចំណេះដឹង​ និងបទពិសោធន៍ល្អៗ ដែលបន្ថែមលើអ្វីដែលគ្រូផ្តល់ឱ្យយើង នៅក្នុងសាលា»៕ 
 
 

Tag:
 ៖​អប់រំ
  ជនជាតិដើមភាគតិច​
  រតនគិរី
  ហួន ខាន់
  លេក ការី
© រក្សាសិទ្ធិដោយ thmeythmey.com