អន្តរជាតិ
អាម៉េរិកថា ខ្លួននឹងបន្តការប្ដេជ្ញាចិត្តចំពោះអាស៊ានរាប់ជំនាន់ទៅមុខទៀត
14, May 2022 , 11:14 am        
រូបភាព
ជំនួបពិសេសអាស៊ាន-អាម៉េរិកនៅរដ្ឋធានីវ៉ាស៊ីនតោន។ រូបថត AFP
ជំនួបពិសេសអាស៊ាន-អាម៉េរិកនៅរដ្ឋធានីវ៉ាស៊ីនតោន។ រូបថត AFP
មេដឹកនាំអាម៉េរិក នៅថ្ងៃទី១៣ ខែឧសភា បានប្រកាសការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្លុក១០ប្រទេសនេះរយៈពេលយូរទៅមុខទៀត ស្របពេលដែលចិនកំពុងបញ្ជ្រាបឥទ្ធិពលរបស់ខ្លួនចូលក្នុងតំបន់ដូចគ្នា។ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ផ្ទាល់ ចាត់ទុកជំនួបពិសេសជាមួយមេដឹកនាំអាស៊ានលើកនេះ ជាការចាប់ផ្ដើមសករាជថ្មីក្នុងទំនាក់ទំនងអាស៊ាន-អាម៉េរិកទៀតផង។

 
«ប្រវត្តិសាស្រ្តពិភពលោករបស់យើងនៅ៥០ឆ្នាំខាងមុខ នឹងត្រូវបានសរសេរនៅអាស៊ីអាគ្នេយ៍ ហើយរបស់យើងជាមួយអ្នក គឺអនាគតនៅច្រើនឆ្នាំ និងទសវត្សរ៍ខាងមុខៗ។» ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ថ្លែងបែបនេះទៅកាន់មេដឹកនាំអាស៊ាននាថ្ងៃទី២ នៃជំនួបពិសេសអាស៊ាន-អាម៉េរិកនៅរដ្ឋធានីវ៉ាស៊ីនតោន។ លោកបន្តថា តំបន់ដែលសេរី បើកចំហ មានវិបុលភាព អត់ធន់ និងមានសន្តិសុខ ជាអ្វីដែលមេដឹកនាំទាំងអស់ចង់បាន។
 
នេះជាជំនួបលើកទី២ នៅទឹកដីអាម៉េរិករវាងប្រធានាធិបតីអាម៉េរិក និងបណ្ដាមេដឹកនាំអាស៊ាន គិតតាំងពីលើកដំបូងក្នុងឆ្នាំ២០១៦ មក។ ប៉ុន្តែមេដឹកនាំអាស៊ាន៨ប្រទេសចូលរួម ដោយប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ជាប់កិច្ចការក្នុងប្រទេស ហើយប្រមុខរបបយោធាមីយ៉ាន់ម៉ា មិនត្រូវបានអញ្ជើញឡើយ។
 
អំឡុងជំនួបពិសេស រដ្ឋបាលលោក បៃឌិន ក៏ប្រកាសកញ្ចប់លុយ១៥០លានដុល្លារសម្រាប់អាស៊ីអាគ្នេយ៍ ដោយផ្ដោតលើការគាំទ្រសន្តិសុខលម្ហសមុទ្រ បរិស្ថាន និងការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ និងបទល្មើសផ្សេងទៀត។ ជាមួយនឹងជំនួប និងការប្រកាសកញ្ចប់ជំនួយនេះ អាម៉េរិកទំនងសង្ឃឹមអាស៊ាន នឹងជឿជាក់ពីការបន្តវត្តមានរបស់ខ្លួនក្នុងតំបន់ដែលចំកណ្ដាលនៃភូមិសាស្រ្តនយោបាយ និងការវិវឌ្ឍស្ថានការណ៍ពិភពលោកនៅថ្ងៃមុខ។
 
«យើងចាប់ផ្ដើមសករាជថ្មីក្នុងទំនាក់ទំនងអាម៉េរិក-អាស៊ាន។» ប្រមុខរដ្ឋអាម៉េរិកបញ្ជាក់បែបនេះក្នុងជំនួបកំពូលរៀបចំនៅក្រសួងការបរទេសអាម៉េរិក។
 
មុនជំនួបនេះ អនុប្រធានាធិបតីអាម៉េរិក កាម៉ាឡា ហារីស ក៏រៀបចំកម្មវិធីអាហារថ្ងៃត្រង់ទទួលមេដឹកនាំអាស៊ានផងដែរ។ លោកស្រី ហារីស អះអាងថា អាម៉េរិកបន្តប្ដេជ្ញាចិត្តរយៈពេលវែងក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយរដ្ឋបាលលោក បៃឌិន ទទួលស្គាល់សារសំខាន់ផ្នែកយុទ្ធសាស្រ្ត និងតួនាទីរបស់តំបន់នេះ ដែលនឹងកើនឡើងជាបន្តបន្ទាប់៕
 
 
 
 
 
 

Tag:
 អាម៉េរិក
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com