ជាតិ
ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀន ១៨រូប ចូលរួមវគ្គបណ្តុះបណ្តាលនៅកូរ៉េ
14, May 2022 , 8:59 am        
រូបភាព
រូបភាពពីហ្វេសប៊ុក ក្រសួងអប់រំ យុវជន និងកីឡា ។
រូបភាពពីហ្វេសប៊ុក ក្រសួងអប់រំ យុវជន និងកីឡា ។
ដោយ៖ ហេង ស្រីលីន
 
ភ្នំពេញ៖ ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនចំនួន ១៨រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងរៀនក្នុងបរិបទឌីជីថល នៅសាធារណៈរដ្ឋកូរ៉េ  ។ ការផ្តល់ជូននេះ គឺសម្រាប់គ្រូបង្រៀននៅគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ ដែលមានបំណងលើកកម្ពស់សមត្ថភាព និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន។


 
បើតាមក្រសួងអប់រំ យុវជន និងកីឡា​ សហការជាមួយមន្ទីរអប់រំក្រុងប៊ូសាន នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងរៀនក្នុងបរិបទឌីជីថល។ វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៩ ដល់២៥ ខែកញ្ញា ឆ្នាំ២០២២។
 
លក្ខខណ្ឌជ្រើសរើស បេក្ខជនទាំងពីរភេទត្រូវជាគ្រូបង្រៀនគ្រប់ឯកទេស នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ  មានចំណេះដឹងផ្នែកភាសាអង់គ្លេស មានចំណូលចិត្តផ្នែកបច្ចេកវិទ្យាព័ត៌មាន។ លើសពីនេះ បេក្ខជនត្រូវមានបទពិសោធន៍ធ្វើការ ឬបង្រៀនពាក់ព័ន្ធ និងកុំព្យួទ័រ ឬបច្ចេកវិទ្យាឌីជីថល។ ក្រៅពីជំនាញ​ និងបទពិសោធន៍ ​បេក្ខជនត្រូវមានសុខភាពល្អ ឯលិខិតឆ្លងដែន មានសុពលភាពយ៉ាងតិចត្រឹមថ្ងៃទី៣០​ ខែកញ្ញា ឆ្នាំ២០២២។
 
បេក្ខជនមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈ https://bit.ly/BusanTR2022 ឱ្យបានមុនថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៥:៣០ នាទី។ រាល់ការស្នាក់នៅ ការធ្វើដំណើរ និងអាហារ គឺភាគីកូរ៉េជាអ្នករ៉ាប់រង។
 
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីជ្រើសរើស សិក្ខាកាមទាំងអស់ត្រូវចូលរួមប្រជុំមុនធ្វើដំណើរ និងទទួលការណែនាំពី នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន។ លើសពីនេះ សិក្ខាកាមនឹងចែករំលែក ចំណេះនានា ទៅវិញទៅមក ​និងរៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាព នៃការចែករំលែកលើចំណេះដឹង​ ជំនាញ បទពិសោធន៍ នៃវគ្គបណ្តុះបណ្តាលនេះ៕
 

Tag:
 ThmeyThmey25
  Moeys
  កូរ៉េ
  គ្រូបង្រៀន
© រក្សាសិទ្ធិដោយ thmeythmey.com