អន្តរជាតិ
ប្រមុខការពារជាតិអាម៉េរិក ស្នើឱ្យមានបទឈប់បាញ់នៅអ៊ុយក្រែនក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី
14, May 2022 , 7:29 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ឡយ អូស្ទីន និងសមភាគីរុស្ស៊ី ស៊ែហ្គេយ៍ ស្ហយហ្គូ។ រូបថត AFP
រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ឡយ អូស្ទីន និងសមភាគីរុស្ស៊ី ស៊ែហ្គេយ៍ ស្ហយហ្គូ។ រូបថត AFP
រដ្ឋមន្រ្តីការពារជាតិអាម៉េរិក និងរុស្ស៊ី បានជជែកគ្នាតាមទូរស័ព្ទនៅថ្ងៃទី១៣ ខែឧសភា ដែលជាលើកដំបូងចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ។ បញ្ហាអ៊ុយក្រែន ក៏ត្រូវបានពិភាក្សាដែរ ប៉ុន្តែមិនមានលទ្ធផលអ្វីឡើយ ខណៈប្រមុខការពារជាតិអាម៉េរិកកត់សម្គាល់ពីសារសំខាន់នៃការបន្តការទាក់ទងគ្នាដើម្បីបញ្ចៀសការគណនាខុសផ្នែកយុទ្ធសាស្រ្តណាមួយ។

 
ក្នុងសេចក្ដីប្រកាសរបស់អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ឡយ អូស្ទីន បានជជែកតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី ស៊ែហ្គេយ៍ ស្ហយហ្គូ ជាលើកដំបូងចាប់តាំងពីចុងខែកុម្ភៈមក ហើយស្នើឱ្យមានបទឈប់បាញ់ជាបន្ទាន់។ បើតាមក្រសួងការពារជាតិរុស្ស៊ី លោក អូស្ទីន ជាអ្នកស្នើជជែក។
 
ចាប់តាំងរុស្ស៊ីលើកទ័ពចូលអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ប្រមុខការពារជាតិអាម៉េរិក ព្យាយាមស្វែងរកការជជែកជាមួយលោក ស្ហយហ្គូ ជាច្រើនលើក ប៉ុន្តែមិនបានសម្រេច ដោយមន្ត្រីអាម៉េរិកអះអាងថា ភាគីរុស្ស៊ីមិនចាប់អារម្មណ៍។ លោក John Kirby អ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិក និយាយក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី១៣ ខែឧសភា ថា លោក អូស្ទីន សង្កត់ធ្ងន់ទៅកាន់សមភាគីរុស្ស៊ីរបស់លោកពីសារសំខាន់ក្នុងការបន្តបណ្ដាញទំនាក់ទំនង។ 
 
ឯក្រសួងការពាររុស្ស៊ីវិញ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លើកឡើងថា ប្រធានបទនៃសន្តិសុខអន្តរជាតិ ត្រូវបានពិភាក្សា រាប់ទាំងស្ថានការណ៍នៅអ៊ុយក្រែនផង។ នេះបើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ។
 
ប្រមុខការពារជាតិទាំងពីរ ជជែកគ្នាដោយប្រើបណ្ដាញពិសេស ដែលត្រូវបានបង្កើតក្រោយរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ ខ្សែទំនាក់ទំនងពិសេសនេះ មានគោលដៅបញ្ចៀសការគណនាស្ថានការណ៍ខុស និងការរាលដាលជម្លោះ។ 
 
អាម៉េរិក បានផ្ដល់ជំនួយយោធាជាង៣,៨ពាន់ដុល្លារដល់អ៊ុយក្រែនដើម្បីការពារខ្លួន។ នៅដើមសប្ដាហ៍នេះ សភាតំណាង ក៏អនុម័តកញ្ចប់លុយប្រមាណ៤០លានដុល្លារទៀតដល់អ៊ុយក្រែន តែត្រូវឆ្លងព្រឹទ្ធសភាសិន។ ឯរុស្ស៊ីវិញ ក៏ព្យាយាមវាយលុកភាគខាងកើតអ៊ុយក្រែន ដែលមានតំបន់ផ្ដាច់ខ្លួនពីរកំពុងប្រយុទ្ធនឹងកម្លាំងអ៊ុយក្រែន៕
 
 
 
 
 

Tag:
 រុស្ស៊ី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com