អន្តរជាតិ
នាយករដ្ឋមន្រ្តីអូស្ត្រាលីថា នាវាយកការណ៍ចិនដែលចូលក្បែរឆ្នេរខាងលិច មិនបំពានច្បាប់សមុទ្រទេ
14, May 2022 , 8:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីអូស្ត្រាលី ស្កុត ម៉ូរីសុន ។ រូបថត AFP
នាយករដ្ឋមន្រ្តីអូស្ត្រាលី ស្កុត ម៉ូរីសុន ។ រូបថត AFP
ដោយ:
នាវាយកការណ៍ចិនដែលបានធ្វើប្រតិបត្តិការក្បែរតំបន់មូលដ្ឋានយោធានៅភាគខាងលិចអូស្ត្រាលី មិនបានបំពានច្បាប់សមុទ្រអន្តរជាតិនោះទេ។ នាយករដ្ឋមន្រ្តីអូស្រ្តាលី ស្កុត ម៉ូរីសុន បញ្ជាក់បែបនេះ​នៅថ្ងៃទី​១៤ ខែឧសភា តែចាត់ទុកជាការបង្កក្ដីបារម្ភ។

 
នាវាយកការណ៍ចិន បែរជាទៅកៀកមូលដ្ឋានយោធាអូស្ត្រាលីក្នុងចម្ងាយមិនដល់១០០គីឡូម៉ែត្រផងពីឆ្នេរភាគខាងលិចក្នុងសប្ដាហ៍នេះ។ នាវាប្រភេទ Dongdiao ឈ្មោះ Haiwangxing ធ្វើប្រតិបត្តិការឆ្លងកាត់ស្ថានីយទំនាក់ទំនងកងទ័ពជើងទឹកអូស្រ្តាលី និងអាម៉េរិកនៅមូលដ្ឋានទ័ព Exmouth ភាគខាងលិច។ ទោះជាមានក្ដីបារម្ភ ប្រមុខរដ្ឋាភិបាលអូស្ត្រាលី ស្កុត ម៉ូរីសុន ប្រាប់អ្នកកាសែតថា សេរីភាពនាវាចរណ៍ត្រូវបានអនុញ្ញាតទូទាំងពិភពលោក ហើយនាវាចិន មិនបានបំពានច្បាប់សមុទ្រឡើយ។
 
«ច្បាប់សមុទ្រអន្តរជាតិ មិនត្រូវបានបំពាននោះទេ»។ មេដឹកនាំអូស្រ្តាលីប្រាប់អ្នកកាសែតបែបនេះនៅថ្ងៃទី១៤ ខែឧសភាអំឡុងពេលការឃោសនារកសំឡេងឆ្នោតនៅទីកក្រុង Melbourne ។ ប៉ុន្តែលោក ម៉ូរីសុន បន្ថែមថា រឿងនេះសបញ្ជាក់ពីបញ្ហាប្រឈមរបស់អូស្រ្តាលីបង្កដោយចិនដែលស្វះស្វែងពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងតំបន់ប៉ាស៊ីហ្វិក។ 
 
ជុំវិញរឿងនេះ រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី Peter Dutton កាលពីថ្ងៃទី១៣ ខែឧសភា​  ក៏បានថ្កោលទោសចិន ហើយចាត់ទុកប្រតិបត្តិការរបស់នាវាចិននេះ ជាសកម្មភាពដ៏គឃ្លើនដែលមិនធ្លាប់កើតមានពីមុននោះទេ។ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian អះអាងថា ចិនតែងតែគោរពច្បាប់អន្តរជាតិ ហើយជំរុញឱ្យអូស្រ្តាលីបញ្ឈប់ការព្រួយបារម្ភនេះ។ 
 
សូមបញ្ជាក់ថា អូស្រ្តាលីកំពុងធ្វើយុទ្ធនាការបោះឆ្នោតជ្រើសរើសសមាជិកសភាដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២១ ខែឧសភា។ បញ្ហាទាក់ទងការគំរាមពីសំណាក់ចិនដល់សន្តិសុខជាតិអូស្រ្តាលី ជាប្រធានបទដ៏សំខាន់មួយអំឡុងយុទ្ធនាការ។ 
 
ទំនាក់ទំនងរវាងអូស្រ្តាលី​ និងចិន កាន់តែតានតឹងនាពេលថ្មីៗនេះ​ ស្របពេល ចិនព្យាយាមពង្រីកឥទ្ធិពលខ្លួននៅតំបន់ប៉ាស៊ីហ្វិកតាមរយៈកិច្ចព្រមព្រៀងសន្តិសុខជាមួយកោះសូឡូម៉ុន។ ម្យ៉ាងទៀត កាលពីខែកុម្ភៈ អូស្រ្តាលីបានចោទប្រកាន់នាវាចម្បាំងចិនពីការធ្វើសកម្មភាពដែលខ្វះការប្រុងប្រយ័ត្ន និងអាចបង្កគ្រោះថ្នាក់ ក្រោយបាញ់កាំរស្មីឡាស៊ែរដាក់យន្តហោះយកការណ៍របស់ខ្លួន។ ប៉ុន្តែការចោទប្រកាន់នោះ ត្រូវបានចិនបដិសេធ៕ 
 
 
 

Tag:
 ចិន
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com