អន្តរជាតិ
ជប៉ុន​ បើកសាកល្បងទទួលអ្នកទេសចរប្រទេសចំនួ​ន៤ ចាប់ពីចុងខែនេះ
18, May 2022 , 8:29 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ:
រដ្ឋាភិបាលជប៉ុននៅថ្ងៃទី១៧ ខែឧសភា បានប្រកាសថា ខ្លួននឹងចាប់ផ្តើមសាកល្បងទទួលភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមក្រុមហ៊ុនរៀបចំដំណើរកម្សាន្តពីប្រទេសចំនួន៤ មានអាម៉េរិក ​សិង្ហបុរី អូស្រ្តាលី ​និងថៃចាប់ពីចុងខែឧសភានេះ។ ការបើកទទួលអ្នកដំណើរទេសចរបែបនេះ ជាជំហានសាកល្បងមួយរបស់ជប៉ុនដើម្បីឆ្ពោះទៅរកការបើកព្រំដែនឡើងវិញទាំងស្រុងក្រោយពីបានបិទព្រំដែនយ៉ាងតឹងរ៉ឹងអស់ពេលជាង២ឆ្នាំ​។

 
នៅជប៉ុន ​វិស័យទេសចរណ៍ ជាចលករដ៏សំខាន់សម្រាប់រុញច្រានកំណើនសេដ្ឋកិច្ច។ ប៉ុន្តែ​ចាប់តាំងពីជំងឺកូវីដ-១៩ បានវាយលុកមក ​ប្រទេសនេះ​បានចាត់វិធានការបិទព្រំដែនដ៏តឹងតែងបំផុតប្រឆាំងនឹងការរីករាលដាល​ ដោយមិនអនុញ្ញាតឱ្យអ្នកដំណើរបរទេសធ្វើដំណើរចូលឡើយ លើកលែងតែប្រជាជនខ្លួនប៉ុណ្ណោះ។
 
​ប៉ុន្តែនាប៉ុន្មានខែចុងក្រោយនេះ ជ​ប៉ុន​ក៏បានបន្ធូរបន្ថយវិធានការមួយកម្រិតដែរដើម្បីអនុញ្ញាតឱ្យនិស្សិត និងអ្នកជំនួញអាចធ្វើដំណើរចូលប្រទេសខ្លួនបាន។ ​​ឯអ្នកទេសចរវិញ នៅតែមិនទាន់ត្រូវបានអនុញ្ញាត បើទោះកន្លងមក បណ្តាមេដឹកនាំរោងចក្របានអំពាវនាវឱ្យបើកវិស័យទេសចរណ៍ឡើងវិញ ដើម្បីជំរុញឱ្យតម្លៃរូបិយប័ណ្ណក្នុងស្រុកកើនឡើង ក្រោយពីធ្លាក់ចុះដល់កម្រិតទាបមិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ​​​​ Reuters។
 
យោងតាមការប្រកាសរបស់ទីភ្នាក់ងារទេសចរណ៍រដ្ឋជប៉ុននៅថ្ងៃទី១៧ខែឧសភា​ ជប៉ុននឹងចាប់ផ្តើ​មអនុញ្ញាតឱ្យអ្នកដំណើរទេសចរណ៍ជាក្រុមតូចៗចូលក្នុងប្រទេសខ្លួនចាប់ពីចុងខែឧសភានេះតទៅ​ ដែលជាករណីសាកល្បង ដើម្បីប្រមូលព័ត៌មានពីកម្រិតហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ និងឆ្ពោះទៅរកការបើកទទួលភ្ញៀវទេសចរទ្រង់ទ្រាយធំឡើងវិញ។
 
ភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៣ដូស និងទៅពីអាម៉េរិក ​​​សិង្ហបុរី អូស្រ្តាលី ​និងថៃ នឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចូលជប៉ុនតាមរយៈក្រុមហ៊ុនទេសចរណ៍។ ក្រុមហ៊ុន ត្រូវមានគម្រោងនៃដំណើរកម្សាន្តហ្មត់ចត់ដោយសហការជា​មួយទីភ្នាក់ងារទេសចរណ៍របស់ជប៉ុន ហើយអ្នករៀបចំដំណើរកម្សាន្ត ឬ មគ្គុទេសក៍ត្រូវអមដំណើរភ្ញៀវទេសចរគ្រប់ពេលវេលា។
 
​មុនពេលជំងឺកូវីដ-១៩ផ្ទុះឡើង​ ជប៉ុនបានកត់ត្រាភ្ញៀវទេសចរអន្តរជាតិចំនួន៣១,៩លាននាក់នៅឆ្នាំ២០១៩ ដែលរកចំណូលស្មើនឹងទំហំទឹកប្រាក់សរុបជាង​៣៧ពាន់លានដុល្លារ៕
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com