អន្តរជាតិ
ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិក៖ កិច្ចប្រជុំអាស៊ាន-អាម៉េរិក ទទួលជោគជ័យយ៉ាងធំធេង
17, May 2022 , 11:58 am        
រូបភាព
កិច្ចប្រជុំពិសេសអាស៊ាន-អាម៉េរិក។ រូបភាព៖ Facebook-សម្តេចហ៊ុន សែន
កិច្ចប្រជុំពិសេសអាស៊ាន-អាម៉េរិក។ រូបភាព៖ Facebook-សម្តេចហ៊ុន សែន
លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកកិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក​ នៅថ្ងៃទី១៧ ខែឧសភា លើកឡើងថា កិច្ចប្រជុំពិសេសអាស៊ាន-អាម៉េរិក ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា បាននទទួលជោគជ័យយ៉ាងធំធេង។ បើតាមឧបការីរដ្ឋមន្រ្តីរូបនេះ ជំនួបដែលធ្វើឡើងលើកដំបូងនៅសេតវិមាន អាចជួយពង្រឹងទំនាក់ទំនងអាម៉េរិកជាមួយអាស៊ានបន្ថែមទៀត។

 
បន្ទាប់ពីកិច្ចប្រជុំអាស៊ាន-អាម៉េរិក បានបិទបញ្ចប់ ក្រសួងការបរទេសរៀបចំសន្និសីទសារព័ត៌មានមួយ តាមរយៈទូរសព្ទ នៅថ្ងៃទី១៧ ខែឧសភា (ថ្ងៃនៅកម្ពុជា) ដោយមានការចូលរួមពីលោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកកិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងលោក Edgard D. Kagan ជំនួយការពិសេសរបស់ប្រធាន និងនាយកផ្នែកអាស៊ីខាងកើត និងអូសេអានីក្រុមប្រឹក្សាសន្តិសុខជាតិ។ 
 
ដោយមេដឹកនាំអាស៊ាន និងអាម៉េរិក បានឯកភាពរួមគ្នាក្នុងការដោះស្រាយបញ្ហាជាច្រើនដូចជាវិបត្តិនយោបាយមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងពង្រឹងការអប់រំជាដើមនៅក្នុងសេចក្តីថ្លែងការណ៍រួម លោក Kritenbrink បានអះអាងថា កិច្ចប្រជុំពិសេសបានទទួលជោគជ័យ។ 
 
«កិច្ចប្រជុំអាស៊ាន ដែលបានរៀបចំឡើងនៅសប្តាហ៍មុន បានទទួលជោគជ័យយ៉ាងធំធេង»។ ឧបការីរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកកិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា លោកជឿជាក់កិច្ចប្រជុំមួយនេះ បានបង្ហាញពីទំនាក់ទំនងដ៏ស៊ីជម្រៅរវាងអាម៉េរិក និងអាស៊ាន ដែលប្រព្រឹត្តទៅរយៈពីរថ្ងៃនោះ។ បើតាមមន្រ្តីក្រសួងការបរទេសរូបនេះ អាម៉េរិកពេញចិត្ត ក្នុងការបន្តកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ានទៀត។ 
 
ក្នុងសន្និសីទតាមទូរសព្ទប្រមាណជិតមួយម៉ោង លោក Kritenbrink បានយល់ថា កិច្ចប្រជុំនេះ គឺលើសពីកិច្ចប្រជុំធម្មតា ដោយសារវាជាការប្រារព្ធខួបលើកទី ៤៥ នៃដៃគូសន្ទនាអាស៊ាន-អាម៉េរិក, ការរំឮកពីកិច្ចការ ដែលបានធ្វើក្នុងរយៈពេល ៤៥ឆ្នាំកន្លងមក និងការអភិវឌ្ឍទំនាក់ទំនងពីដៃគូយុទ្ធសាស្រ្ត ទៅដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ 
 
ដោយបញ្ជាក់ពីកិច្ចប្រជុំឡើងវិញ លោក Kritenbrink បានបន្តថា ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ក៏បានប្រកាសពីបេក្ខភាពអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅអាស៊ានផងដែរ។ ប្រធានាធិបតីអាម៉េរិក នៅថ្ងៃទី១៣ ខែឧសភា បានតែងតាំងលោក Yohannes Abraham ដែលជាលេខាធិការប្រតិបត្តិនៅក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ជាប្រេសិតប្រចាំនៅអាស៊ាន បន្ទាប់ពីនៅទំនេរ៤ឆ្នាំមកហើយ។
 
ចំណែកលោក Kagan បានថ្លែងថា កិច្ចប្រជុំអាស៊ាន-អាម៉េរិក គឺសំខាន់ណាស់សម្រាប់លោក បៃឌិន ដោយសារតែអាម៉េរិកពេញចិត្តក្នុងការពង្រីកទំនាក់ទំនងពេញលេញជាមួយអាស៊ាន និងពង្រឹងតួនាទីអាម៉េរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដូចដែលធ្លាប់សន្យានាពេលកន្លងមក៕ 
 

Tag:
 អាម៉េរិន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com