អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែន ស្វះស្វែងរកការគាំទ្រពីបណ្តាប្រទេសនៅអាហ្វ្រិក និងអាស៊ី
16, May 2022 , 10:29 pm        
រូបភាព
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី  ប្រធានាធិបតីអ៊ុយក្រែន។ រូបភាព៖ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន។ រូបភាព៖ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១៥ ខែឧសភា បានអះអាងថា លោកចង់ថ្លែងសុន្ទរកថាក្នុងសភានៅបណ្តាប្រទេសអាហ្វ្រិក និងអាស៊ី ដើម្បីស្វែងរកការគាំទ្របន្ថែមនៅក្នុងសង្រ្គាមអ៊ុយក្រែន។ ការបញ្ជាក់របស់មេដឹកនាំអ៊ុយក្រែនបែបនេះ ធ្វើឡើងស្របពេលជម្លោះរវាងក្រុងកៀវ និងក្រុងមូស្គូ បានអូសបន្លាយជាង ២ខែហើយ។

 
ធ្លាប់តែថ្លែងសារនៅចំពោះមុខសមាជិកសភានៃបណ្តាប្រទេសលោកខាងលិច ពេលនេះប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចង់ថ្លែងសុន្ទរកថានៅសភាបណ្តាប្រទេសអាហ្រ្វិក និងអាស៊ីម្តង ដើម្បីស្វែងរកការគាំទ្រ និងទាញការចាប់អារម្មណ៍របស់ពិភពលោកទៅលើសង្រ្គាមនៅអ៊ុយក្រែន។ កន្លងមក មេដឹកនាំរូបនេះ ធ្លាប់ថ្លែងសុន្ទរកថាក្នុងបណ្តាប្រទេសតិចតួចនៅតំបន់ទាំងពីរ ដោយនៅតំបន់អាស៊ី មានជប៉ុន និងកូរ៉េខាងត្បូង។ 
 
«...យើងកំពុងធ្វើការដើម្បីពង្រីកភូមិសាស្រ្តនៃការថ្លែងសុន្ទរកថាក្នុងសភានៅអាហ្រ្វិក និងអាស៊ី»។ ប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់បែបនេះនៅក្នុងវីដេអូមួយចេញផ្សាយនៅយប់ថ្ងៃទី១៥ ខែឧសភាលើទំព័រហ្វេសប៊ុករបស់់់ខ្លួន ដោយបន្ថែមថា លោកនឹងបន្តលើកឡើងពីស្ថានភាពអ៊ុយក្រែននៅក្នុងសភារបស់បណ្តាប្រទេស អឺរ៉ុបបន្ថែមទៀត។ 
 
បើតាមលោក ហ្សេលេនស្គី រដ្ឋាភិបាលអ៊ុយក្រែន នឹងព្យាយាមធ្វើគ្រប់យ៉ាង ដើម្បីទាញការចាប់អារម្មណ៍របស់ពិភពលោកមកលើសង្រ្គាមនៅអ៊ុយក្រែន ដែលបានធ្វើឱ្យមានប្រជាជនភៀសខ្លួន និងបាត់បង់ជីវិតជាច្រើននាក់។ បន្ថែមពីលើនេះ ប្រមុខរដ្ឋអ៊ុយក្រែន ក៏ទទូចឱ្យមានការគាំទ្រផ្នែកអាវុធ និងហិរញ្ញវត្ថុមករដ្ឋាភិបាលខ្លួនផង ជាពិសេសក្រោយសង្រ្គាមនៅអ៊ុយក្រែនត្រូវបញ្ចប់ ដើម្បីស្តារសេដ្ឋកិច្ច និងកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលកម្លាំងរុស្ស៊ីបានបំផ្លាញ។ 
 
ក្រៅពីសភានៅបណ្តាប្រទេសអាហ្រ្វិក និងអាស៊ី វេទិកាអន្តរជាតិ ក៏ជាគោលដៅផងដែរ។ តាមវីដេអូដដែល លោក ហ្សេលេនស្គី បានបន្តថា ក្នុងឆ្នាំនេះ វេទិកាសេដ្ឋកិច្ចពិភពលោក ដែលគ្រោងធ្វើនៅក្រុងដាវូស ស្វ៊ីស នឹងក្លាយជាសន្និសីទដ៏សំខាន់សម្រាប់អ៊ុយក្រែនក្នុងការស្វែងរកការគាំទ្រ។ ប្រធានាធិបតីអ៊ុយក្រែន គ្រោងនឹងចូលរួមវេទិកាសេដ្ឋកិច្ច នៅថ្ងៃទី២៣ ខែឧសភា តាមប្រព័ន្ធវីដេអូ។
 
ក្នុងវីដេអូដដែលនោះ មេដឹកនាំអ៊ុយក្រែនរូបនេះ ក៏បានបញ្ជាក់ពីស្ថានភាពនៅតំបន់ភាគកើតរបស់អ៊ុយក្រែនផង។ លោក ហ្សេលេនស្គី សង្កត់ធ្ងន់ថា កម្លាំងរុស្ស៊ីមិនបានទទួលស្គាល់ឡើយ ថាខ្លួនកំពុងតែផុងខ្លួននៅតំបន់ដុនបាស ហើយប្រតិបត្តិការយោធាពិសេស​ លែងមានប្រសិទ្ធភាពហើយ។ ការអះអាងរបស់មេដឹកនាំអ៊ុយក្រែនបែបនេះ ធ្វើឡើងស្របពេលអភិបាលក្រុង Kharkiv លោក Oleh Sinegubov បានសរសេរលើប្រព័ន្ធ Telegram ថាកម្លាំងយោធាអ៊ុយក្រែន បានទៅដល់ព្រំដែនអ៊ុយក្រែន-រុស្ស៊ី និងរៀបចំសញ្ញាព្រំដែនឡើងវិញ៕ 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com