អន្តរជាតិ
ក្រុមក្រុម G7 សន្យាជួយជ្រោមជ្រែងអ៊ុយក្រែនរហូតទទួលបានជ័យជម្នះ
15, May 2022 , 8:29 am        
រូបភាព
បណ្ដារដ្ឋមន្រ្តីប្រទេស G7 នាជំនួបនៅអាល្លឺម៉ង់។ រូបថត AFP
បណ្ដារដ្ឋមន្រ្តីប្រទេស G7 នាជំនួបនៅអាល្លឺម៉ង់។ រូបថត AFP
ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) នៅថ្ងៃទី១៣ ខែឧសភា បានសន្យាជួយអ៊ុយក្រែន​ដោយឥតងាករេក្នុងការតតាំងជាមួយរុស្ស៊ី។​ ជាមួយគ្នានេះ សហភាពអឺរ៉ុប (EU) ក៏សន្យាបង្កើន​ជំនួយ​យោធាទំហំកន្លះពាន់លានដុល្លារបន្ថែមទៀតដល់ក្រុងកៀវ។

 
ជាមួយនឹងជំនួយយោធា និងអាវុធទំនើបៗជាច្រើនពីអាម៉េរិក និងបណ្ដាប្រទេសលោកខាងលិច កង​កម្លាំងអ៊ុយក្រែន អាចបន្តតតាំងជាមួយនឹងកងទ័ពរុស្ស៊ីរហូតមកដល់ពេលនេះ។ កាំភ្លើងធំ, ប្រព័ន្ធ​ការពារមីស៊ីល, ប្រព័ន្ធការពាររថក្រោះ និងអាវុធមានឥទ្ធិពលផ្សេងទៀតជាច្រើន ត្រូវបានបញ្ជូន​ទៅ​អ៊ុយក្រែន ក៏ប៉ុន្តែមេដឹកនាំប្រទេសមួយនេះនៅតែទទូចឱ្យលោកខាងលិច​បញ្ជូនជំនួយឱ្យ​បាន​ច្រើន​បន្ថែមទៀត។
 
អំឡុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសក្រុម G7 ដោយមានវត្តមានសមភាគីអ៊ុយក្រែន និងម៉ុលដាវីនៅថ្ងៃទី​១៣ ខែឧសភានៅទីក្រុង Wangels ទឹកដីអាល្លឺម៉ង់ ភាគីទាំងអស់បានពិភាក្សា ពីជម្លោះអូស​បន្លាយ​រវាងរុស្ស៊ី និងអ៊ុយក្រែន ហើយនិងវិធានការផ្សេងៗដើម្បីជួយអ៊ុយក្រែន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។ 
 
ក្នុងជំនួប រដ្ឋមន្ត្រីការបរទេសបារាំង Jean-Yves Le Drian បានថ្លែងថា រដ្ឋមន្ត្រីក្រុមប្រទេស G7 មានគំនិតតែមួយក្នុងការបន្តជួយគាំទ្រអ៊ុយក្រែនក្នុងរយៈពេលយូរទៅមុខទៀតដើម្បីឱ្យប្រទេសមួយនេះអាចប្រយុទ្ធការពារអធិបតេយ្យភាព​របស់​ខ្លួន និង​រហូត​ដល់​ទទួល​បាន​ជ័យជម្នះ។​
 
ជាមួយគ្នានេះ ប្រមុខគោលនយោបាយការបរទេស EU លោក Josep Borrell បានបញ្ជាក់ថា ប្លុក EU សន្យាផ្ដល់ជំនួយយោធាទំហំ៥០០លានអឺរ៉ូទៀត។ បូកជាមួយជំនួយយោធាកន្លងមក ប្លុកមួយនេះ​បាន​ផ្ដល់ជំនួយឱ្យអ៊ុយក្រែនរហូតដល់២ពាន់លានអឺរ៉ូឯណោះ។
 
«ពួកយើងត្រូវដាក់សម្ពាធកាន់តែខ្លាំងលើរុស្ស៊ីជាមួយនឹងទណ្ឌកម្មសេដ្ឋកិច្ច»។ លោក Borrell សង្កត់​ធ្ងន់បែបនេះ រួចបន្តថា ក្រុម G7 ត្រូវតែបន្តទុកឱ្យរុស្ស៊ីនៅតែឯង និង​ការ​បង្ហាញ​ពីការរួបរួមដើម្បី​បន្ត​គាំទ្រ​អ៊ុយក្រែន។
 
ឯរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស  Liz Truss បានអំពាវនាវឱ្យដាក់សម្ពាធ និងទណ្ឌកម្ម​បន្ថែម​លើ​ប្រធានាធិបតីរុស្ស៊ី និងបញ្ជូនជំនួយអាវុធទៅក្រុងកៀវបន្ថែមទៀត។
 
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba ដែលបានចូលរួមជំនួបខាងលើនេះ បានកោតសរសើការប្ដេជ្ញាចិត្តរបស់រដ្ឋមន្ត្រីការបរទេសទាំងអស់ តែក៏ឆ្លៀតស្នើសុំជំនួយឱ្យច្រើនទៀត។ លោក Kuleba បានសង្កត់ធ្ងន់លើការរឹបអូសយកទ្រព្យសម្បត្តិរុស្ស៊ី ហើយផ្ដល់ឱ្យអ៊ុយក្រែនវិញដើម្បី​កសាងប្រទេសជាថ្មី។ លោកក៏បានជំរុញ EU ដាក់បំរាមលើប្រេងរុស្ស៊ីដែរ៕
 
 

Tag:
 G7
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com