អន្តរជាតិ
ប្រមុខការទូតម៉ាឡេស៊ី ជួបរដ្ឋមន្រ្តីរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ានៅវ៉ាស៊ីនតោន
15, May 2022 , 9:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី Saifuddin Abdullah ជួបជាមួយរដ្ឋមន្រ្តីការបរទេសរដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា Zin Mar Aung ។ រូបថត Twitter លោក Saifuddin
រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី Saifuddin Abdullah ជួបជាមួយរដ្ឋមន្រ្តីការបរទេសរដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា Zin Mar Aung ។ រូបថត Twitter លោក Saifuddin
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Saifuddin Abdullah នៅថ្ងៃទី១៥ ខែឧសភា បានជួបជាមួយសមភាគីមកពីរដ្ឋាភិបាលឯកភាពជាតិមីយ៉ាន់ម៉ា (NUG) ឬរដ្ឋាភិបាលស្រមោលនៅឯទីក្រុងវ៉ាស៊ីនតោន ដែលនេះជាជំនួបបើកចំហលើកទី១រវាងអាស៊ាន និងរដ្ឋាភិបាលស៊ីវិលត្រូវបណ្ដេញពីអំណាច។ ក្រសួង​ការបរទេសមីយ៉ាន់ម៉ាក្រោមរបបយោធា មិនពេញចិត្តជំនួបនោះឡើយ។

 
ជាជំនួបដែលធ្វើឱ្យរបបយោធាមីយ៉ាន់ម៉ាក្ដៅស្លឹកត្រចៀកខ្លាំង ប្រមុខការទូតម៉ាឡេស៊ី Saifuddin Abdullah បានជួបរដ្ឋមន្ត្រីការបរទេសរដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា Zin Mar Aung នៅទឹកដីអាម៉េរិក។ លោក Saifuddin សរសេរលើ Twitter ថា ជំនួបនេះជជែកពីស្ថានការណ៍ចុងក្រោយនៅមីយ៉ាន់ម៉ា។
 
«ពួកយើងបានឆ្លៀតឱកាសដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីការវិវឌ្ឍចុងក្រោយបង្អស់នៅមីយ៉ាន់ម៉ា ដែល​រដ្ឋមន្ត្រី Zin បានចែករំលែកការយល់ដឹង ក៏ដូចជាបញ្ហាប្រឈមរដ្ឋាភិបាល NUG កំពុងជួបប្រទះ រួម​ទាំងតម្រូវការជំនួយមនុស្សធម៌ ការបណ្តុះបណ្តាល បច្ចេកទេស និងការអប់រំសម្រា​ប់​ជន​ភៀស​ខ្លួន​មីយ៉ាន់ម៉ា»។ លោក Saifuddin បានលើកឡើងបែបនេះ រួចបន្តថា ម៉ាឡេស៊ី​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុងការជួយស្ដារសន្តិភាព និងលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ាឡើងវិញ។
 
ក្រសួងការបរទេសមីយ៉ាន់ម៉ា បង្ហាញការជំទាស់ទៅនឹងជំនួបរវាងប្រមុខការទូតប្រទេសអាស៊ាន និងតំណាងរដ្ឋាភិបាលស្រមោល ដែលត្រូវបានបញ្ចូលក្នុងបញ្ជីក្រុមភេរវករ។ ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសមីយ៉ាន់ម៉ា បរិហារទំនាក់ទំនងរវាងរដ្ឋាភិបាល NUG ជាមួយនឹង​ក្រសួងការ​បរទេសអាម៉េរិក ហើយក៏បាន​ផ្ញើសារ​តវ៉ា​ទៅ​ប្រទេស​អាស៊ាន​ទាំង​អស់ និង​​អាម៉េរិក​ដោយស្នើ​ឱ្យ​ពួកគេ​ដកខ្លួនចេញពីការពិភាក្សាជាមួយរដ្ឋាភិបាលស្រមោលនោះ។
 
សេចក្ដីថ្លែងការណ៍ដដែលនោះ ក៏បដិសេធកថាខណ្ឌដែលមាននៅក្នុងសេចក្តីថ្លែងការណ៍រួម២៨ទំព័រ​ចេញក្រោយជំនួបពិសេសអាម៉េរិក និងអាស៊ានដែលរួមមានការកំណត់ពេលវេលាឱ្យរ​បប​យោធា​មីយ៉ាន់ម៉ាសម្រេចតាមផែនការ៥ចំណុច។ ក្រសួងការបរទេសរបបមីយ៉ាន់ម៉ា លើកឡើងទៀតថា ភាសា​ដែលប្រើប្រាស់ក្នុងកថាខណ្ឌខាងលើនោះបានជ្រៀតជ្រែកផ្ទៃក្នុង និងអធិបតេយ្យភាព​របស់​មីយ៉ាន់ម៉ា ហើយលើសពីផែនការ៥ចំណុចទៀតផង៕
 
 
 

Tag:
 ម៉ាឡេស៊ី
  អាស៊ាន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com