អន្តរជាតិ
អាម៉េរិក បង្កើនការស៊ើបអង្កេតក្រុមហ៊ុនបន្ទះសូឡានៅប្រទេសអាស៊ីអាគ្នេយ៍៤ មុនដាក់ពន្ធនាំចូល
17, May 2022 , 8:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ:
ក្រសួងពាណិជ្ជកម្មអាម៉េរិក កំពុងស៊ើបអង្កេតយ៉ាងស៊ីជម្រៅបន្ថែមទៀតទៅលើក្រុមហ៊ុនចំនួន៨ ដែលផលិតបន្ទះសូឡានៅរដ្ឋអាស៊ីអាគ្នេយ៍៤ ពាក់ព័ន្ធការគេចវេសបង់ពន្ធ។ ការស៊ើបអង្កេត ស្ថិតក្នុងដំណាក់កាលប្រមូលព័ត៌មានដើម្បីបញ្ជាក់ថា ក្រុមហ៊ុនចិនដែលផលិតឧបករណ៍ស្រូបថាមពលពន្លឺព្រះអាទិត្យបានបញ្ជូនគ្រឿងបន្លាស់មកដំឡើងនៅប្រទេសទាំងបួននេះដើម្បីបញ្ចៀសការបង់ពន្ធនាំចូលទៅអាម៉េរិកឬយ៉ាងណា មុនឈានដល់ការអនុវត្តពន្ធ។

 
កាលពីចុងខែមីនា ក្រសួងពាណិជ្ជកម្មអាម៉េរិកចាប់ផ្តើមបើកការស៊ើបអង្កេតទាក់ទងនឹងក្រុមហ៊ុនដែលផលិតឧបករណ៍ស្រូបថាមពលពន្លឺព្រះអាទិត្យនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍៤ រួមមានកម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាមតាមបណ្តឹងរបស់ក្រុមហ៊ុនអាម៉េរិក Auxin Solar។ បើតាមពាក្យបណ្តឹង ក្រុមហ៊ុនផលិតបន្ទះសូឡាចិនបានបញ្ជូនគ្រឿងបន្លាស់មកដំឡើងក្នុងប្រទេសបួននេះដើម្បីគេចវេសពីកាតព្វកិច្ចបង់ពន្ធទៅអាម៉េរិកអស់ជិតមួយទស្សវត្សរ៍មកហើយ។ បើរកឃើញដូចអ្វីដែលបានចោទ អាម៉េរិកនឹងសម្រេចដាក់ពន្ធបន្ថែមលើការនាំចូលបន្ទះសូឡាពីប្រទេសអាស៊ីអាគ្នេយ៍៤នេះ។
 
ដើម្បីឈានដល់ការស៊ើបអង្កេតកាន់តែស៊ីជម្រៅ ក្រសួងពាណិជ្ជកម្មអាម៉េរិក កំណត់អត្តសញ្ញាណក្រុមហ៊ុន៨ ដោយសារការនាំចេញខ្ពស់របស់ក្រុមហ៊ុនទាំងនេះទៅអាម៉េរិក។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែឧសភា ក្រុមហ៊ុនទាំង៨នេះត្រូវតែឆ្លើយទៅតាមកម្រងសំណួររបស់ក្រសួងពាណិជ្ជអាម៉េរិកដើម្បីអាចឱ្យអាម៉េរិកទទួលបានព័ត៌មានឱ្យកាន់តែច្បាស់ជុំវិញបទចោទទាំងនោះ។
 
ក្នុងលិខិតរបស់ក្រសួងពាណិជ្ជកម្មអាម៉េរិក ក្រុមហ៊ុនផលិតឧបករណ៍ស្រូបថាមពលពន្លឺព្រះអាទិត្យទាំង៨នេះ ត្រូវបានស្នើឱ្យបញ្ជូនព័ត៌មានត្រឹមថ្ងៃទី២៧ ខែឧសភា រួមមានសំណួរទាក់ទិនរចនាសម្ព័ន្ធកម្មសិទ្ធិ និងប្រភពសម្ភារសម្រាប់ដំណើរការផលិតកម្ម។ ក្រសួងពាណិជ្ជកម្មអាម៉េរិកមានពេលរហូតដល់ថ្ងៃទី២៩ ខែសីហា ដើម្បីចេញផ្សាយការរកឃើញជាបឋមពាក់ព័ន្ធនឹងករណីគេចវេស ហើយអាចពន្យាពេលកំណត់សម្រាប់ការវិនិច្ឆ័យចុងក្រោយត្រឹមខែមេសា ឆ្នាំ២០២៣។
 
បើតាមសមាគមថាមពលស្អាតអាម៉េរិក (American Clean Power Association) ការនាំចូលបន្ទះស្រូបពន្លឺព្រះអាទិត្យពីប្រទេសទាំង៤នេះស្មើនឹង៨០ភាគរយនៃបន្ទះស្រូបពន្លឺដែលត្រូវដំឡើងនៅអាម៉េរិកឆ្នាំនេះ៕
 
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com