សុខភាព
អន្តរជាតិ
វិធីសាស្ត្រថ្មីចំនួន៦ សម្រាប់ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីក
15, May 2022 , 10:29 pm        
រូបភាព
គ្រូពេទ្យមួយរូប ព្យាបាលអ្នកជំងឺមហារីក។ រូបភាព៖ AFP
គ្រូពេទ្យមួយរូប ព្យាបាលអ្នកជំងឺមហារីក។ រូបភាព៖ AFP
ជំងឺមហារីក គឺជាឃាតករដ៏សាហាវមួយដែលសម្លាប់មនុស្សជិត ១០លាននាក់ទូទាំងពិភព​លោកក្នុងឆ្នាំ ២០២០។ កន្លងមក អ្នកវិទ្យាសាស្ត្រ បានខិតខំរកវិធីធ្វើរោគវិនិច្ឆ័យឱ្យដឹងពី​ស្ថានភាពជំងឺមហារីក ដើម្បីព្យាបាលជំងឺនេះ។ បច្ចុប្បន្ន គេបានរកឃើញវិធីសាស្ត្រថ្មីធ្វើរោគ​វិនិច្ឆ័យជំងឺមហារីកចំនួន៤ រួមទាំងវិធីព្យាបាលចំនួន ២។ នេះបើតាមការចុះផ្សាយរបស់វេទិកាសេដ្ឋកិច្ចពិភពលោក។

 
តាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) ជំងឺមហារីកបានសម្លាប់​មនុស្សនៅទូទាំងពិភពលោកជិត ១០ លាននាក់មកហើយក្នុងឆ្នាំ ២០២០។ ជំងឺមហារីក​ភាគច្រើន កើតឡើងលើសរីរាង្គដូចជា សុដន់ សួត និងពោះវៀនធំ។ នៅមុនពេលមានការ​រីករាលដាលជំងឺកូវីដ-១៩ អត្រាអ្នកកើតជំងឺមហារីកបានធ្លាក់ចុះ ប៉ុន្តែក្រោយមានជំងឺកូវីដ-១៩ អត្រាអ្នកជំងឺមហារីកបានកើនឡើង ដោយសារពួកគេមានការលំបាកក្នុង​ការទៅធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាល។ 
 
បច្ចុប្បន្នការធ្វើរោគវិនិច្ឆ័យ ក៏ដូចជាវិធីសាស្ត្រព្យាបាលជំងឺមហារីកមានភាពទំនើប និងមាន​ប្រសិទ្ធភាពណាស់ ដែលទំនងជាអាចជួយទប់ទល់នឹងជំងឺមហារីកជាសកលបាន។ ទាំងនេះ​ជាវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យ និងវីធីសាស្ត្រព្យាបាលជំងឺមហារីក៖
 
១. ការប្រើបញ្ញាសិប្បនិម្មិតដើម្បីធ្វើរោគវិនិច្ឆ័យមហារីក (Artificial intelligence fights cancer)
 
ឥណ្ឌាកំពុងប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងម៉ាស៊ីនដែលអាចសិក្សាពីការវិវដ្តនៃជំងឺ​មហារីក។ វិធីនេះអាចជួយដល់ដំណើរធ្វើរោគវិនិច្ឆ័យជំងឺមហារីកទូទៅដូចជាមហារីកសុដន់ ហើយវាក៏ប្រើសម្រាប់វិភាគលទ្ធផលថតកាំរស្មី X (X-ray) ដើម្បីកំណត់ទីតាំងមហារីកក្នុង ករណីដែលគ្រូ​ពេទ្យជំនាញមិនអាចបកស្រាយដោយមើលនឹងភ្នែកបាន។ 
 
២. ការយក DNA របស់កោសិកាមហារីកមកវិភាគ (Clues in the DNA of cancer)
 
អ្នកវិទ្យាសាស្ត្របានអះអាងថា ការយកព័ត៌មានសេនេទិច (DNA) ចេញពីដុំសាច់ដែលកើត​ជំងឺមហារីកទៅវិភាគអាចធ្វើឱ្យដឹងពីមូលហេតុបង្កជំងឺ។ អ្នកជំនាញផ្នែកមហារីកអាចយក​វិធីនេះកំណត់អត្តសញ្ញាណដុំសាច់នៃជំងឺមហារីកទៅតាមប្រភេទ ព្រោះជំងឺមហារីកប្រភេទ​ខុសគ្នា​មានការវិវដ្តខុសគ្នា។
 
៣, ការដកជាលិកាមហារីកតាមឈាម ឬសំយោគជាលិកាមហារីក (Liquid and Synthetic biopsies)
 
ការដកជាលិកា គឺជាវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យជំងឺមហារីកមួយដែលត្រូវការការវះកាត់ដកយក​ជាលិកាចេញពីសរីរាង្គមានជំងឺក្នុងរាងកាយ ហើយយកទៅវិភាគនៅក្នុងមន្ទីរពិសោធន៍។ ពេលខ្លះការដកជាលិកាមហារីកអាចធ្វើបានតាមរយៈឈាម ព្រោះវាងាយស្រួលជាងដោយ​មិនបាច់​វះកាត់។ មួយវិញទៀត គេអាចដកយកជាលិកាទៅសំយោគដើម្បីឱ្យកោសិកាមហារីក​ឆាប់​ចេញប្រតិកម្មលឿន ងាយស្រួលព្យាបាល។ 

៤, ការប្រើតេស្តឈាមផ្អែកលើប្រូតេអ៊ីនដែលត្រូវបានផ្តល់ឱ្យកោសិកាមហារីក
 
អ្នកវិទ្យាសាស្ត្រ បានប្រើការតេស្តឈាមដែលមានប្រូតេអ៊ីនផ្តល់ឱ្យដោយ EV ដែលជាអ្នកគ្រប់​គ្រងទំនាក់ទំនងរវាងកោសិកានឹងកោសិកា។ ​វាត្រូវបានប្រើភាគច្រើនក្នុងការវិនិច្ឆ័យមហារីក​លំពែង ស្បូន និងតម្រងនោមនៅដំណាក់កាលទី ១និង ២។ 
 
៥, ការព្យាបាលមហារីកដោយប្តូរកោសិកា T នៃប្រព័ន្ធភាពស៊ាំ (CAR T-cell therapy)
 
វាជាវិធីព្យាបាលដែលដកយកកោសិកា T នៃប្រព័ន្ធភាពស៊ាំអ្នកជំងឺមហារីកទៅប្ដូរក្នុងមន្ទីរ​ពិសោធន៍ដោយបន្ថែមប្រូតេអ៊ីន CAR (Chimeric antigen receptor) ហើយផ្តល់ទៅឱ្យ​អ្នកជំងឺវិញដោយការចាក់បញ្ចូល។ ការព្យាបាលដោយ CAR T-cell ត្រូវបានប្រើដើម្បី​ព្យាបាលជំងឺមហារីកឈាមមួយចំនួន ហើយវាកំពុងត្រូវបានសិក្សាដើម្បីព្យាបាលជំងឺ​មហារីកប្រភេទផ្សេងទៀត។
 
៦, ការព្យាបាលដុំសាច់ (Precision oncology)
 
ការព្យាបាលដុំសាច់ជាក់លាក់ជាវិធីព្យាបាលជំងឺមហារីកថ្មីល្អបំផុត។ ការកំណត់ និងព្យាបាល​ដុំសាច់ជាក់លាក់អាចធ្វើឱ្យគ្រូពេទ្យកំណត់អត្តសញ្ញាណ និងការផ្លាស់ប្ដូរនៃកោសិកាដែល​អាចវិវដ្តទៅរកជំងឺមហារីក។ ការព្យាបាលលើដុំសាច់ជាក់លាក់មានភាពល្អប្រសើរជាងការ​ព្យាបាលទូទៅជាមួយសារធាតុគីមី ព្រោះវាអាចប៉ះពាល់កោសិកាតិចតួច និងមានផលវិបាក​តិចតួចប៉ុណ្ណោះ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com