អន្តរជាតិ
អាស៊ាន-អាម៉េរិក នឹងដំឡើងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ពេលកម្ពុជារៀបចំកិច្ចប្រជុំអាស៊ាននៅខែវិច្ឆិកា
14, May 2022 , 4:59 pm        
រូបភាព
មេដឹកនាំអាស៊ាន និងអាម៉េរិក ថតរូបជុំគ្នាខាងមុខសេតវិមាន។ រូបថត AFP
មេដឹកនាំអាស៊ាន និងអាម៉េរិក ថតរូបជុំគ្នាខាងមុខសេតវិមាន។ រូបថត AFP
មេដឹកនាំអាស៊ាន និងអាមេរិក ប្រកាសពីការប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៅខែវិច្ឆិកាខាងមុខ។ នេះបើតាមសេចក្ដីប្រកាសរួមចេញក្រោយជំនួបពិសេសអាស៊ាន-អាម៉េរិកដែលបញ្ចប់នៅថ្ងៃទី១៣ ខែឧសភា។ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់គ្រងជ្រុងជ្រោយ ជាកម្រិតដ៏ខ្ពស់មួយក្នុងទំនាក់ទំនងទ្វេភាគី។ 
 
ជំនួបពិសេសអាស៊ាន-អាម៉េរិកដែលអាម៉េរិកធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ហើយនៅថ្ងៃទី១៣ ខែឧសភា។ ជំនួបនេះ រៀបចំដើម្បីអបអរខួប៤៥ឆ្នាំនៃទំនាក់ទំនងដៃគូសន្ទនា។ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី អាស៊ាន និងអាម៉េរិក ក៏សម្រេចដំឡើងកម្រិតទំនាក់ទំនងរបស់ខ្លួនផងដែរ។
 
«យើងប្ដេជ្ញាចិត្តបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-អាម៉េរិកដែលមានអត្ថន័យ និងផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកនៅកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិកលើកទី១០ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២។» សេចក្ដីថ្លែងការណ៍រួមក្រោយកិច្ចប្រជុំសរសេរបែបនេះ។ កម្ពុជា ក្នុងនាមប្រធានអាស៊ានឆ្នាំ២០២២ នឹងទទួលរៀបចំកិច្ចប្រជុំលើកទី១០ នេះ នៅខែវិច្ឆិកាខាងមុខតែម្ដង។
 
បើតាមសេចក្ដីថ្លែងការណ៍ដដែល អាស៊ាន និងអាម៉េរិក ក៏តាំងចិត្តបំពេញលក្ខខណ្ឌនានាឱ្យបានលឿនតាមតែអាចធ្វើបានដើម្បីសម្រេចគោលដៅនេះផងដែរ។
 
បណ្ដាមេដឹកនាំអាស៊ាន និងប្រធានាធិបតីអាម៉េរិក ក៏ប្ដេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយបង្កើតសន្តិសុខសុខាភិបាល និងងើបឡើងវិញជាមួយគ្នា។​ អាម៉េរិក និងអាស៊ាន ក៏នឹងរឹតចំណងទាក់ទងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយអាម៉េរិកនឹងបង្កើនការចូលរួមផ្នែកសេដ្ឋកិច្ចរបស់ខ្លួនក្នុងតំបន់ផងដែរ។
 
លើបញ្ហាមីយ៉ាន់ម៉ា មេដឹកនាំអាស៊ាន និងអាម៉េរិក ទទូចឱ្យមានការអនុវត្តពេញលេញ និងទាន់ពេលយន្តការ៥ចំណុច ហើយគាំទ្រការប្រឹងប្រែងរបស់អាស៊ានក្នុងការដោះស្រាយវិបត្តិនេះ រួមទាំងការបំពេញការងាររបស់ប្រេសិតពិសេសប្រធានអាស៊ាន៕
 
 
 

Tag:
 អាម៉េរិក
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com