អន្តរជាតិ
កសិករឥណ្ឌូណេស៊ី ធ្វើបាតុកម្មប្រឆាំងការបិទនាំចេញប្រេងដូង​ដែលនាំឱ្យចំណូលធ្លាក់ចុះ
17, May 2022 , 5:38 pm        
រូបភាព
កសិករឥណ្ឌូណេស៊ី ធ្វើបាតុកម្មប្រឆាំងការបិទការនាំចេញប្រេងដូង។ រូបថត AFP
កសិករឥណ្ឌូណេស៊ី ធ្វើបាតុកម្មប្រឆាំងការបិទការនាំចេញប្រេងដូង។ រូបថត AFP
ដោយ:
ប្រជាជនឥណ្ឌូណេស៊ីដែលប្រកបរបរកសិកម្មតូចតាចរាប់រយនាក់ នៅថ្ងៃទី១៧ ខែឧសភា បានធ្វើបាតុកម្មនៅរដ្ឋធានីហ្សាកាតា និងផ្នែកផ្សេងៗទៀតនៃប្រទេស ដោយទាមទារឱ្យរដ្ឋាភិបាលបញ្ចប់ការបិទនាំចេញប្រេងដូង​។ វិធានការនេះធ្វើឱ្យប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះយ៉ាងខ្លាំង។

 
ឥណ្ឌូណេស៊ីដែលជាប្រទេសនាំចេញប្រេងដូងធំជាងគេលើពិភពលោក​ បានផ្អាកនាំចេញប្រេងដូងតាំងពីថ្ងៃទី២៨ ខែមេសា ដើម្បីគ្រប់គ្រងការកើនឡើងតម្លៃប្រេងចម្អិនអាហារក្នុងស្រុក។ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ បានដាក់បម្រាមការនាំចេញនេះ បន្ទាប់ពីគោលនយោបាយផ្សេងៗមិនអាចទប់ទល់នឹងការឡើងថ្លៃទំនិញប្រើប្រាស់ក្នុងផ្ទះចាំបាច់បាន។ 
 
ការបិទនាំចេញនេះធ្វើឱ្យខាតបង់ដល់ប្រាក់ចំណូលរបស់កសិករឥណ្ឌូណេស៊ី ស្របពេលតម្រូវការប្រេងដូងធ្លាក់ចុះ ហើយតម្លៃក៏កាន់តែថយចុះដែរ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមកសិករខ្នាតតូច APKASINDO ចាប់តាំងពីការប្រកាសហាមឃាត់ការនាំចេញមក តម្លៃដូងប្រេងបានធ្លាក់ចុះ៧០ភាគរយក្រោមតម្លៃទាបបំផុតដែលរដ្ឋាភិបាលបានកំណត់ទៅទៀត។ ទន្ទឹមនឹងនេះ APKASINDO បានប៉ាន់ប្រមាណថា យ៉ាងហោចណាស់ ២៥ភាគរយនៃរោងចក្រផលិតដូងប្រេងបានឈប់ទិញដូងប្រេងពីកសិករ។
 
ដើរដង្ហែអមជាមួយឡានដឹកទំនិញមួយដែលពោរពេញដោយប្រេងដូង កសិករឥណ្ឌូណេស៊ីរាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចដែលជាក្រសួងដឹកនាំគោលនយោបាយរបស់រដ្ឋាភិបាល ដោយទាមទារឱ្យបញ្ចប់ការបិទនាំចេញប្រេងដូង។ បើតាមក្រុម​ APKASINDO ក្រុមបាតុករមានគម្រោងដើរដង្ហែទៅកាន់វិមានប្រធានាធិបតីផងដែរ ខណៈការតវ៉ាស្រដៀងគ្នានេះកំពុងធ្វើឡើងនៅ២២ខេត្តផ្សេងទៀត។
 
«កសិករ​ម៉ាឡេស៊ី​ពោរពេញដោយស្នាម​ញញឹម​ រីឯ​កសិករ​ឥណ្ឌូណេស៊ី​រង​ទុក្ខ»។ នេះបើតាមស្លាកមួយរបស់អ្នកតវ៉ាដែលសរសេរបែបនេះអំឡុងបាតុកម្មនៅថ្ងៃទី១៧​ ខែឧសភា ស្របពេលម៉ាឡេស៊ីជាប្រទេសដែលនាំចេញប្រេងដូងដ៏ធំទីពីរ​ ហើយមានបំណងនាំចេញប្រេងដូងបន្ថែមដើម្បីបំពេញតម្រូវការទីផ្សារ ក្រោយឥណ្ឌូបិទការនាំចេញ។ 
 
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្ត្រីកិច្ចការសេដ្ឋកិច្ច លោក Airlangga Hartarto អះអាងថា គោលនយោបាយបិទការនាំចេញប្រេងដូងនៅតែបន្ត ដរាបណាតម្លៃប្រេងចម្អិនអាហារធ្លាក់ចុះដល់០,៩៦ដុល្លារក្នុងមួយលីត្រនៅទូទាំងឥណ្ឌូនេស៊ី។ យ៉ាងណាមិញ យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម តម្លៃប្រេងចម្អិនអាហារនៅឥណ្ឌូណេស៊ីគិតត្រឹមថ្ងៃទី១៣​ ខែឧសភាមានតម្លៃជាមធ្យម១,១៨ដុល្លារ ក្នុងមួយលីត្រ៕
 
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com