អន្តរជាតិ
រលកកម្ដៅវាយប្រហារឥណ្ឌា ដោយរដ្ឋធានីញូវដែលីកត់ត្រាសីតុណ្ហភាពកើនហួស៤៩អង្សា
16, May 2022 , 11:29 pm        
រូបភាព
ប្រជាជនឥណ្ឌា សម្រាកក្រោមស្ពានក្នុងរដ្ឋធានីញូវដេលី។ រូបថត Xinhua
ប្រជាជនឥណ្ឌា សម្រាកក្រោមស្ពានក្នុងរដ្ឋធានីញូវដេលី។ រូបថត Xinhua
ដោយ:
រលកកម្តៅ​ កំពុងវាយប្រហាររដ្ឋជាច្រើននៅឥណ្ឌា ដោយតំបន់មួយចំនួននៃរដ្ឋញូវដែលី មានសីតុណ្ហភាពកើនដល់លើស៤៩អង្សានៅថ្ងៃទី១៥ ខែឧសភា ដែលជាកម្រិតមួយដែលមិនធ្លាប់ពីមុនមកក្នុងរដ្ឋធានីមួយនេះ។ នេះបើតាមទិន្នន័យចេញដោយនាយកដ្ឋានឧតុនិយមឥណ្ឌា។ ភាគពាយព្យ និងកណ្តាលរបស់ឥណ្ឌា ជាចំណុចរងគ្រោះងខ្លាំងដោយសាររលកកម្ដៅធ្ងន់ធ្ងរ។


ឥណ្ឌា ជាប្រទេសមួយដែលតែងតែទទួលរងការវាយប្រហារពីរលកកម្តៅជាញឹកញយ។ ចាប់តាំងពីចុងខែមីនា មក ​ប្រជាជនឥណ្ឌាយ៉ាងហោចចំនួន ២៥នាក់ បានបាត់បង់ជីវិតដោយសារសីតុណ្ហភាពក្តៅខ្លាំង។ សន្ទុះកើនឡើងសីតុណ្ហភាព កំពុង​បន្តវាយប្រហាររដ្ឋជាច្រើនរបស់ឥណ្ឌា រហូតមន្រ្តីនៅតាមតំបន់ បានស្នើសុំឱ្យប្រជាជនមានការប្រុងប្រយ័ត្ន ហើយព្រមានថា ​អាកាសធាតុក្តៅហួតហែងខ្លាំងអាចនឹងបង្កជាបញ្ហាសុខភាពដល់ទារកនិងមនុស្សចាស់​ ជាពិសេសអ្នកមានជំងឺរុំារ៉ៃ។
 
នៅថ្ងៃទី១៥ខែឧសភា​ តំបន់​ស្ថិតនៅភាពពាយព្យនៃរដ្ឋញូវដេលី បានកត់ត្រាសីតុណ្ហភាពកើនដល់៤៩,២អង្សា និង៤៩,១អង្សានៅភាគនារតី។​ នេះជាលើកទីមួយហើយដែលស្ថានីយអាកាសធាតុនៃរដ្ឋធានីជាតិនេះ បានកត់ត្រាអាកាសធាតុកើនឡើងខ្លាំងបែបនេះ។ កាលពីឆ្នាំ១៩៩៨ ​រដ្ឋធានីញូវដេលីកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតត្រឹម៤៨,៤អង្សាប៉ុណ្ណោះ។
 
​នាប៉ុន្មានថ្ងៃកន្លងនេះ ​រដ្ឋដែលមានសីតុណ្ហភាពហក់ឡើងខ្លាំងរួមមាន​ Himachal Pradesh, Haryana, Uttarakhand, Punjab និង​​​ Bihar។ នាយកដ្ឋានអាកាសធាតុឥណ្ឌាបានអះអាងថា ​សីតុណ្ហភាពអាចនឹងធ្លាក់ពី២ទៅ៤អង្សានៅតាមតំបន់មួយចំនួន ប៉ុន្តែមិនមានការអន់ថយកម្តៅខ្លាំងឡើង។
 
ជារៀងរាល់ឆ្នាំ​​ រលកកម្តៅតែងតែចាប់ផ្តើមគ្របដណ្តប់ឥណ្ឌាចាប់ពីខែឧសភា ឬខែមិថុនា ប៉ុន្តែនារដូវក្តៅក្នុងឆ្នាំ២០២២នេះ​​ សីតុណ្ហភាពក្តៅខ្លាំងចាប់ផ្តើមវាយប្រហារតាំងពីចុងខែមីនាមកម្ល៉េះ ដែលបណ្តាលឱ្យប្រជាជនរាប់លាននាក់នៅភាគពាយន្យផ្លាស់ប្តូរទីលំនៅ និងបំផ្លាញដល់ដំណាំរបស់ពួកគេ​។​នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន​​ BBC ។
 
ពាក់ព័ន្ធនឹងបញ្ហានេះ ​កាលពីដើមខែឧសភា នាយករដ្ឋមន្រ្តីឥណ្ឌា​លោក ​នារិន្រ្ទា​ ម៉ូឌី បានស្នើឱ្យមេដឹកនាំប្រចាំរដ្ឋនីមួយៗរៀបចំផែនការកាត់បន្ថយផលប៉ះពាល់នៃកម្តៅខ្លាំង ខណៈសីតុណ្ហភាពកើនឡើងលឿនជាងធម្មតា។ កសិករបារម្ភថា​ ​ការកើនឡើងនៃសីតុណ្ហភា​ពដែលមិនរំពឹងទុកនេះ​​ បានប៉ះពាល់ដល់ការប្រមូលផលស្រូវសាលីរបស់ពួកគេ៕
 

Tag:
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com