អន្តរជាតិ
ឥណ្ឌា បិទការនាំចេញស្រូវសាលី ខណៈតម្លៃស្បៀងអាហារសកលកំពុងកើនឡើង
16, May 2022 , 5:29 pm        
រូបភាព
ដោយ:
ឥណ្ឌាដែលជាប្រទេសផលិតស្រូវសាលីដ៏ធំទីពីរលើពិភពលោក នៅថ្ងៃទី១៣ ខែឧសភា បានប្រកាសបិទការនាំចេញស្រូវសាលីដែលចូលជាធរមានភ្លាមៗ បន្ទាប់ពីទិន្នផលស្រូវសាលីក្នុងស្រុកធ្លាក់ចុះ​ ហើយតម្លៃកើនឡើងយ៉ាងគំហុកដោយសារអាកាសធាតុក្តៅខ្លាំង។ ទន្ទឹមនេះ តម្រូវការ និងតម្លៃស្រូវសាលីសកលក៏កើនឡើងយ៉ាងខ្លាំង ក្រោយសង្រ្គាមនៅអ៊ុយក្រែន។​

 
«ឥណ្ឌាបិទការនាំចេញស្រូវសាលីដើម្បីធានាសន្តិសុខស្បៀងអាហាររបស់ឥណ្ឌា ក៏ដូចជាប្រទេសជិតខាង និងប្រទេសកំពុងអភិវឌ្ឍដែលងាយរងគ្រោះដទៃទៀត»។ អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិឥណ្ឌាប្រកាសបែបនេះនៅយប់ថ្ងៃទី១៣ ខែឧសភា ដែលចូលជាធរមានភ្លាមៗ ស្របពេលតម្លៃស្រូវសាលីសកលកើនឡើងយ៉ាងខ្លាំង។ 
 
ឥណ្ឌា ក្លាយជាប្រទេសផ្គត់ផ្គង់ស្រូវសាលីដ៏ធំជាងគេនៅឆ្នាំនេះ បន្ទាប់ពីសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ីកាលពីចុងខែកុម្ភៈ បង្កឱ្យការនាំចេញស្រូវសាលីនៅកំពង់ផែសមុទ្រខ្មៅជាប់គាំង។ ប៉ុន្មានថ្ងៃមុនប្រកាសបិទការនាំចេញ ប្រទេសអាស៊ីខាងត្បូងមួយនេះមានបំណងនាំចេញស្រូវសាលីចំនួន១២លានតោននៅឆ្នាំនេះ​ ត្រូវបានផ្លាស់ប្តូរវិញ ដោយសាររលកកម្តៅក្នុងប្រទេសធ្វើ​​​​​​​​​​​​​​​ឱ្យទិន្នផលក្នុងស្រុកធ្លាក់ចុះ និងតម្លៃស្រូវសាលីក្នុងស្រុកកើនឡើងយ៉ាងគំហុក។
 
យ៉ាងណាមិញ ការបិទដឹកចេញស្រូវសាលីនេះត្រូវបានលើកលែងចំពោះករណីដែលលិខិតឥណទានសម្រាប់ទូទាត់ទិញស្រូវសាលីត្រូវបានចេញមុនសេចក្តីប្រកាស​ និងមិនរាប់បញ្ចូលចំពោះប្រទេសណាដែលស្នើទិញស្រូវសាលីដើម្បីបំពេញតម្រូវការសន្តិសុខស្បៀងអាហារឡើយ។ 
 
ពាក់ព័ន្ធនឹងរឿងនេះ បើតាមទីភ្នាក់ងារព័ត៌មាន Bloomberg នៅដើមខែនេះ រលកកម្តៅបានបំផ្លាញទិន្នផលស្រូវសាលីនៅទូទាំងឥណ្ឌា ដែលជំរុញឱ្យរដ្ឋាភិបាលពិចារណាលើការរឹតបន្តឹងការនាំចេញ។​ ដូច្នេះ ការបិទនាំចេញនេះអាចជំរុញឱ្យតម្លៃស្រូវសាលីសកលកើនឡើងមួយកម្រិតទៀត។
 
គួរបញ្ជាក់ថា តម្លៃស្បៀងអាហារពិភពលោកកំពុងកើនឡើងយ៉ាងខ្លាំង តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនដែលប្រទេសទាំងពីរសុទ្ធតែជាប្រទេសនាំចេញស្រូវសាលី​ និងគ្រាប់ធញ្ញជាតិធំជាងគេ។ រដ្ឋាភិបាលជុំវិញពិភពលោកកំពុងស្វះស្វែងធានាការផ្គត់ផ្គង់ស្បៀងអាហារក្នុងស្រុក ដោយឥណ្ឌូណេស៊ីបានផ្អាកការនាំចេញប្រេងដូង ខណៈស៊ែប៊ី និងកាហ្សាក់ស្ថានកំណត់ចំនួនលើការនាំចេញគ្រាប់ធញ្ញជាតិ៕
 

Tag:
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com