ជាតិ
សត្វស្លាប៨ប្រភេទ​​ត្រូវបានដាក់នៅក្របមុខ​សៀវភៅ«សត្វស្លាបក្នុងតំបន់ការពារបឹងព្រែកល្ពៅ»
15, May 2022 , 1:55 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ សត្វចាប់ព្រៃវែង ត្រដក់ធំ ក្រៀល ចាបពួកទ្រូងលឿង ត្រយ៉ងខ្លួនស ស្មោញ រនាលពណ៌ ទុងប្រផេះ ជាសត្វក្នុងចំណោមសត្វចំនួន៩៦ប្រភេទ ដែលទាញចំណាប់អារម្មណ៍ និងត្រូវបានដាក់នៅទំព័រមុខ នៃសៀវភៅសត្វស្លាបក្នុងតំបន់ការពារបឹងព្រែកល្ពៅ។ សៀវភៅនេះ ត្រូវបានសហការចងក្រងក្រសួងបរិស្ថាន និងអង្គការBirdlife/Naturelife in Cambodia។

 
សត្វចាប់ព្រៃវែង (Yellow- breasted Bunting)៖ ​ជាប្រភេទសត្វជិតផុតពូជជាភាសាអង់​គ្លេស  Critically Endangered (CR)។ សត្វស្លាបប្រភេទនេះ មានទំហំ១៥សង់ទីម៉ែត្រ។ សម្រាប់លក្ខណៈសម្គាល់សត្វឈ្មោលនៅរដូវបន្តពូជ មានមុខ និងបំពង់កពណ៌ខ្មៅ វ័ណ្ឌទ្រូងពណ៌ត្នោត ផ្នែកពោះមានពណ៌លឿងទុំ។ 

 សត្វចាប់ព្រៃវែង រូបភាពដោយ លោក ឈឿន សុជាតិ និង NatureLife Cambodia

ចំណែកឯដើមស្លាបមានឆ្នូតស។  សត្វចាបញី មានលក្ខណៈសម្គាល់ប្រហាក់ប្រហែលសត្វចាបឈ្មោលដែរ ប៉ុន្ដែគ្មានវ័ណ្ឌទ្រូងត្នោតទេ។ ចំណែកឯផ្នែកពោះពណ៌លឿងខ្ចី និងផ្នែកខ្នងមានពណ៌ត្នោតខ្ចី។ ចាប់ព្រៃវែង ភាគច្រើនរស់នៅតាមគុម្ពោតព្រៃ តំបន់វាលលំហ តំបន់កសិកម្ម និងជាទូទៅក្បែរមាត់ទឹក។ សម្រាប់របាយសត្វប្រភេទនេះ ជាសត្វទេសន្តប្រវេសន៍ និងមានវត្តមាន នៅក្នុងតំបន់ការពារបឹងព្រែកល្ពៅ ចន្លោះពីធ្នូដល់ ខែមេសា។ 
 
ត្រដក់ធំ (Greater Adjutant)៖ សត្វប្រភេទនេះ ត្រូវបានគេចាត់ចូលក្នុងប្រភេទជិតផុតពូជ Endangered(EN)។ វាអាចមានទំហំ១៤៥ ទៅ១៥០ សង់ទីម៉ែត្រ ​មានបណ្ដាយខ្លួនធំ ឆ្នូតបណ្ដោយកណ្ដាលផ្ទាំងស្លាបលើពណ៌សប្រផេះ ស្មាមានរោមស និងមានថង់យាមមួយនៅក​។ គេអាចសម្គាល់វានៅរដូវបន្តពូជ ដោយមានដៅខ្មៅ នៅគល់ចំពុះត្រង់ថ្ងាស។ 

 ត្រដក់ធំ  រូបភាពដោយ លោក ឈឿន សុជាតិ និង NatureLife Cambodia 

​តំបន់ដីសើម ​ព្រៃល្បោះស្ងួត និងតាមព្រៃរនាម ដែលលិចទឹកតាមរដូវ គឺជាទីជម្រកនៃសត្វប្រភេទនេះ។ ត្រដក់ធំ មានវត្តមាននៅតំបន់ការពារបឹងព្រែកល្ពៅ នៅចន្លោះខែកក្កដា ដល់ខែកញ្ញា ហើយរដូវបន្តពូជរបស់វា គឺចាប់ពីខែតុលា ដល់ខែមីនា។  
 
ក្រៀល (Sarus Crane)៖​ សត្វប្រភេទនេះ ត្រូវបានចាត់ចូលជាប្រភេទងាយរងគ្រោះ Vulnerable (VU)។ សត្វក្រៀល មានទំហំដងខ្លួន១៥២ ទៅ១៥៦សង់ទីម៉ែត្រ។ ក្រៀលមានខ្លួន​ធំខ្ពស់ សម្បុរសប្រផេះ ក្បាលត្រងោលក្រហម ​ដោយមានបន្ទូលក្បាលប្រផេះ និងជើងក្រ​ហមវែង ចំពុះវែងត្រង់ ស្លាបទី១ពណ៌ខ្មៅ។ ក្រៀល រស់នៅទំនាបលិចទឹក វាលស្រែ តាមតំ​បន់វាលស្មៅក្នុងព្រៃរបោះ។ វារស់នៅតាមតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ចន្លោះខែវិច្ឆិកា ដល់ខែកុម្ភៈ និងបន្ដពូជ ចាប់ពីខែមីនា ​ដល់តុលា។ សត្វក្រៀល អាចពងចន្លោះ១ ទៅ៣គ្រាប់ ក្នុងមួយរដូវ។ 

ក្រៀល  _រូបភាពដោយ លោក ឈឿន សុជាតិ និង NatureLife Cambodia

ចាបពួកទ្រូងលឿង( Asian Golden Weaver)៖ ចាបប្រភេទនេះ ត្រូវបានចាត់ចូលជាប្រភេទជិតរងការគំរាមកំហែង Near Threatened (NT)។ ទំហំរបស់វា គឺ១៥សង់ទីម៉ែត្រ។ នៅរដូវបន្តពូជ ចាបឈ្មោល ក្បាល និងដងខ្លួនពណ៌លឿង គុម្ពត្រចៀក បំពង់ក និងកន្ទុយពណ៌ខ្មៅ​។ សម្រាប់ជម្រក នៅតំបន់វាលភក់ រុក្ខជាតិ វាលស្មៅ និងគុម្ពត្រែង និងតំបន់ផ្សេងនៅក្បែរមាត់ទឹក។ ឯរបាយសត្វចាបពួកទ្រូងលឿង មាននៅតំបន់ការពារបឹងព្រែកល្ពៅពេញមួយឆ្នាំនិងបន្តពូជ ចាប់ពីខែមេសា ដល់តុលា។  

   ចាបពួកទ្រូងលឿងរូបភាពដោយ លោក ឈឿន សុជាតិ និង NatureLife Cambodia

ត្រយ៉ងខ្លួនស(Black-head Ibis)៖ សត្វនេះ ត្រូវបានចាត់ចូលជាប្រភេទជិតរងការគំរាមកំ​ហែង Near Threatenes (NT)។ ទំហំខ្លួនចន្លោះ ពី៧៥ ទៅ៧៦សង់ទីម៉ែត្រ។ សត្វត្រយ៉ងខ្លួនស មានមាឌធំ ខ្លួនពណ៌ស ក ក្បាល និងជើងមានពណ៌ខ្មៅ និងចំពុះកោងវែងពណ៌ខ្មៅ។ ជម្រកវា នៅតាមព្រៃលិចទឹក ព្រែកោងកាង។ ចំណែកឯ របាយមាននៅតំបន់ទេសភាពបឹងព្រែកល្ពៅ ចន្លោះពីខែមេសា ដល់ខែតុលា និងបន្តពូជចាប់ពីខែតុលា ដល់ខែកុម្ភៈ។ 

 ត្រយ៉ងខ្លួនស រូបភាពដោយ លោក ឈឿន សុជាតិ និង NatureLife Cambodia 
 
ស្មោញ (Oriental Darter)៖ ត្រូវបានចាត់ចូលជាសត្វប្រភេទជិតរងការគំរាមកំហែង ​Near Threatened (NT)។ ទំហំខ្លួនចន្លោះ៨៥ ទៅ៩៧សង់ទីម៉ែត្រ។ សត្វស្មោញ មានកវែងដូចពស់ ចំពុះស្រួចដូចដាវ សម្បុរពណ៌ខ្មៅ ​កន្ទុយវែង ឆូតសវែងៗនៅផ្នែកខ្នង។ ទីជម្រករបស់ស្មោញ មាននៅតាមបឹងភក់ និងទន្លេធំៗ។ សត្វប្រភេទនេះ បន្តពូជចាប់ពីខែមិថុនា ដល់ខែមីនា និងមានវត្តមាន នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅពេញមួយឆ្នាំ។ 

  ស្មោញ  រូបភាពដោយ លោក ឈឿន សុជាតិ និង NatureLife Cambodia 

រនាលពណ៌ (Painted stork)៖ ប្រភេទសត្វនេះ ត្រូវបានចាត់ជាប្រភេទជិតរងការគំរាមកំហែង ​Near Threatened។ រនាលពណ៌ មានទំហំខ្លួនចន្លោះ៩៣ ដល់១០២សង់ទីម៉ែត្រ ខ្លួនពណ៌ស ស្លាបទី១ និងទី២ ពណ៌ខ្មៅ។ ចំណែកឯចុងខ្នងពណ៌ផ្កាឈូក វ័ណ្ឌខ្មៅលើដើមទ្រូង ចំពុះធំវែង លឿងកោងខុបចុះបន្តិច។ 

  រនាលពណ៌ រូបភាពដោយ លោក ឈឿន សុជាតិ និង NatureLife Cambodia

នៅរដូវបន្តពូជ ស្បែកក្បាលរបស់សត្វស្មោញ មានពណ៌ក្រហម ចំពុះពណ៌ផ្កាឈូក។ ទីជម្រករបស់សត្វប្រភេទនេះ រស់នៅតំបន់ដីសើមផ្សេងៗ មានព្រៃលិចទឹក និងទំនាបលិចទឹក​។ ចំណែលឯ របាយមាននៅតំបន់ការពារបឹងព្រែកល្ពៅ ចន្លោះខែវិច្ចិកា​ ដល់ខែកក្កដា។ រនាលពណ៌ ចាប់ផ្ដើមបន្តពូជចាប់ពីខែវិច្ឆិកា ដល់ឧសភា ជារៀងរាល់ឆ្នាំ។ 
 
ទុងប្រផេះ (Spot-billed pelican)៖ ត្រូវបានចាត់ចូលជាប្រភេទជិតរងការគំរាមកំហែង Near Threatened(NT)។ ទំហំរបស់វាចន្លោះ មានពី១២៧ ដល់១៤០សង់ទីម៉ែត្រ។ នៅរដូវបន្តពូជនៅលើចំពុះ និងថង់គ្មានអុជៗខ្មៅទេ។ សម្រាប់ជម្រករបស់វា គឺតាមបឹង ត្រពាំង ទឹកប្រៃ មាត់សមុទ្រ តាមស្ទឹងធំៗ វាលភក់ និងតំបន់វាលទំនាប។ ចំពោះរបាយសត្វប្រភេទនេះ មាននៅតំបន់ការពារបឹងព្រែកល្ពៅ ចន្លោះខែកក្កដា ​ដល់ខែធ្នូ ប៉ុន្ដែអាចប្រែប្រួលតាមរបបទឹកជំនន់ នៅក្នុងតំបន់។ ចំណែក​ឯ រដូវបន្តពូជ ចាប់ពីខែសីហា ដល់ខែឧសភា និងអាចមានពងចន្លោះពី៣ ទៅ៤គ្រាប់ ក្នុងមួយរដូវ៕ 


 ទុងប្រផេះ  រូបភាពដោយ លោក ឈឿន សុជាតិ និង NatureLife Cambodia
 
 
 

Tag:
 បឹងព្រែកល្ពៅ
  ខេត្តតាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com