អន្តរជាតិ
កងកម្លាំងតស៊ូមីយ៉ាន់ម៉ា ជំរុញឱ្យលោកខាងលិចផ្តល់អាវុធដូចអ៊ុយក្រែនដើម្បីប្រយុទ្ធរបបសឹក
18, May 2022 , 10:01 am        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ:
ប្រមុខការពារជាតិនៃរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា Yee Mon នៅថ្ងៃទី១៧ ខែឧសភាបានអំពាវនាវឱ្យអន្តរជាតិ ផ្តល់ជំនួយអាវុធដល់កងកម្លាំងតស៊ូ ក្នុងការតតាំងនឹងយោធាមីយ៉ាន់ ម៉ា ដែលកំពុងកាន់អំណាច។ លោក Mon បានស្នើសុំជំនួយនេះ ដោយប្រៀបធៀបនឹងជំនួយដែលប្រទេសលោកខាងលិច បានផ្តល់ឱ្យអ៊ុយក្រែនដើម្បីវាយប្រហារកងទ័ពរុស្ស៊ីដែរ។

 
ក្រោយរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលជាងមួយឆ្នាំមកនេះ វិបត្តិនៅមីយ៉ាន់ម៉ានៅតែរកច្រកចេញមិនឃើញ។ ការបន្តប្រយុទ្ធគ្នារវាងកងកម្លាំងយោធា និងកងកម្លាំងតស៊ូរបស់រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា និងក្រុមជនជាតិភាគតិចប្រដាប់អាវុធ ធ្វើឱ្យប៉ះពាល់ដល់ជនស៊ីវិល និងចលាចលក្នុងប្រទេសយ៉ាងខ្លាំង។ 
 
ស្របពេលយោធាមីយ៉ាន់ម៉ា ធ្វើប្រតិបត្តិការទាំងផ្លូវគោក និងទាំងផ្លូវអាកាស ដើម្បីកម្ទេចក្រុមប្រឆាំង លោក Yee Mon រដ្ឋមន្ត្រីការពារជាតិរបស់រដ្ឋាភិបាលរួបរួមជាតិ (NUG)​ ប្រដូចស្ថានភាពប្រទេសខ្លួន ទៅនឹងវិបត្តិនៅអ៊ុយក្រែន។ លោកប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ប្រជាជនអ៊ុយក្រែន និងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា សុទ្ធតែកំពុងប្រយុទ្ធដើម្បីសេរីភាព និងលះបង់ជីវិតរបស់ពួកគេ។ ដោយសំដៅដល់អាវុធ លោកបញ្ជាក់ថា អ្នកដែលកំពុងប្រយុទ្ធតទល់ផ្ទាល់នឹងយោធាមីយ៉ាន់ម៉ា ត្រូវការលើសពីសាមគ្គីភាពអន្តរជាតិ។ 
 
«ជំហររបស់សហគមន៍អន្តរជាតិសម្រាប់មីយ៉ាន់ម៉ា ជាការគាំទ្រដ៏ត្រឹមត្រូវសម្រាប់ពួកយើង ហើយយើងអរគុណចំពោះរឿងនេះ។ ពួកយើងនឹងកាន់តែពេញចិត្តខ្លាំងជាងនេះទៀត ប្រសិនបើយើងទទួលបានជំនួយផ្នែកសម្ភារ ដូចជាអាវុធ និងលុយ»។ លោក Mon សរសេរបែបនេះ នៅក្នុងលិខិតដែលផ្តល់ឱ្យទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែឧសភា រួចបន្ថែមថា ជាមួយការផ្គត់ផ្គង់នោះ NUG នឹងអាចបញ្ចប់បដិវត្តន៍ឱ្យបានឆាប់ ដោយកាត់បន្ថយការបាត់បង់មនុស្ស និងទ្រព្យសម្បត្តិ។
 
ពាក់ព័ន្ធនឹងរឿងនេះ កងកម្លាំងតស៊ូរបស់រដ្ឋាភិបាលស្រមោលភាគច្រើន មានតែអាវុធធុនស្រាលប៉ុណ្ណោះ ពោលគឺប្រើប្រាស់កាំភ្លើងវែង និងគ្រឿងផ្ទុះផលិតក្នុងស្រុក ដើម្បីប្រយុទ្ធជាមួយយោធា ដែលមានបំពាក់ដោយអាវុធធន់ធ្ងន់ និងគ្រប់គ្រាន់ក្នុងការប្រយុទ្ធ។ 
 
គួរបញ្ជាក់ថា NUG ត្រូវបានបង្កើតឡើងជារដ្ឋាភិបាលស្រមោល ក្រោយរដ្ឋប្រហារ ដោយរួមមានអ្នកនយោបាយជាប់ឆ្នោត និងសមាជិកសភាដទៃទៀត ដែលត្រូវបានទម្លាក់ចេញពីតំណែង។ របបសឹកមីយ៉ាន់ម៉ា បានប្រកាសដាក់ NUG និងក្រុមប្រឆាំងផ្សេងទៀតចូលក្នុងបញ្ជីក្រុមភេរវករ៕
 
 
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com