អន្តរជាតិ
ជំងឺរលាកថ្លើមជិត ៣០០ករណីផ្ទុះឡើងចំពោះកុមារក្នុងប្រទេសចំនួន ២០
15, May 2022 , 4:12 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ជំងឺរលាកថ្លើមប្រមាណ ៣០០ករណី បានកើតឡើងចំពោះកុមារនៅក្នុងប្រទេសចំនួន ២០ ទូទាំងពិភពលោករួមមានអឺរ៉ុប អាម៉េរិក និងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ នេះបើ​តាមការអះអាងរបស់​អង្គការសុខភាពពិភពលោក (WHO)។ បច្ចុប្បន្ន មន្ត្រីសុខាភិបាល​អង់គ្លេស និង មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ​អាម៉េរិក (CDC) កំពុងស៊ើបអង្កេតលើ​ករណីផ្ទុះជំងឺធ្ងន់ធ្ងរបែបនេះលើកុមារដ៏ច្រើន ដោយមិនដឹងពីដើមហេតុដំបូង។

 
 
គិតចាប់ពីខែមករា ឆ្នាំ២០២២មក ករណីជំងឺរលាកថ្លើមលើកុមារ បានហក់ឡើងគួរឱ្យកត់​សម្គាល់នៅអង់គ្លេសលើកុមារអាយុក្រោម១០ឆ្នាំ។ ស្របគ្នានេះ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី១ ខែឧសភាបានប្រកាសពីការផ្ទុះករណីរលាក ថ្លើមចំពោះកុមារជិត ៣០០​ករណីដែលក្នុងនោះកុមារនៅអឺរ៉ុបមានចំនួនច្រើនជាងគេ ហើយរួមទាំងកុមារ​នៅអាម៉េរិក តំបន់ប៉ាស៊ីហ្វិកខាងលិច និងអាស៊ីអាគ្នេយ៍។
 
ជំងឺរលាកថ្លើមភាគច្រើនកើតឡើងពីការឆ្លងវីរុសចូលទៅក្នុងថ្លើម។ ជាទូទៅ វីរុសបង្កជំងឺ​រលាកថ្លើមមាន ៥ប្រភេទ គឺវីរុសរលាកថ្លើមប្រភេទ A, B, C, D, និង E។​ យ៉ាងណាមិញ ចំពោះករណីរលាកថ្លើមកុមារទាំងនេះ អ្នកជំនាញ មិនបានរកឃើញថាបង្កដោយប្រភេទវីរុស​ទាំងនោះ​ឡើយ។ ជំងឺរលាកថ្លើមអាចបង្កដោយកត្តារួមផ្សំផ្សេងទៀតដូចជា ការទទួលទាន​ស្រា ជាតិពុល និងការប្រើឱសថច្រើនពេកជាដើម។ ប៉ុន្តែកុមារដែលកើតជំងឺរលាកថ្លើមមិន​មានទាក់ទងនឹង​កត្តាទាំងនេះឡើយ។ ដោយការមិនទាន់ដឹងពីមូលហេតុច្បាស់បែបនេះ មន្ត្រី​សុខាភិបាល​អង់គ្លេស ​និងមជ្ឈមណ្ឌល​គ្រប់គ្រងនិងបង្ការជំងឺ​អាម៉េរិក (CDC) ក៏បានស៊ើប​អង្កេតស្វែងរក​ដើមហេតុបង្កឱ្យបានឆាប់​បំផុត។
 
នៅក្នុងការស្រាវជ្រាវ អ្នកជំនាញបានផ្តោតទៅលើវីរុស (Adenovirus) បង្កជំងឺផ្ដាសាយតូច​ចំពោះកុមារ ថាតើវាមានទំនាក់ទំនងនឹងការបង្កជំងឺរលាកថ្លើមឬទេ។ លើសពីនេះ អ្នក​ជំនាញបានអង្កេតពីទំនាក់ទំនងរវាងជំងឺរលាកថ្លើម និងជំងឺកូវីដ-១៩ ផងដែរ ព្រោះស្រប​ពេលករណី​ជំងឺកូវីដ-១៩ លើកុមារកើនឡើងនោះករណីនៃជំងឺកុមារផ្សេងៗទៀត ដូចជាជំងឺ​ផ្ដាសាយជាដើមក៏មានអត្រាកើនឡើង។ 
 
ជាក់ស្ដែង កុមារដែលបានរកឃើញថាមានជំងឺ​រលាកថ្លើម ត្រូវបានឱ្យដឹងថាពួកគេទើបតែ​កើតជំងឺកូវីដ-១៩ ប៉ុន្តែវាមិនទាន់បានអះអាងជាក់លាក់ទេថាជំងឺទាំងពីនេះមានទំនាក់ទំនង​នឹងគ្នា។ ក្រៅពីនេះ អ្នកជំនាញក៏បានសិក្សាលើផលប៉ះពាល់ពីបរិស្ថានមកលើការរលាកថ្លើម​ដែរ។
 
គួរបញ្ជាក់ថា កុមារដែលកើតជំងឺរលាកថ្លើមអាចមានអាការៈមួយចំនួនដូចជា ផ្នែកសនៃគ្រាប់​ភ្នែកប្រែជាពណ៌លឿង មានស្បែកពណ៌លឿង ទឹកនោមពណ៌លឿងចាស់ មានទឹកមុខស្លេក​ស្លាំង ឈឺសន្លាក់ និងសាច់ដុំ ក្ដៅខ្លួនខ្លាំង ឆាប់ហត់ និងមិនសូវឃ្លានអាហារជាដើម៕ 
 

Tag:
 សុខភាព
  ជំងឺថ្លើម
© រក្សាសិទ្ធិដោយ thmeythmey.com