សុខភាព
អន្តរជាតិ
ការមិនទទួលទានអាហារពេលព្រឹកអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរដែរទេ?
16, May 2022 , 8:29 am        
រូបភាព
រូបភាព៖ Unsplash
រូបភាព៖ Unsplash
ជាទូទៅ គ្រប់គ្នាតែងគិតថា អាហារពេលព្រឹកជាអាហារដែលសំខាន់ជាងគេក្នុងរយៈពេលមួយ​ថ្ងៃរបស់មនុស្ស ព្រោះវាជាពេលដែលរាងកាយត្រូវការអាហាររូបត្ថម្ភបំផុត។ ដូច្នេះ មនុស្សមិនគួរ​រំលងអាហារពេលព្រឹកឡើយ។ យ៉ាងណាមិញ ការសិក្សា​ថ្មីៗនេះបានរកឃើញថា ការមិនទទួល​ទានអាហារពេលព្រឹក មិនបានផ្តល់ផលអាក្រក់ធ្ងន់ធ្ងរដល់សុខភាពដូចដែលមនុស្សធ្លាប់គិតទេ ព្រោះអាហារពេលថ្ងៃ និងល្ងាចក៏អាចជំនួសបានដែរ។

 
អាហារពេលព្រឹក គឺជាអាហារដំបូងបន្ទាប់ពីមនុស្សមិនបានទទួលទានអាហារអស់មួយយប់ ដូច្នេះវាជាអាហារសំខាន់មួយសម្រាប់រាងកាយ ដើម្បីទទួលបានសារធាតុចិញ្ចឹមបន្ថែមនៅថ្ងៃថ្មី។ កន្លងមក មនុស្សជឿថាការទទួលទានអាហារពេលព្រឹក អាចផ្តល់សារធាតុចិញ្ចឹមច្រើនដល់រាង​កាយ ដើម្បីចាប់ផ្ដើមថ្ងៃថ្មីជាមួយអារម្មណ៍ស្រស់ស្រាយ និងមានថាមពល។ វាថែមទាំងត្រូវបាន​គេជឿ​ថាអាចជួយសម្រកទម្ងន់ទៀតផង។ 
 
យ៉ាងណាមិញ ការទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់រាងកាយមិនមែនអាស្រ័យតែលើ​អាហារពេលព្រឹកទេ។ មនុស្សអាចទទួលបានសារធាតុចិញ្ចឹមពីអាហារពេលថ្ងៃ និងពេលល្ងាច​ជំនួស ប្រសិនបើគេរំលងអាហារពេលព្រឹក។ ហេតុនេះ ការមិនទទួល​ទានអាហារពេលព្រឹក មិន​បានផ្តល់ផលអាក្រក់ធ្ងន់ធ្ងរដល់សុខភាពទេបើអ្នកមានរបបអាហារល្អគ្រប់គ្រាន់នៅពេលថ្ងៃ និងពេលល្ងាច។ នេះបើតាមការសិក្សាចុះផ្សាយរបស់សារព័ត៌មានវេជ្ជសាស្រ្ត Medical News Today។
 
មនុស្សអាចរំលងអាហារពេលព្រឹកនៅថ្ងៃខ្លះដែលអ្នកមិនសូវឃ្លាន ឬមានធុរៈមិនអាចទទួលទានបាន។ វាមិនមានបញ្ហាអ្វីឡើយ ប្រសិនបើអ្នកទទួលទានអាហារពេលថ្ងៃ និងពេលល្ងាចឱ្យបាន​ច្រើន​ជំនួសអាហារពេលព្រឹកដែលខកខាន។ ក្រុមអ្នកស្រាវជ្រាវបានអះអាងថាការទទួលទាន​អាហារពេលព្រឹក មិនមានទំនាក់ទំនងជាមួយទម្ងន់មនុស្សឡើយ។ ការទទួលទានអាហារពេល​ព្រឹកមិនបានធ្វើឱ្យ​មនុស្សស្រកទម្ងន់ទេ ហើយការមិនទទួលទានអាហារពេលព្រឹកក៏មិនបានធ្វើ​ឱ្យមនុស្សឡើង​ទម្ងន់ដែរ។ 
 
តាមពិត ការមានសុខភាពល្អមិនអាស្រ័យតែលើការទទួលទានអាហារពេលព្រឹកទេ វាអាស្រ័យ​លើទម្លាប់នៃការទទួលទាន ក៏ដូចជាប្រភេទអាហារប្រចាំថ្ងៃ បូករួមជាមួយការហាត់ប្រាណជា​ដើម។ តែទោះយ៉ាងណា ការទទួលទានអាហារឱ្យបានត្រឹមត្រូវ មួយថ្ងៃ៣ពេលគឺជារឿងល្អបំផុត ព្រោះវានឹងជួយឱ្យរាងកាយស្គាល់ម៉ោងទទួលទានអាហារ​ច្បាស់លាស់។ វានឹងជួយឱ្យប្រព័ន្ធ​រំលាយអាហារមនុស្សមានសុខភាពល្អ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com