អន្តរជាតិ
លោកពូទីន៖ វត្តមានហ្វាំងឡង់ និងស៊ុយអែតនៅណាតូគ្មានបញ្ហាទេ តែហាមបញ្ជូនអាវុធ
17, May 2022 , 9:29 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព៖ AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព៖ AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១៦ ខែឧសភា បានលើកឡើងថា ការចូលជាសមាជិកណាតូពីសំណាក់ហ្វាំងឡង់ និងស៊ុយអែត មិនបានបង្កការគំរាមដល់រុស្ស៊ីឡើយ។ យ៉ាងណាមិញ មេដឹកនាំរុស្ស៊ីដ៏មានឥទ្ធិពលរូបនេះ បានព្រមានថា វានឹងមានផលវិបាក ប្រសិនបើសម្ព័​ន្ធយោធាណាតូបញ្ជូនអាវុធទៅប្រទេសទាំងពីរ។



 
 
ក្រោមហេតុផលសន្តិសុខ ដែលបង្កដោយការគំរាមកំហែងពីសំណាក់រុស្ស៊ី ហ្វាំងឡង់ និងស៊ុយអែត ដែលជាប្រទេសប្រកាន់អព្យាក្រឹតភាពជាច្រើនទសវត្សរ៍មកនេះ នាពេលថ្មីៗនេះ បានប្រកាសថា ខ្លួននឹងចូលជាសមាជិកសម្ព័ន្ធយោធាណាតូ។ មុនការប្រកាសរបស់រដ្ឋាភិបាលហែលស៊ិនគី និងស្តុកខុល លោក វ្លាឌីមៀ ពូទីន នៅថ្ងៃទី១៤ ខែឧសភា បានព្រមានថា ការណ៍ដែលហ្វាំងឡង់មានបំណងចូលរួមជាមួយណាតូ ហើយបោះបង់អព្យាក្រឹតភាពរបស់ខ្លួន ជាកំហុសមួយ ព្រោះហ្វាំងឡង់គ្មានការគំរាមផ្នែកសន្តិសុខអ្វីសោះ។ 
 
ខុសពីការលើកឡើងដូចខាងលើស្ទើរតែទាំងស្រុង លោកពូទីន បានអះអាងថា វត្តមានរបស់ហ្វាំងឡង់ និងស៊ុយអែត គឺមិនមានបញ្ហាអ្វីឡើយសម្រាប់រុស្ស៊ី។ 
 
«សម្រាប់ការពង្រីកខ្លួនរបស់ណាតូ រួមទាំងការទទួលសមាជិកថ្មីដូចជាស៊ុយអែត និងហ្វាំងឡង់ រុស្ស៊ីចង់ប្រាប់អ្នកថា វាគ្មានបញ្ហាអ្វីឡើយជាមួយរដ្ឋទាំងនេះ»។ លោកពូទីន បានសង្កត់ធ្ងន់បែបនេះនៅក្នុងកិច្ចប្រជុំមេដឹកនាំនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO)។ សមាជិករបស់អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព មានដូចជារុស្ស៊ី, អាមេនី, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន, តាហ្ស៊ីគីស្ថាន និងអ៊ូសបេគីស្ថាន។ 
 
យ៉ាងណាក៏ដោយ មេដឹកនាំរុស្ស៊ីដ៏មានឥទ្ធិពលរូបនេះ បានព្រមានមិនឱ្យសម្ព័ន្ធយោធាណាតូបញ្ជូនអាវុធចូលប្រទេសទាំងពីរនេះឡើយ។ បើតាមលោកពូទីន ការពង្រីករចនាសម្ព័ន្ធយោធានៅលើដែនដីទាំងនេះ នឹងធ្វើឱ្យរុស្ស៊ីឆ្លើយតប ដោយគ្មានការសង្ស័យ ហើយទំហំនៃការឆ្លើយតបនោះ គឺអាស្រ័យលើការគំរាម។ ប្រធានាធិបតីរុស្ស៊ី បានបន្តថា គោលនយោបាយពង្រីកសមាជិកដោយគ្មានទីបញ្ចប់ តម្រូវឱ្យមានការយកចិត្តទុកដាក់បន្ថែមពីរុស្ស៊ី។ 
 
សូមបញ្ជាក់ថា ប្រសិនបើស៊ុយអែត និងហ្វាំងឡង់ ចូលជាសមាជិកនៃប្លុកយោធាដ៏ធំជាងគេបំផុតនេះ វានឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរុស្ស៊ីយ៉ាងខ្លាំង ដោយសារណាតូអាចបញ្ជូនទ័ពទៅដល់ព្រំដែនរបស់រុស្ស៊ី។ ហ្វាំងឡង់ មានព្រំដែនជាប់ជាមួយរុស្ស៊ីប្រមាណ ១៣៤០គីឡូម៉ែត្រ៕ 
 

Tag:
 រុស្ស៊ី
  ហ្វាំងឡង់
  ស៊ុយអែត
© រក្សាសិទ្ធិដោយ thmeythmey.com