ជាតិ
ឪពុកម្ដាយ តារាចម្រៀង សុវត្ថិឌី ធារិកា បានស្លាប់ក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្តនៅខេត្តព្រះវិហារ
17, May 2022 , 5:44 pm        
រូបភាព
ប្រភពរូបថត ហ្វេសប៊ុក Jen Jen
ប្រភពរូបថត ហ្វេសប៊ុក Jen Jen
ដោយ: ថ្មីៗ
ភ្នំពេញ៖ ឪពុកម្ដាយ របស់ តារាចម្រៀង សុវត្ថិឌី ធារិកា បានបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត នៅក្នុងភូមិសាស្ត្រស្រុកឆែប ខេត្តព្រះវិហារ។

 
លោក អ៊ាម វន្នី បានបង្ហោះដំណឹងដ៏តក់ស្លុតនេះ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅរសៀលនេះថា កញ្ញា ធារិកា រួមជាមួយ ប្អូនប្រុស និងលោកយាយ របស់ធារិកា បានរួចផុតគ្រោះថ្នាក់ចរាចរណ៍។ ប៉ុន្តែ ឪពុកម្ដាយ ត្រូវបានបាត់បង់ជីវិត។  លោក អ៊ាម វន្នី បានសរសេរយ៉ាងដូច្នេះ៖ «ឪពុកនិងម្តាយរបស់សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតទាំងពីរអ្នកហើយ ក្នុងគ្រោះថ្នាក់ចរាចរ នៅស្រុកឆែប ខេត្តព្រះវិហារ ធារិកា ប្អូនប្រុស និងយាយផុតគ្រោះថ្នាក់ បងសោកស្តាយការបាត់បងនេះណាស់»។ 
 
ប្រមាណ៨ម៉ោងមុននេះ ក្នុងទំព័រហ្វេសប៊ុករបស់កញ្ញា ធារិកា បានបង្ហោះរូបភាព ដែលឈរក្បែរលោក អ៊ាម វន្នី ហើយបានសរសេរថា ចូលរួមពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវេទិកា អុំទូក និងសំណង់សិល្បការផ្សេងៗ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។ កម្មវិធីមានការចូលរួមដោយ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផៃ្ទ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com