អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍
15, May 2022 , 11:39 pm        
រូបភាព
ក្នុងសប្តាហ៍ថ្មីនេះ ព្រឹត្តិការណ៍ធំៗជាច្រើនបានកើតឡើង។ ខណៈពេលសង្រ្គាមនៅអ៊ុយក្រែនកំពុងតែកើតឡើង អាម៉េរិក-អាស៊ាន បានរៀបចំកិច្ចប្រជុំលើកដំបូង នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពង្រឹងទំនាក់ទំនង និងបង្កើនឥទ្ធិពលអាម៉េរិកនៅអាស៊ីអាគ្នេយ៍ ស្របពេលចិន កំពុងតែអុងអាត់ខ្លាំង តាមរយៈការវិនិយោគ កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងគំនិតផ្តួចផ្តើមផ្លូវ និងខ្សែរក្រវាត់។ មិនតែប៉ុណ្ណោះ ហុងកុង និងហ្វីលីពីន បានរៀបចំការបោះឆ្នោតមេដឹកនាំថ្មី ស្របពេលប្រធានាធិបតីបារាំងស្បថចូលកាន់តំណែងនៅអាណត្តិទីពីរ។

 
ថ្ងៃទី៩ ខែឧសភា
 
ប្រធានធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ​ ពូទីន នៅថ្ងៃជ័យជម្នះ បានរំលឹកខួបដល់ទាហានសូវៀតដែលបានយកឈ្នះសង្គ្រាមជាមួយណាស៊ីអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទីពីរ និងបានសង្កត់ធ្ងន់​ពីកងកម្លាំងរុស្ស៊ីដែលបានការពារមាតុភូមិពីការគំរាមកំហែងខាងក្រៅ។ យ៉ាងណាមិញ លោកពូទីន មិនបានលើកឡើងពីការប្រកាសប្រមូលកម្លាំងយោធា ឬការប្រកាសជ័យជម្នះលើសង្គ្រាមលើអ៊ុយក្រែននោះឡើយ។
 
ប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង បានថ្លែងពីទីក្រុង Strasbourg ដោយស្នើឱ្យបង្កើតអង្គការនយោបាយថ្មីមួយ ដើម្បីអនុញ្ញាតឱ្យប្រទេសមិនមែនសមាជិកសហភាពអឺរ៉ុប (EU) ចូលរួម។ នៅថ្ងៃដដែលលោក ម៉ាក្រុងក៏បានធ្វើដំណើរទៅអាល្លឺម៉ង់ដើម្បីពិភាក្សាពីវិបត្តិអ៊ុយក្រែន និងអធិបតេយ្យភាព EUផងដែរ។
 
ថ្ងៃទី១០ ខែឧសភា
 
លោក យូន សុកយ៉ល បានស្បថចូលកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងជាផ្លូវការ។ ក្នុងពិធីដ៏ឱឡារិកនេះ លោក យូន បានប្តេជ្ញាបន្តដោះស្រាយបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលមិនត្រឹមតែគំរាមកំហែងកូរ៉េខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាបញ្ហានៅក្នុងតំបន់ និងពិភពលោកផង។
 
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានលើកឡើងថា បណ្តាប្រទេសអឺរ៉ុប គួរតែអនុវត្តស្វ័យភាពការទូតសមូហភាព ជាជាងរួមដៃជាមួយអាម៉េរិក ដែលបង្កើតឱ្យមានគំនិតបែបសង្រ្គាមត្រជាក់ និងការបែងចែកប្លុក។ ក្នុងន័យនេះ មេដឹកនាំចិន ជំរុញឱ្យអឺរ៉ុបគ្រប់គ្រងសន្តិសុខដោយខ្លួនឯង ជាជាងចូលរួមជាមួយប្រទេសដទៃ។
 
ថ្ងៃទី១១ ខែឧសភា
 
ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet បានថ្កោលទោសអំពើហិង្សាដែលកំពុងកើនឡើងយ៉ាងខ្លាំងរវាងក្រុមអ្នកគាំទ្រ និងអ្នកប្រឆាំងរដ្ឋាភិបាលនៅស្រីលង្កា ខណៈវិបត្តិសេដ្ឋកិច្ច និងវិបត្តិនយោបាយនៅក្នុងប្រទេសកាន់តែដ៏ធ្ងន់ធ្ងរ។ ទន្ទឹមនេះ សហភាពអឺរ៉ុប (EU) ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដែរ​ ហើយអំពាវនាវឱ្យអាជ្ញាធរស្រីលង្កាស៊ើបអង្កេត។
 
មន្ត្រីអាម៉េរិកទទួលបន្ទុកកិច្ចការអាស៊ី បានលើកឡើងថា អាម៉េរិកចង់ឱ្យមេដឹកនាំ អាស៊ាន ដើរតួនាទីកាន់តែខ្លាំងជាងមុន​ ដើម្បីផ្លាស់ប្តូរមីយ៉ាន់ម៉ាឱ្យដើរលើផ្លូវប្រជាធិបតេយ្យវិញ បន្ទាប់ពីរដ្ឋប្រហារកាលពីឆ្នាំមុន។ ការលើកឡើងរបស់មន្រ្តីអាម៉េរិកបែបនេះ ធ្វើឡើងមុនជំនួបរវាងប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងមេដឹកនាំអាស៊ានមួយថ្ងៃប៉ុណ្ណោះ។
 
ថ្ងៃទី១២ ខែឧសភា
 
កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិក ៣គ្រាប់ទៅសមុទ្រខាងកើត ក្រោយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល ស្បថចូលកាន់តំណែងបានពីរថ្ងៃ។
 
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ជាលើកដំបូងបំផុត ចាប់តាំងពីជំងឺនេះផ្ទុះឡើងតាំងពីចុងឆ្នាំ២០១៩ មក។ មេដឹកនាំកកំពូលកូរ៉េខាងជើង​ គីម ជុងអ៊ុន ក៏កោះប្រជុំបន្ទាន់មួយ ហើយប្ដេជ្ញាចាត់វិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់ការឆ្លង។
 
ថ្ងៃទី១៣ ខែឧសភា
 
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានប្រកាសថា មនុស្ស៦នាក់ បាន​ស្លាប់​ដោយសារជំងឺកូវីដ-១៩ ហើយស្របពេលជាមួយគ្នានេះ ប្រជាជនរាប់សិបពាន់​នាក់ទៀត​កំពុង​ចេញ​រោគសញ្ញាក្ដៅខ្លួន។ អាជ្ញាធរសុខាភិបាលប្រទេសនេះ កំពុងព្យាយាមរៀបចំប្រព័ន្ធធ្វើតេស្ត និងព្យាបាល​អ្នកជំងឺផងដែរ។
 
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានលើកឡើងថា អាស៊ាន នឹងដំឡើងកម្រិតទំនាក់ទំនងជាមួយអាម៉េរិកពីដៃគូយុទ្ធសាស្រ្ត ទៅដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ នេះបើតាម​គណនី Facebook របស់សម្តេច ហ៊ុន សែន។ ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ គឺជាកម្រិតខ្ពស់បំផុតនៅក្នុងក្របខណ្ឌអាស៊ាន។
 
ថ្ងៃទី១៤ ខែឧសភា
 
មេដឹកនាំអាម៉េរិក បានប្រកាសការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្លុក១០ប្រទេសនេះរយៈពេលយូរទៅមុខទៀត ស្របពេលដែលចិនកំពុងបញ្ជ្រាបឥទ្ធិពលរបស់ខ្លួនចូលក្នុងតំបន់ដូចគ្នា។ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ផ្ទាល់ ចាត់ទុកជំនួបពិសេសជាមួយមេដឹកនាំអាស៊ានលើកនេះ ជាការចាប់ផ្ដើមសករាជថ្មីក្នុងទំនាក់ទំនងអាស៊ាន-អាម៉េរិកទៀតផង។
 
មេដឹកនាំអាស៊ាន និងអាមេរិក ប្រកាសពីការប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៅខែវិច្ឆិកាខាងមុខ។ នេះបើតាមសេចក្ដីប្រកាសរួមចេញក្រោយជំនួបពិសេសអាស៊ាន-អាម៉េរិក។ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់គ្រងជ្រុងជ្រោយ ជាកម្រិតដ៏ខ្ពស់មួយក្នុងទំនាក់ទំនងទ្វេភាគី។
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com