អន្តរជាតិ
មេដឹកនាំព្រឹទ្ធសភាអាម៉េរិក៖ អាម៉េរិកនឹងផ្ដល់សច្ចាប័នឱ្យ​ហ្វាំងឡង់ចូលជាសមាជិក​ណាតូមុន​ខែ​សីហា
17, May 2022 , 9:55 am        
រូបភាព
មេដឹកនាំបក្សសំឡេងភាគតិចព្រឹទ្ធសភាអាម៉េរិក Mitch McConnell ។ រូបថត AFP
មេដឹកនាំបក្សសំឡេងភាគតិចព្រឹទ្ធសភាអាម៉េរិក Mitch McConnell ។ រូបថត AFP
ប្រធានសំឡេងភាគតិចព្រឹទ្ធសភាអាម៉េរិកមកពីបក្សសាធារណរដ្ឋ Mitch McConnell នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា អះអាងថា សភាអាម៉េរិកនឹងព្យាយាមផ្ដល់សច្ចាប័នឱ្យសំណើសមាជិកភាព​ចូលសម្ព័ន្ធ​យោធា​ណាតូរបស់ហ្វាំងឡង់ឱ្យបានមុនវិស្សមកាលខែសីហា។ កាណាដាឯណោះ ក៏គាំទ្រការផ្ដល់​សច្ចាប័ន​រហ័សសម្រាប់ហ្វាំងឡង់ និងស៊ុយអែតដែរ។ ប៉ុន្តែរុស្ស៊ីក៏ព្រមានដែរថា ការ​ពង្រីក​សមាជិកភាពនេះ ជា​កំហុសដែលនឹងបង្កភាពតានតឹងផ្នែកយោធារវាងលោកខាងលិច និងរុស្ស៊ី។


​ខណៈជាទូទៅ សមាជិកភាពសម្ព័ន្ធយោធាណាតូអាចចំណាយពេលរហូតដល់មួយឆ្នាំដើម្បីទទួលបានសច្ចាប័នពីសមាជិកមុនៗ អាល្លឺម៉ង់ រួមទាំងប្រមុខណាតូបានសន្យាផ្ដល់សច្ចាប័នរហ័សសម្រាប់​ហ្វាំងឡង់ និងស៊ុយអែតដោយសារតែពួកគេត្រូវការការការពារផ្នែកសន្តិសុខជាបន្ទាន់ ប្រឈមមុខការគំរាមរបស់រុស្ស៊ី។ អាម៉េរិកឯណេះក៏បេ្ដជ្ញាជួយឱ្យប្រទេសទាំងពីរក្លាយជាសមាជិកឱ្យបានលឿនមុនខែ​សីហាខាងមុខទៀតផង។
 
អំឡុងសន្និសីទកាសែតក្រោយជំនួបជាមួយប្រធានាធិបតីហ្វាំងឡង់ សាវលី នីនីស្តូ នៅរដ្ឋធានី​ហែលស៊ិនគី ប្រធានសំឡេងភាគតិចព្រឹទ្ធសភាអាម៉េរិក Mitch McConnell បញ្ជាក់ថា សមាជិក​សភា​អាម៉េរិកទាំងពីរបក្សបានគាំទ្រយ៉ាងទូលំទូលាយសម្រាប់ការចូលជាសមាជិកសម្ព័ន្ធ​យោធា​ណាតូ​របស់​ហ្វាំងឡង់។ ទោះបីជាការគាំទ្រមិនមែនដោយឯកច្ឆន្ទក៏ដោយ សំឡេងគាំទ្រមានដ៏ច្រើននេះ​មាន​សារ​សំខាន់ណាស់។
 
«ប្រាកដណាស់ ពួកយើងសង្ឃឹមថានឹងសម្រេចវា (ការចូលជាសមាជិកណាតូរបស់ហ្វាំងឡង់) មុន​ពេលវិសមកាលខែសីហាដែលជាពេលដែលសភាជាធម្មតាមិនប្រជុំអ្វីនោះឡើយ»។ លោក McConnell បានបញ្ជាក់បែបនេះ។
 
នៅថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បានបញ្ជាក់ពីការគាំទ្រឱ្យ​ហ្វាំងឡង់ និងស៊ុយអែតចូលសម្ព័ន្ធយោធាណាតូឱ្យបានលឿនផងដែរ។ ពីទីក្រុងព្រុចសែល លោកស្រី Joly បានថ្លែងថា កាណាដានឹងចំណាយពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះដើម្បីផ្ដល់សច្ចាប័ន​ឱ្យ​ប្រទេស​ទាំង​ពីរ។
 
ជុំវិញរឿងនេះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Ryabkov បានព្រមានថា លោកខាង​លិចមិនគួរ​ភាន់​ច្រឡំក្រុងមូស្គូនឹងនៅស្ងៀមចំពោះការពង្រីកសម្ព័ន្ធយោធាដែលដឹកនាំដោយអាម៉េរិក​មក​ដល់​តំបន់​ប៉ែកខាងជើងអឺរ៉ុបឡើយ។ លោកក៏សង្កត់ធ្ងន់ថា ការពង្រីកសមាជិកសម្ព័ន្ធមួយនេះ​គឺ​ជា​កំហុស​ដែល​នឹងបង្កភាពតានតឹងផ្នែកយោធារវាងលោកខាងលិចនិងរុស្ស៊ីបន្ថែមទៀត៕
 
 
 

Tag:
 អាម៉េរិក
  ហ្វាំងឡង់
© រក្សាសិទ្ធិដោយ thmeythmey.com