អន្តរជាតិ
លោក ម៉ាក្រុង តែងតាំងនាយករដ្ឋមន្រ្តីជាស្រ្តីលើកដំបូងក្នុងរយៈពេល៣ទសវត្សរ៍
17, May 2022 , 2:26 pm        
រូបភាព
លោកស្រី Elisabeth Borne នាយករដ្ឋមន្រ្តីបារាំងថ្មី។ រូបភាព៖ AFP
លោកស្រី Elisabeth Borne នាយករដ្ឋមន្រ្តីបារាំងថ្មី។ រូបភាព៖ AFP
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី១៦ ខែឧសភា បានតែងតាំងរដ្ឋមន្រ្តីការងារ Elisabeth Borne ជានាយករដ្ឋមន្រ្តី ដើម្បីដឹកនាំការធ្វើកំណែទម្រង់ក្នុងប្រទេស បន្ទាប់ពីលោកឡើងកាន់តំណែងនៅអាណត្តិទីពីរ។ លោកស្រី Elisabeth Borne ជានាយករដ្ឋមន្រ្តីបារាំងជាស្រ្តីលើកទីមួយ ក្នុងរយៈពេល៣០ឆ្នាំមកនេះ។

 
ភ្លាមៗបន្ទាប់ពីនាយករដ្ឋមន្រ្តី Jean Castex បានលាលែងពីតំណែង ដែលជាផ្នែកមួយនៃការរុះរើគណៈរដ្ឋមន្រ្តី លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី១៦ ខែឧសភា បានជ្រើសតាំង លោកស្រី Elisabeth Borne ជានាយករដ្ឋមន្រ្តីថ្មី។ ការជ្រើសតាំងនាយករដ្ឋមន្រ្តីជាស្រ្តីក្នុងរយៈពេល ៣ទសវត្សរ៍មកនេះ ធ្វើឡើងបន្ទាប់ពីលោកម៉ាក្រុង បានស្បថចូលកាន់តំណែងជាប្រមុខរដ្ឋ នៅអាណត្តិទីពីរ។ 
 
បន្ទាប់ពីមានការតែងតាំងនៅក្នុងសេចក្តីថ្លែងការណ៍របស់វិមាន Elysee លោកស្រី Borne បានធ្វើដំណើរទៅនិវេសនដ្ឋាននាយករដ្ឋមន្រ្តីបារាំង Matignon ក្នុងក្រុងប៉ារីស ដើម្បីទទួលកិច្ចការដឹកនាំរដ្ឋាភិបាល បន្ទាប់ពីលោក Castex។ 
 
«គ្មានអ្វីអាចបញ្ឈប់ការតស៊ូរបស់ស្រ្តី សម្រាប់តួនាទីក្នុងសង្គមបានឡើយ»។ លោកស្រី Borne បានថ្លែងសារលើកទឹកចិត្តទៅកាន់ស្រ្តីផ្សេងទៀតបែបនេះ ក្នុងពិធីទទួលតំណែង ដោយផ្តែផ្តាំឱ្យក្មេងស្រីទាំងអស់ ធ្វើឱ្យក្តីស្រមៃរបស់ពួកគេក្លាយជាការពិត។ 
 
តាមរយៈបណ្តាញសង្គម Twitter លោក ម៉ាក្រុង បញ្ជាក់ថា​ លោកស្រី Borne បានដាក់ចេញ​គោលនយោបាយអាទិភាពរួចហើយ ក្នុងនោះមានដូចជា ប្រព័ន្ធអេកូឡូស៊ី សុខាភិបាល អប់រំ ភាពមានការងារធ្វើពេញលេញ ការស្តារប្រជាធិបតេយ្យ សន្តិសុខ និងអឺរ៉ុបជាដើម។ បើតាមលោកម៉ាក្រុង រដ្ឋាភិបាលបារាំងថ្មីនេះ នឹងខិតខំដោយគ្មានការនឿយហត់សម្រាប់ប្រជាជនរបស់ខ្លួន។ 
 
ក្នុងអាណត្តិថ្មី លោក ម៉ាក្រុង ត្រូវការសំឡេងគាំទ្របន្ថែមទៀតពីសភាដើម្បីអនុម័តគោលនយោបាយក្នុងស្រុក។ យ៉ាងណាមិញ សម្ព័ន្ធឆ្វេងនិយម និងស្តាំនិយមជ្រុល បានព្រមានមិនគាំទ្រគោលនយោបាយរបស់លោកម៉ាក្រុង។ បារាំង ក៏ត្រូវរៀបចំការបោះឆ្នោតសភានៅខែមិថុនាខាងមុខ ហើយលោក ម៉ាក្រុង រំពឺងឈ្នះសំឡេងភាគច្រើនក្នុងការបោះឆ្នោតនេះដែរ។
 
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោកម៉ាក្រុង បានសន្យាដំឡើងអាយុចូលនិវត្តន៍របស់ប្រជាជនបារាំងពី៦២ឆ្នាំ ទៅ៦៥ឆ្នាំ, បង្កើនការងារធ្វើ និងការវិនិយោគនៅក្នុងប្រទេស រួមទាំងប្តេជ្ញាធ្វើឱ្យមានការងារពេញលេញផង។ កន្លងមក អត្រាគ្មានការងារធ្វើនៅបារាំងបានធ្លាក់ចុះមកត្រឹម ៧,៤ភាគរយប៉ុណ្ណោះ ដោយថយចុះពីជាង ១០ភាគរយចាប់តាំងពីលោកម៉ាក្រុងចូលកាន់តំណែង នៅក្នុងឆ្នាំ២០១៧។ 
 
សូមបញ្ជាក់ថា លោកស្រី Borne ជានាយករដ្ឋមន្រ្តីស្រ្តីទីពីររបស់បារាំង បន្ទាប់ពីលោកស្រី Edith Cresson ដែលបានកាន់តំណែងនៅចន្លោះឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩២។ ក្នុងពេលជារដ្ឋមន្រ្តីការងារនៅឆ្នាំ២០២០ លោកស្រីបានធ្វើឱ្យអត្រាភាពគ្មានការងារធ្វើធ្លាក់ចុះទាបបំផុត ក្នុងរយៈពេល​១៥ឆ្នាំកន្លងមកនេះ និងអត្រាក្មេងជំទង់គ្មានការងារធ្វើនៅទាបបំផុត ក្នុងរយៈពេល៤០ឆ្នាំ។ មុននឹងក្លាយជារដ្ឋមន្រ្តីការងារ លោកស្រីBorne ធ្លាប់ជារដ្ឋមន្រ្តីដឹកជញ្ជូន និងជាទីប្រឹក្សាបច្ចេកទេសក្នុងរដ្ឋាភិបាលបារាំងមុនៗ៕ 
 

Tag:
 បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com