សុខភាព
អន្តរជាតិ
ចូលគេងទាំងសក់សើម អាចបង្កឱ្យមានបញ្ហាស្បែកក្បាល និងមុខ
15, May 2022 , 8:29 pm        
រូបភាព
រូបភាព៖ Unsplash
រូបភាព៖ Unsplash
ការចូលគេងទាំងសក់សើម ដោយសារកក់សក់ ឬត្រូវទឹកភ្លៀងជាដើម ពិតជាងាយធ្វើឱ្យ​កើតមានជំងឺសើស្បែកណាស់ ពិសេសស្បែកក្បាល និងមុខ។ បញ្ហាសើស្បែកនោះកើត​ឡើង ដោយសារពពួកបាក់តេរី និងផ្សិត ដែលងាយកើតឡើងនៅមជ្ឈដ្ឋានសើម។​ លើស​ពីនេះវាក៏បណ្ដាលឱ្យមានបញ្ហាអង្គែ ខូចសរសៃសក់ ជ្រុះសក់ និងយឺតសរសៃសក់ ដែលធ្វើ​ឱ្យវាមិនរឹងមាំ។

 
 
មនុស្សភាគច្រើនរវល់ជាមួយការងារតាំងពីព្រឹករហូតដល់ល្ងាច។ ដូច្នេះ ពេលយប់ជាពេលល្អ​សម្រាប់កក់​សក់ ពិសេសសម្រាប់មនុស្សស្រី ព្រោះត្រូវការពេលយូរ។ កន្លងមក ចាស់បុរាណ​តែងជឿថា ការចូលគេងទាំងសក់សើម អាចបង្កឱ្យកើតជំងឺផ្ដាសាយ។ យ៉ាងណាមិញ ការសិក្សាថ្មីៗនេះ បានបង្ហាញថា ការចូលគេងទាំងសក់នៅសើមមិនបានជាប់ទាក់ទងនឹង​ការកើតជំងឺផ្ដាសាយទេ។ ជំងឺផ្ដាសាយអាចកើតឡើងបាន លុះត្រាតែមនុស្សបានប៉ះពាល់​នឹងវីរុសបង្កជំងឺផ្ដាសាយ។ នេះបើតាមការអះអាងរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)។ 
 
ការចូលគេងទាំងសក់សើមអាច​បណ្ដាលឱ្យសុខភាពស្បែកក្បាល និងមុខប្រឈមហានិភ័យ​មួយចំនួនប្រសិនបើមិនយក​ចិត្តទុកដាក់សម្ងួតវាឱ្យស្ងួតមុនពេលចូលគេងទេ។ ការចូលគេង​ទាំងសក់សើមមិនបង្កជំងឺ​អ្វីធ្ងន់ធ្ងរដល់សុខភាពទេ តែវាបង្កឱ្យមានបញ្ហាខ្លះដែលកើតចេញ​ពីពពួកបាក់តេរី និងផ្សិត។ នៅពេលមនុស្សចូលគេងទាំងសក់សើមនោះ វានឹងធ្វើឱ្យខ្នើយ​សើមដែរ។ ការណ៍នេះនឹងធ្វើ​ឱ្យពពួកបាក់តេរី និងផ្សិតកើតឡើងយ៉ាង​ងាយ។ 
 
ពពួកបាក់តេរី និងផ្សិតនោះ នឹងបង្កឱ្យមានជំងឺសើស្បែកលើស្បែកក្បាលរួមមាន បញ្ហាអង្គែ ខូចសរសៃសក់ ជ្រុះសក់ និងយឺតសរសៃសក់ដែលធ្វើ​ឱ្យវាមិនរឹងមាំ។ លើសពីនេះ វាក៏អាច​បង្កឱ្យមានបញ្ហាស្បែកមុខដូចជាកើតមុនជាដើមដែរ។  ដូច្នេះអ្នកគួរព្យាយាមសម្ងួតសក់ឱ្យ​បានស្ងួតល្អតាមដែលអាចធ្វើទៅបានដើម្បីចៀសវាងបញ្ហាទាំងនេះ។ អ្នកក៏គួរតែងូតទឹក កក់​សក់ឱ្យបានមុនចូលគេង ២ទៅ៣ម៉ោងដើម្បីចៀសវាងសក់សើម។ នេះបើតាមការចុះផ្សាយ​លើវេបសាយព័ត៌មានសុខភាព Medical News Today។
 
គួរបញ្ជាក់ថា ការកក់សក់ ពិសេសចំពោះមនុស្សស្រី គឺមិនចាំបាច់កក់រាល់ថ្ងៃនោះទេ។ ការកក់សក់ច្រើនប្រឈមហានិភ័យក៏ច្រើនដែរ ប្រសិនបើអ្នកមិនសម្ងួតសក់​ឱ្យបានស្ងួតល្អ។ 
វិធីសម្ងួតល្អបំផុតគឺការប្រើម៉ាស៊ីនផ្លុំ ឬយកកន្សែងមករុំបឺតទឹកចេញ តែចៀសវាងការយក​កន្សែងមកជូន ឬញីសក់ខ្លាំងៗ ព្រោះវានឹងធ្វើឱ្យអ្នកខូចគល់សក់។ អ្នកគួរប្រើក្រែមបន្ទន់​សក់រាល់ពេលកក់សក់ ដើម្បីថែរក្សាសុខភាពសក់ ហើយមិនគួរចងសក់តឹងៗពេក និងសិត​សក់ដោយប្រើក្រាស់ធ្មេញញឹកទេ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com