អន្តរជាតិ
លោក គីម ថា កូរ៉េខាងជើងជួបវិបត្តិដ៏ធំ ខណៈមនុស្ស២១នាក់ទៀតស្លាប់ដោយសារជំងឺកូវីដ-១៩
14, May 2022 , 1:58 pm        
រូបភាព
រូបថត_ AFP
រូបថត_ AFP
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) នៅថ្ងៃទី១៤ ខែឧសភាបានរាយការណ៍ពីចំនួនអ្នកស្លាប់ថ្មី​ដោយសារជំងឺកូវីដ-១៩ រហូតដល់២១នាក់បន្ថែមទៀតនៅ២៤ម៉ោងចុងក្រោយ ដែលជាសញ្ញាបង្ហាញពីការរាលដាលជំងឺនេះក្នុងប្រទេសដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយមួយនេះ។ លោក គីម ជុងអ៊ុន ក៏កោះប្រជុំបន្ទាន់មួយទៀតដើម្បីពិភាក្សាពីការចែកចេញថ្នាំព្យាបាល​ឱ្យទាន់ពេល និងតម្រូវការ​ប្រើ​វិធីសាស្ត្រព្យាបាលអ្នកជំងឺតាមបែបវិទ្យាសាស្ត្រផង។

 
«ក្នុងថ្ងៃទី១៣ ខែឧសភា ករណីក្ដៅខ្លួនថ្មីចំនួន១៧ម៉ឺនករណី ត្រូវបានរាយការណ៍ទូទាំងប្រទេស មនុស្ស​៨ម៉ឺននាក់បានជាសះស្បើយ ហើយមនុស្ស២១នាក់បានស្លាប់»។ ទីភ្នាក់ងារព័ត៌មាន KCNA រាយការណ៍បែបនេះ ផ្ដល់តួលេខសរុបអ្នកឆ្លងទូទាំងប្រទេសមាន៥២ម៉ឺននាក់ ដែលក្នុងនោះ២៣ ម៉ឺន​នាក់បានជាសះស្បើយ ២៨ម៉ឺននាក់កំពុងសម្រាកព្យាបាល ហើយអ្នកស្លាប់ទាំងអស់មាន២៧នាក់។
 
ជាមួយគ្នានេះ កូរ៉េខាងជើងក៏បានចាប់ផ្ដើមរៀបប្រព័ន្ធចត្តាឡីស័ក​ជាបន្ទាន់ក្នុង​កម្រិត​អតិបរមា​ក្នុង​គោលបំណងពន្យឺតការរីករាលដាលជំងឺនេះ។ ការរៀបចំព្រឹត្តិការណ៍យោធានៅចុងខែមេសាកន្លងទៅដែលមានមនុស្សចូលរួមរាប់ម៉ឺននាក់ឈរប្រជ្រៀតគ្នា ត្រូវគេជឿថា ជាពេលដែលជំងឺនេះរាលដាលខ្លាំងតែម្ដង។
 
ខណៈស្ថានការណ៍ហាក់ដូចជាតានតឹងទៅ បក្សពលករកូរ៉េខាងជើង បានរៀបចំច្ចប្រជុំការិយាល័យ នយោបាយជាលើកទីពីរក្នុងសប្ដាហ៍នេះដើម្បីពិភាក្សារកដំណោះស្រាយ។ ថ្នាក់ដឹកនាំបក្ស បាន​លើក​ឡើងពីការចែកចាយថ្នាំព្យាបាលនៅគ្រាអាសន្ន និងបានណែនាំឱ្យប្រើការព្យាបាល​ដោយផ្អែក​លើ​វិទ្យាសាស្ត្រ និងស្ថានភាពរបស់អ្នកជំងឺនីមួយៗ។
អំ​ឡុងកិច្ចប្រជុំដដែលមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន សង្កត់ធ្ងន់ថា ការផ្ទុះឡើងជំងឺកូវីដ-១៩នេះ កំពុងតែបង្កឱ្យមានភាពចលាចលក្នុងប្រទេសជាខ្លាំង។ លោកបង្ហាញជំនឿថា កូរ៉េខាងជើងអាចយកឈ្នះជំងឺឆ្លងដ៏សាហាវនេះក្នុងរយៈពេលខ្លីមួយបំផុតតាមដែលអាចធ្វើទៅបាន។
 
នៅថ្ងៃទី១៣ ខែឧសភាដដែល KCNA បានរាយការណ៍ថា មនុស្សចំនួន៦នាក់បានស្លាប់​ ហើយ​ការ​ស្លាប់​នោះ​មួយផ្នែកបណ្ដាលមកពីការធ្វេស​ប្រហែសរួមទាំងការប្រើប្រាស់ថ្នាំលើស​កម្រិត​ដោយ​សារ​កង្វះ​ចំណេះ​ដឹងពីវិធីសាស្រ្តព្យាបាលតាមបែបវិទ្យាសាស្ត្រ។ នេះជាព័ស្តុតាងមួយបញ្ជាក់​ពី​ប្រព័ន្ធ​សុខា​ភិ​បាលកូរ៉េខាងជើងដ៏ទន់ខ្សោយដែលងាយនឹងរងផលប៉ះពាល់ខ្លាំងដោយសារតែជំងឺកូវីដ-១៩ បែបនេះ៕
 
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com