អន្តរជាតិ
លោក ពូទីន ព្រមានហ្វាំងឡង់៖ ចូលណាតូ ជាកំហុស
15, May 2022 , 7:29 pm        
រូបភាព
ប្រធានាធិបតីហ្វាំងឡង់ សាវលី នីនីស្តូ និងប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នាជំនួបកន្លងមក។ រូបថត AFP
ប្រធានាធិបតីហ្វាំងឡង់ សាវលី នីនីស្តូ និងប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នាជំនួបកន្លងមក។ រូបថត AFP
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី១៤ ខែឧសភា បានព្រមានចំៗទៅកាន់សមភាគីហ្វាំងឡង់ជុំវិញការចូលជាសមាជិកសម្ព័ន្ធយោធាណាតូ។ បើតាមលោក ពូទីន ការណ៍ដែលហ្វាំងឡង់មានបំណងចូលរួមជាមួយប្លុកយោធាដឹកនាំដោយអាម៉េរិក ហើយបោះបង់ផ្លូវអព្យាក្រឹតរបស់ខ្លួនដែលធ្លាប់ដើររាប់សិបឆ្នាំមកនេះ ជាកំហុសមួយ ព្រោះហ្វាំងឡង់គ្មានការគំរាមផ្នែកសន្តិសុខអ្វីសោះ។ ប៉ុន្តែមេដឹកនាំហ្វាំងឡង់អះអាងថា សកម្មភាពរុស្ស៊ីនៅអ៊ុយក្រែន បានផ្លាស់ប្ដូរស្ថានការណ៍។

 
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បានជជែកតាមទូរស័ព្ទជាមួយសមភាគីហ្វាំងឡង់ សាវលី នីនីស្តូ (Sauli Niinisto) នៅថ្ងៃទី១៤ ខែឧសភា។ ជំនួបតាមទូរស័ព្ទនេះ ធ្វើឡើងមុនការប្រកាសរបស់ហ្វាំងឡង់ក្នុងការចូលរួមក្នុងសម្ព័ន្ធយោធាណាតូ ដែលទំនងជាព្រមគ្នានឹងស៊ុយអែតដែរ។ រុស្ស៊ី ព្រមានប្រទេសទាំង២នេះ ជារឿយៗចំពោះការសម្រេចចិត្តដែលនឹងផ្លាស់ប្ដូរបន្ទាត់សន្តិសុខនៅអឺរ៉ុបនោះ។
 
បើតាមសេចក្ដីសេចក្ដីថ្លែងការណ៍របស់វិមានក្រេមឡាំង លោក ពូទីន ប្រាប់លោក នីនីស្តូ ត្រង់ៗពីផលវិបាកដែលនឹងអាចកើតឡើងចំពោះហ្វាំងឡង់ពីការចូលរួមក្នុងសម្ព័ន្ធយោធាដែលបង្កើតក្រោយសង្រ្គាមលោកលើកទី២ មួយនេះ។
 
«លោក ពូទីន សង្កត់ធ្ងន់ពីការបញ្ចប់គោលនយោបាយជាប្រពៃណីក្នុងអព្យាក្រឹតយោធា ជាកំហុសមួយ ព្រោះគ្មានការគំរាមដល់សន្តិសុខហ្វាំងឡង់ឡើយ។» វិមានក្រេមឡាំងស្រង់សម្ដីលោក ពូទីន បែបនេះ ដែលបន្តថា ការផ្លាស់ប្ដូរផ្លូវដើរបែបនេះ អាចផ្ដល់ផលវិបាកអវិជ្ជមានលើទំនាក់ទំនងរុស្ស៊ី-ហ្វាំងឡង់ដែលបានអភិវឌ្ឍជាច្រើនឆ្នាំតាមគោលការណ៍អ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការជាដៃគូផងដែរ។
 
ចំណែកការិយាល័យប្រធានាធិបតីហ្វាំងឡង់ បញ្ជាក់ថា កិច្ចសន្ទនាដែលស្នើដោយភាគីហ្វាំងឡង់ មានភាពស្មោះត្រង់ និងត្រង់ៗ។ លោក នីនីស្តូ ក៏ប្រាប់លោក ពូទីន វិញ ពីសារសំខាន់ក្នុងការបញ្ចៀសជម្លោះ និងមូលហេតុដែលហ្វាំងឡង់ជ្រើសរើសចូលរួមជាមួយណាតូ។ បើតាមប្រមុខរដ្ឋហ្វាំងឡង់ សកម្មភាពថ្មីៗនេះរបស់រុស្ស៊ី និងការបំពានអ៊ុយក្រែនផង បានផ្លាស់ប្ដូរស្ថានភាពសន្តិសុខប្រទេសរបស់លោក។
 
កន្លងមក ក្រុងមូស្គូ ក៏បានព្រមានស្រេចហើយថា ខ្លួនចាត់វិធានការតប ប្រសិនបើក្រុងហែលស៊ីគីចូលជាសមាជិកណាតូនោះ។ ប៉ុន្តែ នៅថ្ងៃទី១៤ ខែឧសភា នាយករដ្ឋមន្រ្តីហ្វាំងឡង់​ សាន់ណា ម៉ារីន លើកឡើងថា ប្រទេសលោកស្រីត្រៀមសម្រាប់ចំណាត់ការរបស់រុស្ស៊ីរួចហើយ តែរដ្ឋាភិបាលលោកស្រីមិនទាន់រកឃើញការចង្អុលបង្ហាញថា រុស្ស៊ីប្រើវិធានការយោធាលើហ្វាំងឡង់ឡើយ៕
 
 
 
 

Tag:
 រុស្ស៊ី
  ហ្វាំងឡង់
© រក្សាសិទ្ធិដោយ thmeythmey.com