អន្តរជាតិ
នាយករដ្ឋមន្រ្តីស្រីលង្កា នឹងពិភាក្សាពីវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីកំហិតអំណាចប្រធានាធិបតី
16, May 2022 , 6:49 pm        
រូបភាព
លោក Ranil Wickremesinghe នាយករដ្ឋមន្រ្តីស្រីលង្កា។ រូបភាព៖ AFP
លោក Ranil Wickremesinghe នាយករដ្ឋមន្រ្តីស្រីលង្កា។ រូបភាព៖ AFP
ដោយ:
នាយករដ្ឋមន្រ្តីស្រីលង្កាថ្មី លោក Ranil Wickremesinghe នៅថ្ងៃទី១៦ ខែឧសភា នឹងពិភាក្សាជាមួយការរិយាល័យអគ្គរដ្ខអាជ្ញាជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី២១ ដើម្បីកំហិតអំណាចរបស់ប្រធានាធិបតី។

 
នាយករដ្ឋមន្រ្តីស្រីលង្កា លោក Ranil Wickremesinghe ដែលទើបតែស្បថចូលកាន់តំណែងនៅថ្ងៃទី១២ ខែឧសភា ស្របពេលស្រីលង្កាកំពុងប្រឈមវិបត្តិសេដ្ឋកិច្ច និងការតវ៉ានៅនៅក្នុងប្រទេស។ យ៉ាងណាមិញ ការតែងតាំងនាយករដ្ឋមន្រ្តីថ្មី មិនបានរម្ងាប់កំហឹងរបស់ក្រុមបាតុករស្រីលង្កា ដែលបន្តជំរុញឱ្យលោកប្រធានាធិបតីចុះចេញពីតំណែងឡើយ។ កន្លងមក លោកហ្កោតាបាយ៉ា រ៉ាចាប៉ាក់សា ប្រធានាធិបតីស្រីលង្កា បានសន្យាធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ និងផ្តល់អំណាចបន្ថែមទៅសភា។  
 
ទាក់ទិនបញ្ហានេះ លោក Wickremesinghe នឹងពិភាក្សាជាមួយការិយាល័យអគ្គរដ្ឋអាជ្ញា ដើម្បីធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញលើកទី២១។  
 
«វិសោធនកម្មលើកទី២១ នេះ នឹងត្រូវបានលើកមកពិភាក្សាជាមួយការិយាល័យអគ្គរដ្ឋអាជ្ញានៅថ្ងៃស្អែក (ថ្ងៃទី១៦ ខែឧសភា) ហើយបន្ទាប់មកនឹងបង្ហាញទៅកាន់គណៈរដ្ឋមន្រ្តីដើម្បីអនុម័ត»។ លោក Wieckremesinghe បង្ហោះសារបែបនេះ នៅថ្ងៃទី១៥ ខែឧសភា លើបណ្តាញសង្គម Twitter ។ 
 
វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី២១នេះ ត្រូវបានរំពឹងថា នឹងលុបចោលការធ្វើវិសោធនកម្មលើទី២០ ​ដែលផ្តល់អំណាចប្រតិបត្តិស្ទើតែទាំងស្រុងឱ្យប្រធានាធិបតីស្រីលង្កា។ លោក រ៉ាចាប៉ាក់សា កន្លងមក បានលុបចោលវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១៩ ដែលបានផ្តល់អំណាចទៅសភា ខ្លាំងជាងប្រធានាធិបតី។  
 
កាលពីចុងខែមេសា បក្សប្រឆាំងស្រីលង្កា SJB ក៏បានបញ្ជូនសេចក្តីព្រាងច្បាប់នៃវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី២១ ទៅកាន់អគ្គលេខាធិការសភាដែរ។ គោលបំណងនៃសេចក្តីព្រាងនោះ គឺលុបបាត់ប្រព័ន្ធប្រធានាធិបតីបច្ចុប្បន្ន ដោយជំនួសមកវិញនូវប្រព័ន្ធដែលពង្រឹងលទ្ធិប្រជាធិបតេយ្យដែលផ្អែកលើការបែងចែងអំណាច ព្រមទាំងត្រួតពិនិត្យ និងតុល្យភាពអំណាច។ 
 
គួររំឭកថា ក្រោយទទួលបានជ័យជម្នះក្នុងការបោះឆ្នោតកាលពីខែសីហា ឆ្នាំ២០២០ គ្រួសាររ៉ាចាប៉ាក់សា បានក្តោបក្តាប់អំណាចក្នុងប្រទេស ដែលអនុញ្ញាតឱ្យលោក​ រ៉ាចាប៉ាក់សា ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីស្តារអំណាចប្រធានាធិបតីឡើងវិញ ព្រមទាំងបញ្ចូលសមាជិកគ្រួសារក្នុងមុខតំណែងសំខាន់ៗទៀតផង។ មកទល់ពេលនេះ ប្រធានាធិបតីស្រីលង្កានៅតែរក្សាតំណែងរបស់ខ្លួនដដែល ស្របពេលសមាជិកគ្រួសារលោក ដែលមានតួនាទីជានាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីផ្សេងៗទៀត បានលាលែងពីតំណែងអស់ហើយ បន្ទាប់ពីមានហិង្សាផ្ទុះឡើងនៅក្នុងប្រទេស និងការទាមទារឱ្យចុះចេញពីតំណែង៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com