អន្តរជាតិ
អាម៉េរិក៖ ខ្មាន់កាំភ្លើងវ័យ១៨ឆ្នាំម្នាក់ បាញ់សម្លាប់មនុស្ស១០នាក់នៅហាងក្នុងរដ្ឋ New York
15, May 2022 , 2:59 pm        
រូបភាព
ប៉ូលិសអាម៉េរិក ឈរល្បាតនៅខាងមុខផ្សារ Tops ដែលមានការបាញ់ប្រហារ។ រូបថត AFP
ប៉ូលិសអាម៉េរិក ឈរល្បាតនៅខាងមុខផ្សារ Tops ដែលមានការបាញ់ប្រហារ។ រូបថត AFP
មនុស្ស១០នាក់ បានស្លាប់ក្នុងការបាញ់ប្រហារនៅហាងលក់ទំនិញមួយកន្លែងក្នុងទីក្រុង Buffalo រដ្ឋ New York នៅថ្ងៃទី១៤ ខែឧសភា។ បើតាមអាជ្ញាធរ ជនដៃដល់ ជាយុវជនម្នាក់ដែលស្លៀកសម្លៀកបំពាក់យោធា ហើយផ្សាយផ្ទាល់សកម្មភាពរបស់ខ្លួនថែមទៀត។

 
ក្រោយហេតុការណ៍បាញ់ប្រហារ ស្នងការប៉ូលិសក្រុង Buffalo លោក Joseph Gramaglia និយាយថា​ ប៉ូលិសចាប់ខ្លួនបុរសវ័យ១៨ឆ្នាំដែលបានធ្វើសកម្មភាពនៅហាង Top ។​ ជនល្មើស ស្លៀកសម្លៀកបំពាក់ការពារខ្លួន និងមួកកងទ័ព ហើយភ្ជាប់កាមេរ៉ាជាប់ខ្លួនទៀតផង។
 
ក្នុងសន្និសីទកាសែតថ្ងៃទី១៤ ខែឧសភា លោក Gramaglia ផ្ដល់តួលេខអ្នកស្លាប់១០នាក់ និងរបួស៣នាក់ ដែលភាគច្រើននៃជនរងគ្រោះជាពលរដ្ឋអាម៉េរិកស្បែកខ្មៅ។ ក្នុងហេតុការណ៍នេះ ខ្មាន់កាំភ្លើង បាញ់មនុស្ស៤នាក់នៅកន្លែងចតឡាន មុនចូលទៅក្នុងផ្សារ។ ជនដៃដល់ បានទម្លាក់កាំភ្លើងរបស់ខ្លួន ពេលប៉ូលិសទៅបញ្ចុះបញ្ចូល។
 
មន្រ្តីការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ប្រចាំនៅទីក្រុង Buffalo លោក Stephen Belongia ការស៊ើបអង្កេតនេះ ត្រូវបញ្ចូលក្នុងការឧក្រិដ្ឋកម្មស្អប់ខ្ពើម។ ចំណែករដ្ឋអាជ្ញាប្រចាំស្រុក Erie ទីដែលការបាញ់ប្រហារកើតមាន អះអាងថា ជនដៃដល់ រងការចោទប្រកាន់បទមនុស្សឃាតកម្រិត១ ដែលមានទោសប្រហារជីវិតទៀតផង។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ៕
 
 
 
 
 
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com