អន្តរជាតិ
ប្រមុខការទូតចិន ប្រាប់សមភាគីកូរ៉េខាងត្បូងថ្មីឱ្យជួយទប់ស្កាត់សង្រ្គាមត្រជាក់ថ្មី
17, May 2022 , 10:59 pm        
រូបភាព
ប្រមុខការទូតចិន លោក វ៉ាង យី បានសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងថ្មី លោកផាក ជីន តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៦ ខែឧសភា។ រូបភាព៖ Xinhua
ប្រមុខការទូតចិន លោក វ៉ាង យី បានសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងថ្មី លោកផាក ជីន តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៦ ខែឧសភា។ រូបភាព៖ Xinhua
ប្រមុខការទូតចិន លោក វ៉ាង យី បានអំពាវនាវឱ្យសមភាគីកូរ៉េខាងត្បូងថ្មី លោក ផាក ជីន (Park Jin) រួមគ្នាទប់ស្កាត់ហិនិភ័យនៃសង្រ្គាមត្រជាក់ថ្មី និងជំទាស់ការប្រឈមមុខដាក់គ្នា ស្របពេលប្រទេសលោកខាងលិច កំពុងប្រឈមមុខនឹងរុស្ស៊ី។ ទន្ទឹមនេះ រដ្ឋមន្រ្តីការបរទេសនៃប្រទេសជិតខាងទាំងពីរ ក៏បានប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅផង។

 
ប្រមុខការទូតចិន លោក វ៉ាង យី នៅថ្ងៃទី១៦ ខែឧសភា បានសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងថ្មី លោក ផាក ជីន តាមប្រព័ន្ធវីដេអូ ជុំវិញការពង្រឹងទំនាក់ទំនងទ្វេភាគី ពាណិជ្ជកម្ម រួមទាំងបញ្ហាក្នុងតំបន់ និងពិភពលោក។  នេះជាជំនួបលើកដំបូងរវាងមន្រ្តីការទូតចិន និងប្រមុខការទូតកូរ៉េខាងត្បូងក្រោមរដ្ឋបាលថ្មី ស្របពេលរុស្ស៊ី និងប្រទេសលោកខាងលិច កំពុងតែមើលមុខគ្នាមិនចំជុំវិញជម្លោះអ៊ុយក្រែន លោក វ៉ាង បានស្វះស្វែងរកការអំពាវនាវពីមន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូង ដើម្បីទប់ស្កាត់សង្រ្គាមត្រជាក់ថ្មី។ 
 
តាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN ប្រមុខការទូតចិន បានជំរុញឱ្យប្រទេសទាំងពីរបង្ការហានិភ័យនៃសង្រ្គាមត្រជាក់ថ្មី និងជំទាស់ការប្រឈមមុខដាក់គ្នា។ ទន្ទឹមនេះ លោក វ៉ាង ដែលជាទីប្រឹក្សារដ្ឋចិនផងនោះ បានទទូចឱ្យកូរ៉េខាងត្បូងចេះក្តាប់យកទិសដៅត្រឹមត្រូវនៅក្នុងទំនាក់ទំនងប្រទេសជិតខាងទាំងពីរ ស្របពេលកូរ៉េខាងត្បូង និងចិនត្រៀមប្រារព្ធខួបទំនាក់ទំនងរយៈពេល ៣០ឆ្នាំ។ 
 
បើតាមលោកវ៉ាង ទំនាក់ទំនងក្រុងប៉េកាំង និងក្រុងសេអ៊ូល តែងជួបប្រទះភាពល្អក់កករ និងល្អូកល្អិន។ ទោះជាយ៉ាងណា ភាគីសម្រេចបានការអភិវឌ្ឍគួរឱ្យប្រសើរ ដែលវាបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនប្រទេសទាំងពីរ និងថែរក្សាស្ថិរភាព និងវិបុលភាពក្នុងតំបន់។ 
 
ចំណែកលោក ផាក វិញ បានឆ្លើយតបថា កូរ៉េខាងត្បូង មានឆន្ទៈក្នុងការបង្កើតទំនាក់ទំនងទ្វេភាគីដ៏ល្អមួយ និងប្រកបដោយស្ថិរភាព ដោយផ្អែកលើកិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក។ ទន្ទឹមនេះ ប្រមុខការទូតកូរ៉េខាងត្បូង បានចាត់ទុកខួបទំនាក់ទំនងប្រទេសទាំងពីររយៈពេល៣០ឆ្នាំ ជាការចាប់ផ្តើមចំណុចថ្មីមួយ ក្នុងការផ្តោះប្តូរកម្រិតខ្ពស់, ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រួមទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ 
 
មិនតែប៉ុណ្ណោះ ប្រមុខការទូតកូរ៉េខាងត្បូងរូបនេះ បានប្រកាសទទួលស្គាល់គោលការណ៍ចិនតែមួយ ហើយថែមទាំងរំពឹងថា ចិននឹងដើរតួនាទីដ៏សំខាន់ និងប្រកបដោយការស្ថាបនា ក្នុងបញ្ហាឧបទ្វីបកូរ៉េ។ 
 
គិតមកទល់ពេលនេះ ពាណិជ្ជកម្មរវាងក្រុងប៉េកាំង និងក្រុងសេអ៊ូល បានកើនឡើងច្រើនជាង ៥០ដង ខណៈការវិនិយោគទៅវិញទៅមក បានកើនលើស ១០០ ពាន់លានដុល្លារ៕ 
 

Tag:
 ចិន​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com