កីឡាជាតិ
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
Fahrundin៖ កីឡា​ករប​រទេ​សរួម​ចំណែក​ធ្វើ​ឲ្យមាន​តុល្យ​ភាព​នៅ​ក្នុង​ក្រុម​
19, Jan 2014 , 9:18 am        
រូបភាព
កីឡាករ Fahrundin បាន​ផ្តល់បទសម្ភាសដល់គេហទំព័រ​ថ្មីៗ
កីឡាករ Fahrundin បាន​ផ្តល់បទសម្ភាសដល់គេហទំព័រ​ថ្មីៗ
ដោយ: ថ្មីៗ
ក្រុម Tampines Rovers ម្ចាស់​ជើង​៥ជំនាន់​នៃ​ក្រប​ខណ្ឌកំ​ពូលសិង្ហ​បុរី S.League ត្រូវ​ប្រកួតដើ​ម្បី​ពាន​រង្វាន់​មិត្ត​ភាព​ NagaWorld Cup ជាមួយ​ក្លិបណាហ្គា​ខប នាវេ​លាម៉ោង​៤រសៀ​ល​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៤ នៅ​ពហុកី​ឡដ្ឋាន​ជាតិ។​ កាលពី​ថ្ងៃសុក្រ​កន្លង​មក ពួក​គេ​បាន​យក​ឈ្នះ​ស្វាយ​រៀង​ ១-០ ក្នុងការ​ប្រកួតមិ​ត្តភាព​កម្តៅសា​ច់ដុំផ​ងដែរ​។



លោក​ អ៊ឹង​ ចំរើ​ន អ្នក​យក​ព័ត៌​មាន​គេហទំព័រ​ថ្មីៗ បាន​ធ្វើ​បទ​សម្ភា​ស​​មួយ​ជាមួយ​ប្រធានក្រុម Tampines Rovers គឺ​ខ្សែបម្រើ Fahrundin Mustafic ដើមកំ​ណើត​ស៊ែប៊ី (អតីត​យូហ្គោស្លា​វី) ដែល​ត្រូវ​បាន​ផ្តល់​សញ្ជាតិ​សិង្ហ​បុរី និង​ចូល​បម្រើ​ក្នុងក្រុម​ជម្រើស​ជាតិ​ចាប់​ពី​ឆ្នាំ​២០០៦មក។ ​កីឡាក​រវ័យ​៣២​ឆ្នាំរូប​នេះ បាន​ចូល​លេងឲ្យ Tampines Rovers ចាប់ពី​ឆ្នាំ​២០០២ មក ហើយ​ធ្លាប់​ត្រូវ​បាន​ខ្ចី​ជើង​ពេញ​មួយ​ឆ្នាំនៅ​ក្លិប Hougang United FC នៃក្របខណ្ឌ S.League ដូចគ្នា។ មុន​នឹង​ត្រឡប់​ទៅ​កាន់ Tampines វិញ​នៅ​ឆ្នាំ​២០១១ Fahrundin បាន​ចំណាយ​ពេល​ពីរ​រដូវ​កាល​នៅ​ក្នុង​ក្របខណ្ឌ Indonesia Super League របស់​ឥណ្ឌូនេ​ស៊ី ជាមួ​យក្លិប Persija Jakarta និង​ក្លិប Persela Lamongan។

លោក អ៊ឹង ចំរើន៖ តើលោក​មាន​ការ​កត់​សម្គាល់អ្វី​ជាពិសេស ពេល​មក​ដល់​កម្ពុជា​ជាលើក​ដំបូង?
កីឡាករ Fahrundin៖ កម្ពុជា​គឺ​មាន​ទិដ្ឋភាព​ដូចជា​វៀតណាម ឬថៃ ដែល​ខ្ញុំ​ធ្លាប់​បាន​ទៅ​ដល់​យ៉ាង​ដូ​ច្នេះ​​ដែរ។ អ្វី​ដែល​ខ្ញុំ​កត់​សម្គាល់​ជាពិសេសនោះ គឺនៅទីនេះ មាន​ការ​ទទួល​យ៉ាងដិតដល់ មនុស្ស​ម្នា​រួសរាយ​រាក់ទាក់។ អ្វី​ៗ​ទាំងអស់នៅទីនេះពិត​ជាអស្ចារ្យ​ណាស់។

លោក អ៊ឹង ចំរើន៖
ពី​ជន​បរទេស​ម្នាក់​រហូត​ដល់​ក្លាយ​ជាកីឡាករ​ជម្រើស​ជាតិសិង្ហបុរី តើ​លោក​មាន​អារម្មណ៍​យ៉ាងណា​ដែរ?
កីឡាករ Fahrundin៖ នេះ​ជាមោទនភាព​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ​ដែល​បាន​ក្លាយ​ជាកីឡាករ​ម្នាក់​ក្នុង​ក្រុម​​ ជម្រើស​ជាតិ​សិង្ហបុរី។ ខ្ញុំ​រីក​រាយ​ក្នុងការលេង​បម្រើ​ឲ្យ​សិង្ហបុរី។ កាលពី​តូច ខ្ញុំ​ធ្លាប់​សុបិន​ថា​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ។ នេះ​ជាក្តីសុបិន​ក្លាយ​ជាការពិត​សម្រាប់​ខ្ញុំ។ បេសកកម្ម​តែមួយគត់​របស់​ខ្ញុំ គឺ​ត្រូវ​​តែធ្វើ​ឲ្យ​បាន​ល្អប្រសើរ​បំផុត​សម្រាប់​ប្រទេស​ជាតិ។ និយាយ​រួម​គឺ​ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​ទទួល​សញ្ជាតិ​សិង្ហបុរី។

លោក អ៊ឹង​ ចំរើ​ន៖
តើ​អាក​ប្បកិរិយា​​របស់​ក្រុម​អ្នកគាំទ្រ​ យ៉ា​ងម៉េច​ដែ​រចំពោះ​រូបលោក?
កីឡាករ Fahrundin៖ ខ្ញុំទទួល​បាន​ការគាំទ្រ​ជានិច្ចពី​អ្នក​គាំទ្រ ពីព្រោះ​ខ្ញុំ​ទទួល​បាន​សញ្ជាតិ​សិង្ហបុរី ដូច្នេះ​ពួក​យើងគឺ​ជា​ជន​រួម​ជាតិតែមួយ។ ក្រុមអ្នក​គាំទ្រ​សិង្ហបុរី​តែ​នៅក្រោយ​ចាំលើក​ទឹក​ចិត្ត​កីឡាករ​រហូត។ ​ដោយ​សារ​ពួក​គាត់ យើងបាន​ឈ្នះពាន​រង្វាន់ AFF Suzuki Cup កន្លងមក។ កីឡដ្ឋាន​ពោរពេញ​ទៅ​ដោយមនុស្ស​នៅ​ពេល​ដែល​យើង​ប្រកួត​ផ្តាច់ព្រ័ត្រ​ជើង​ទីមួយ​ជាមួយ​ជម្រើស​ជាតិ​ថៃកន្លងមក។


លោក​ អ៊ឹង​ ចំរើន៖ តើ​ការ​ផ្តល់​សញ្ជាតិ​ដល់​កីឡាករ​បរទេសពិត​ជាមាន​សារប្រ​យោ​ជន៍​ដល់​ការអ​ភិវឌ្ឍន៍​បាល់​ទាត់​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មែន​ទេ?
កីឡាករ Fahrundin៖ ខ្ញុំគិត​ថា ប្រ​ទេស​ដូចជា​សិង្ហបុរីជាដើម ដែល​ប្រទេស​តូចមួយ មនុស្ស​មិនច្រើន​ទេ​ដែល​ចាប់អារម្មណ៍​លើ​បាល់ទាត់ ដោយ​ពួក​គាត់​ចាប់អារម្មណ៍​ទៅ​លើការងារផ្សេង។ ដូច្នេះ​នេះ​ជា​ដំណើ​រ​វិវត្តជាវិជ្ជមាន​មួយ​ក្នុងផ្តល់​សញ្ជាតិ​ដល់​កីឡាករ​បរទេសដែល​អាច​មាន​អ្វី​លើស​ពី​កីឡា​ករ​ក្នុ​ងស្រុក។ លោក​ដឹង​ស្រាប់ហើយ កី​ឡាករ​នៅ​តំបន់អាស៊ីអាគ្នេយ៍ បញ្ហា​ដែល​ប្រឈម​បំផុត​នោះ គឺ​កាយ​សម្បទា ដូច្នេះ​យើង​ត្រូវ​មាន​តុល្យភាព​ទាំង​កាយ​សម្បទា និង​បច្ចេកទេស។ ខ្ញុំគិត​ថា កីឡា​ករ​បរទេស​ពិត​ជា​រួម​ចំណែក​ឲ្យមាន​តុល្យភាពនៅ​ក្នុងក្រុម។ ខ្ញុំ​ដឹង​អ្វីឡើយពីកម្ពុជា ប៉ុន្តែកីឡាករ​មួយ​ចំ​នួន​ដែល​បាន​ទទួល​សញ្ជាតិ​សិង្ហបុរី​សុទ្ធតែបាន​រួម​ចំណែក​ជាវិជ្ជមាន​សម្រាប់ក្រុម។

(កីឡាករ Fahrundin ពេលកំពុងហ្វឹកហាត់)

លោក អ៊ឹង ចំ​រើន៖ តើ​ស្តង់ដារ​បាល់​ទាត់នៅ​តំបន់​អាស៊ីអាគ្នេយ៍នេះ ស្ថិតនៅ​កម្រិតណា?
កីឡាករ Fahrundin៖ និយាយដោយស្មោះ​ត្រង់​ទៅ ខ្ញុំ​សង្កេតថា​ឃើញ​បាល់ទាត់នៅ​ក្នុងតំបន់​មាន​ការរីក​ចម្រើន ជាពិសេស​នៅ​ម៉ាឡេស៊ី ឥណ្ឌូ​នេស៊ី និង​ថៃ ជាដើម។ កាល​ពី​ឆ្នាំមុន ក្លិប Buriram United របស់​ថៃ បាន​ឈាន​រហូតដល់​វគ្គ​១/៤ផ្តាច់​ព្រ័​ត្រនៃ​ក្របខណ្ឌ AFC Champions League។ នេះ​ជារឿ​ងដ៏​អស្ចារ្យ​បំផុតដែល​បាល់ទាត់​ក្នុងតំបន់មាន​ការ​ឈាន​ទៅមុខ។ ឆ្នាំនេះ ខ្ញុំសង្កេតឃើញ​ថា ក្រប​ខណ្ឌបាល់ទាត់​ម៉ាឡេ​ស៊ី​ ឥណ្ឌូនេស៊ី សិង្ហបុរី ក៏កំពុង​បោះជំហាន​ផង​ដែរ។ ខ្ញុំ​គិត​ថា វិស័យ​បាល់នៅ​តំបន់​អាស៊ីអា​គ្នេយ៍​មិន​មាន​ការ​ថយក្រោ​យឡើ​យ ជាពិសេស​ដោយ​ការកម្លាំង​ចិត្ត​របស់​ក្រុមអ្នកគាំទ្រ​ដែលមាន​ការផុ​សផុ​លកាន់​តែខ្លាំង។ គន្លឹះនៃជោគ​ជ័យ​នោះ គឺ​ការជ្រើស​រើស​កីឡា​ករ​ប​រទេស​ដ៏ត្រឹម​ត្រូវ និង​ការ​បណ្តុះបណ្តាល​ថ្នាលយុ​វជន ដែ​លអា​ចនាំឲ្យ​ក្រុម​ក្នុងតំ​បន់អា​ចមាន​សមត្ថ​ភាព​ប្រកួត​ប្រជែង​ក្រុម​ផ្សេងៗនៅ​ក្នុងតំ​បន់អាស៊ី​ទាំង​មូល។

លោក​ អ៊ឹង ចំ​រើន៖ បាន​ន័​យ​ថា បាល់ទាត់​ក្នុងតំ​បន់មាន​ការ​ប្រ​កួតប្រ​ជែងកា​ន់តែ​ខ្លាំងមែន​ទេ?
កីឡាករ Fahrundin៖ ពិត​ណាស់ ​នាការ​ប្រ​កួត​ Suzuki Cup  ក្រុម​ជម្រើស​ជាតិ​ដូចជា​មីយ៉ាន់​ម៉ា ឡាវ និង​កម្ពុជា​ ជាដើម​នោះ​ មាន​រីក​ចម្រើន​យ៉ាងខ្លាំង។ វាពិត​ជា​ត្រូវកា​រពេល​វេលា ប៉ុន្តែ​នាពេល​ខាង​មុខ ខ្ញុំ​ជឿ​ជាក់ថា​ កីឡា​ករក្នុង​តំបន់អា​ចមា​ន​សមត្ថ​ភាព​ប្រកួត​ប្រជែង​ជាមួយ​ក្រុមកី​ឡាករ​នៅ​តំប​ន់អាស៊ី​កណ្តាល​ ចិន ​ឬក្រុម​ខ្លាំងផ្សេ​ងទៀត​នៅ​ក្នុងទ្វីប។

លោ​ក អ៊ឹង ចំ​រើន៖ ​លោកធ្លា​ប់បាន​ស៊ុត​បាល់ប​ញ្ចូលទី​​មួយគ្រា​ប់លើ​ជម្រើស​ជាតិ​កម្ពុជា​នា​ការប្រ​កួត Suzuki Cup កាលពី​ឆ្នាំ​២០០៨ ខណៈ​សិង្ហបុរី​ឈ្នះក​ម្ពុជា ៥-០។ តើ​លោក​គិត​យ៉ាង​ម៉េចដែរ​ចំ​ពោះ​​ការ​លេងរ​បស់ក​ម្ពុជា​នាពេ​លនោះ​?
កីឡា​ករ Fahrundin៖ បាទ​...ខ្ញុំចាំ​ច្បាស់​ណាស់ ​កាល​នោះការ​ប្រកួត​បាន​ប្រព្រឹត្តទៅនៅ​ទីក្រុង​ហ្សា​កា​រតា ហើយ​ខ្ញុំ​បាន​ស៊ុត​បាល់ប៉េ​ណាល់ទី​។ ខ្ញុំចាំ​បាន​ថា នៅពេល​ចាប់ផ្តើម​ កម្ពុជា​លេង​បាន​យ៉ាង​ល្អ។ ប៉ុន្តែនៅ​​ពេល​យើង​បាន​ស៊ុត​បាល់ប​ញ្ចូល​ទីគ្រាប់ទី​មួយ យើង​បែរជាមាន​ភាព​ងាយ​ស្រួល​ក្នុងការ​រកគ្រាប់​បាល់​បន្ថែម​ទៀត។ ទោះបី​ជាយ៉ាង​ណាក៏​ដោយ ខ្ញុំ​សង្កេតឃើ​ញ​ថា ពួក​គេ​មាន​ការ​ប្រឹងប្រែ​ងយ៉ា​ងខ្លាំង។ ប៉ុន្តែ​អ្វី​ដែល​យើងមាន​ប្រៀបនោះ គឺ​ផ្នែកកា​យសម្ប​ទា ដែល​នេះ​ហើយ​ជាគន្លឹះ​នាំឲ្យយើង​ទទួល​ជ័យ​ជម្នះ។


លោក អ៊ឹង​ ចំរើន​៖ តើ​លោកយល់​យ៉ាងណា​ដែរចំ​ពោះ​ដំណើរ​មក​ប្រកួត​ជាមួយ​ក្លិប​ស្វាយ​រៀង និង​ណាហ្គា​​ខប​របស់​កម្ពុជា?
កីឡាករ Fahrundin៖ នេះ​ជាកា​រត្រៀម​ខ្លួន​មួយ​របស់​យើង​សម្រាប់​ការ​ប្រកួតវគ្គ​ Playoff ពាន​រង្វាន់ AFC Champions League ជាមួយ​ក្លិប South China នា​ថ្ងៃទី​២ ខែកុម្ភៈ។ នេះ​ជាលើក​ដំបូង​របស់​ពួក​យើង​ដែលមក​ប្រកួត​ជាមួយ​ក្លិបនៅ​កម្ពុជា។ ក្លិប​នៅ​កម្ពុជាក៏​មិនអន់​នោះ​ដែរ ពីព្រោះ​ខ្ញុំ​បានឃើញ​ពួក​គេ​លេងនៅ​ក្នុងការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់ Singapore Cup កន្លងមក។ វា​ក៏ជា​​ផ្នែកមួ​យក្នុងកា​រពង្រឹ​ងមិត្តភាព​ផងដែររវា​ងក្លិ​បបាល់ទាត់​ និង​ក្លិប​បា​ល់ទា​ត់ ប្រទេស​ និង​ប្រទេស៕


ពាន​រង្វាន់មិត្តភាព NagaWorld Cup ដែលណាហ្គាខប និង Tampines Rovers ត្រូវដណ្តើមយក




© រក្សាសិទ្ធិដោយ thmeythmey.com