កីឡាអន្តរជាតិ
អន្តរជាតិ
អាហ្វ្រិកខាងត្បូងគ្រាំទ្រលោក Infantino ធ្វើប្រធាន FIFA នៅអាណត្តិទី៣
16, May 2022 , 9:29 pm        
រូបភាព
ប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាបាល់ទាត់អាហ្រ្វិកខាងត្បូង (COSAFA) គាំទ្រលោក Gianni Infantino ឱ្យកាន់តំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) សម្រាប់អាណត្តទី៣បន្តទៀត។ FIFA នឹងបោះឆ្នោតជ្រើសរើសប្រធានថ្មីនៅឆ្នាំក្រោយ។


លោក Artur de Almeida e Silva ដែលទើបជាប់ជាប្រធាន COSAFA ថ្មី ជំនួសលោក Phillip Chiyangwa បានប្រកាសពីការគាំទ្រលោក Infantino នៅថ្ងៃទី១៤ ខែឧសភានៅក្នុងពិធីចូលកាន់តំណែងថ្មីរបស់លោក ដែលមានវត្តមានរបស់ប្រធានសហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិក (CAF) លោក Patrice Motsepe ផង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងពិធីនោះ លោក Artur de Almeida លើកឡើងថាលោក Infantino ជាបេក្ខជនដ៏ល្អបំផុតដើម្បីដឹកនាំបាល់ទាត់ពិភពលោកសម្រាប់រយៈពេល ៤ឆ្នាំទៅមុខទៀត។
 
«លោក Infantino បានបង្ហាញពីបំណងប្រាថ្នារបស់គាត់ម្តងហើយម្តងទៀតក្នុងការធ្វើឱ្យវិស័យបាល់ទាត់អាហ្រ្វិកលូតលាស់។ Infantino មិនមែននិយាយតែមាត់ទេ តែគាត់បានបង្ហាញដោយសកម្មភាព»។ នេះជាការលើកសរសើរបស់លោក Artur de Almeida ទៅកាន់ប្រធាន FIFA។
 
លោក Infantino សញ្ជាតិស្វ៊ីស ដែល​ជាប់​ឆ្នោត​នៅអាណត្តទី២នេះ​ដោយ​មិន​មាន​ការ​ជំទាស់​នៅ​ឆ្នាំ ២០១៩ ទំនង​ជា​​ឈរ​ឈ្មោះបោះឆ្នោត​​អាណត្តិ​ទី​៣បន្តទៀត​នៅ​សមាជ FIFA លើក​ទី៧៣ នៅ​ឆ្នាំ​ ២០២៣។
 
តំណែងថ្មីជាប្រធាន COSAFA របស់លោក Artur de Almeida ក៏ត្រូវបានបោះឆ្នោតជ្រើសរើសដោយមិនមានការជំទាស់ផងដែរ។ លោកបានទទួលការគាំទ្រពីសមាគមបាល់ទាត់ជាតិចំនួន១៤នៅអាហ្វ្រិកខាងត្បូង ដែលជាប្លុកបោះឆ្នោតដ៏ធំមួយ៕
 

Tag:
 FIFA
  Gianni Infantino
  COSAFA
© រក្សាសិទ្ធិដោយ thmeythmey.com