អន្តរជាតិ
កូរ៉េខាងជើង បញ្ជូនគ្រូពេទ្យមួយម៉ឺននាក់ទប់ទល់ជំងឺកូវីដ-១៩
17, May 2022 , 3:59 pm        
រូបភាព
រូបថត KCNA
រូបថត KCNA
ស្របពេលករណីឆ្លងជំងឺកូវីដ-១៩ ស្ទុះឡើងជាបន្តបន្ទាប់ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានចល័តទាហានឱ្យមកជួយចែកចាយថ្នាំសម្រាប់ព្យាបាលអ្នកជំងឺ និងដាក់ពង្រាយគ្រូពេទ្យ​ច្រើនជាង​១​ម៉ឺន​នាក់​ដើម្បីប្រឆាំងនឹងរលកជំងឺផ្លូវដង្ហើមដ៏អាក្រក់មួយនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ចេញផ្សាយនៅថ្ងៃទី១៧ ​ខែឧសភា។ អាម៉េរិក ប្រកាសគាំទ្រការផ្ដល់ជំនួយ​មនុស្ស​ធម៌​សម្រាប់​កូរ៉េខាងជើងដែរ។

 
កូរ៉េខាងជើង កំពុងខ្វះខាតទាំងសម្ភារវេជ្ជសាស្ត្រ, ថ្នាំព្យាបាល, គ្រូពេទ្យ ព្រមទាំងវិធីសាស្រ្តព្យាបាល​ឱ្យ​បានត្រឹមត្រូវ ដែលបង្កជាក្ដីបារម្ភពីស្ថានភាពធ្ងន់ធ្ងរ និងផលប៉ះពាល់លើប្រជាជន។យោង​តាម​របាយការណ៍របស់ KCNA ថ្ងៃទី១៧​ ខែឧសភា កូរ៉េខាងជើង រាយការណ៍​ពី​ចំនួន​អ្នក​ក្ដៅខ្លួន​ថ្មី​ចំនួន​២៦​ម៉ឺននាក់ដែលធ្វើឱ្យចំនួនសរុបមានរហូតដល់ ១,៤លានករណី។ ចំនួនអ្នកស្លាប់សរុបកើនដល់៥៦ នាក់​គិតត្រឹមយប់ថ្ងៃទី១៦ ខែឧសភា។ ទោះជាយ៉ាងណា កូរ៉េខាងជើង មិនបានផ្ដល់តួលេខ​ជាក់​លាក់​នៃ​ករណីឆ្លងក្នុងប្រទេសឡើយ។
 
តាមបញ្ជារបស់បក្សកាន់អំណាច ក្រុមពេទ្យរបស់កងទ័ពកូរ៉េខាងជើង ក៏ត្រូវដាក់ពង្រាយ​ភ្លាម​ៗ​ដើម្បី​ឱ្យ​ជួយចែកចាយថ្នាំព្យាបាលនៅទីក្រុងព្យុងយ៉ាង។ ជាមួយគ្នានេះ សមាជិកជា​ន់ខ្ពស់មួ​យ​ចំនួន​នៃ​ការិយាល័យនយោបាយដ៏មានឥទ្ធិពលរបស់គណបក្សពលករកូរ៉េ ក៏បានទៅពិនិត្យមើលតាម ឱសថស្ថាន និងការិយាល័យ គ្រប់គ្រងឱសថដើម្បីពិនិត្យការផ្គត់ផ្គង់ និងតម្រូវការថ្នាំ បន្ទាប់ពី​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន បានរិះគន់ពីការផ្គត់ផ្គង់ថ្នាំឱ្យប្រជាជន។
 
«រដ្ឋាភិបាល អំពាវនាវឱ្យបង្កើតសណ្តាប់ធ្នាប់កាន់តែតឹងរ៉ឹងក្នុងការរក្សា និងគ្រប់គ្រងការ ផ្គត់ផ្គង់​សម្ភារ​វេជ្ជសាស្ត្រដោយរក្សាគោលការណ៍ផ្តល់អាទិភាពដល់តម្រូវការ និងភាពងាយស្រួលរបស់ប្រជាជន»។ KCNA រាយការណ៍បែបនេះ រួចបន្តថា មន្ត្រីសុខាភិបាល គ្រូបង្រៀន និងនិសិត្សពេទ្រចំនួន១,១ ម៉ឺន​នាក់ ចូលរួមពិនិត្យសុខភាពប្រជាជនទូទាំងប្រទេសដោយយកចិត្តទុ​កដាក់ដើម្បី​កំណត់​ទីតាំង និង​មនុស្សណាដែលមានរោគសញ្ញាក្ដៅខ្លួន។
 
យ៉ាងណាមិញ លោក គីម បានអះអាងថា វិស័យផ្សេងៗដែលគាំទ្រសេដ្ឋកិច្ចជាតិកំពុងរក្សាដំណើរការរៀងៗខ្លួន ជាមួយការចាត់វិធានការប្រឆាំងនឹង​ការឆ្លង​រាលដាលជំងឺយ៉ាងហ្មត់ចត់។ មេដឹកនាំរបបទីក្រុងព្យុងយ៉ាង ក៏បានបញ្ជាឱ្យមានការកំណត់សកម្មភាពតាមទីក្រុង និងខេត្តនីមួយៗផងដែរ។
 
ដើម្បីជួយដោះស្រាយវិបត្តិរបស់បងប្អូន កូរ៉េខាងត្បូង បានប្រកាសផ្ដល់ជំនួយដល់ទីក្រុងព្យុងយ៉ាង​ដូច​ជាសម្ភារវិជ្ជសាស្ត្រ, វ៉ាក់សាំង, ម៉ាស, ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ-១៩ និងព្រមទាំងកិច្ច​សហប្រតិបត្តិការបច្ចេកទេសផងដែរ។ ប៉ុន្តែក្រុងសេអ៊ូលបានអះអាងថា កូរ៉េខាងជើងមិន​បាន​ទទួល​សំណើជំនួយនេះនៅឡើយ។ ឯអ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកបានប្រកាសគាំទ្រការផ្ដល់​វ៉ាក់សាំងដល់ប្រជាពលរដ្ឋកូរ៉េខាងជើង និងជំនួយមនុស្សធម៌សម្រាប់ក្រុមងាយរងគ្រោះផងដែរ៕
 
 
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com