ជាតិ
រដ្ឋាភិបាលទម្លាក់កម្ចីសហហិរញ្ញប្បទាន ១៥០លានដុល្លារ ទ្រទ្រង់វិស័យទេសចរណ៍
18, May 2022 , 7:59 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន រដុ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
លោក អូន ព័ន្ធមុនីរ័ត្ន រដុ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ដោយ:
រដ្ឋាភិបាលកម្ពុជាសម្រេចអនុវត្តកម្ចី សហហិរញ្ញប្បទានទឹកប្រាក់ ១៥០លានដុល្លារសម្រាប់ស្ដារវិស័យទេសចរណ៍។ កម្ចីនេះជាបដិភាគថវិការដ្ឋ ៧៥លានដុល្លារ និង គ្រឹះស្ថានហិរញ្ញវត្ថុ ៧៥លានដុល្លារ។ កម្ចីនេះមានការប្រាក់ ៦.៥ភាគរយ និងមានទំហំកម្ចីរហូតដល់ ៤០ម៉ឺនដុល្លារ។


វិស័យទេសចរណ៍បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺកូវីដ-១៩ អស់រយៈពេល២ឆ្នាំ។ ដើម្បីស្រោចស្រង់វិស័យនេះ រដ្ឋាភិបាលបានដាក់ចេញនៅផែនការជាច្រើន ដូចជាការលើកលែងពន្ធដល់អាជីវកម្មទេសចរណ៍ ការផ្ដល់ប្រាក់ឧបត្តម្ភ និងវគ្គបណ្ដុះបណ្ដាលជាដើម។ ចូលមកដល់ឆ្នាំ២០២២ វិស័យទេសចរណ៍ងើបឡើងវិញបន្តិចដោយសារភាពថមថយនៃជំងឺកូវីដ-១៩ ប៉ុន្តែសេវាកម្មទេសចរណ៍ហាក់ខ្វះខាត។
  


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍លើកឡើងថារយៈពេល ៤ខែឆ្នាំ២០២២ ទេសចរផ្ទៃក្នុងមានប្រមាណ ២៤ម៉ឺននាក់។ ប៉ុន្តែអាជីវកម្មទេសចរណ៍បើកដំណើរការឡើងវិញនៅយឺតនៅឡើយ។ ជាក់ស្ដែងគិតត្រឹមថ្ងៃទី៣១មីនា ឆ្នាំ២០២២ អាជីវកម្មទេសចរណ៍ចំនួន ១ ៤២៨ទីតាំងបន្តបិទ និងព្យួរនៅឡើយ ខណៈបុគ្គលិកក្នុងវិស័យទេសចរណ៍ចំនួន ២៣ ៨៤៣នាក់បន្តរងផលប៉ះពាល់។
 
ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច បានសម្រេចផ្ដល់កម្ចី ១៥០លានដុល្លារ សម្រាប់ស្ដារវិស័យទេសចរណ៍។ លោក ថោង ខុន រំពឹងថាតាមរយៈការអនុវត្តឱ្យប្រើប្រាស់គម្រោងសហហិរញ្ញប្បទាន ១៥០លានដុល្លារនេះ នឹងអាចជួយឱ្យប្រតិបត្តិករទេសចរណ៍ អាចមានលទ្ធភាពបើកដំណើរការអាជីវកម្មឡើងវិញ។ «គម្រោងនេះមិនត្រឹមអាចស្ដារឡើងវិញនៃសហគ្រាសធុនតូច និងមធ្យម សម្រាប់ការជួសជុលទីតាំង ពង្រឹងគុណភាពសេវាកម្ម ការរៀបចំរចនាសម្ព័ន្ធក្នុងយុគសម័យ៤.០។ គម្រោងនេះក៏អាចជួយដល់ សហគ្រាសធុនតូច និងមធ្យមថ្មី យ៉ាងមានប្រសិទ្ធភាពផងដែរ»។ នេះជាការលើកឡើងរបស់លោក ថោង ខុន។
  

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ លើកឡើងថាគម្រោងសហហរិញ្ញប្បទាននេះ ផ្ដោតសំខាន់លើវិស័យទេសចរណ៍មួយប៉ុណ្ណោះ ដោយក្នុងគោលបំណងពង្រឹងសក្តានុពលនៃវិស័យទេសចរណ៍  និងចូលរួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍។
 
« តាមរយៈគម្រោងនេះ សហគ្រាសក្នុងវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ អាចស្នើសុំឥទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់SME Bank ក្នុងអត្រាការប្រាក់សម្បទាន »។ នេះជាការលើកឡើងរបស់លោក អូន ព័ន្ធមុនីរ័ត្ន ក្នុងកម្មវិធីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់គម្រោងសហហិរញ្ញប្បទាន តាមប្រព័ន្ធវីដេអូ។
 
លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលើកឡើងក្នុងកម្មវិធីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់គម្រោងសហហិរញ្ញប្បទាន តាមប្រព័ន្ធវីដេអូថា កម្ចីសហហិរញ្ញប្បទាននេះជាថវិកាជាតិ ៧៥លានដុល្លារ និងគ្រឹស្ថានឯកជន ៧៥លានដុល្លារ។ ទំហំនៃប្រាក់កម្ចៃសម្រាប់អាជីវកម្មគោលដៅអាចមានរហូតដល់ ៤០ម៉ឺនដុល្លារ ខណៈការប្រាក់ ៦.៥ភាគរយក្នុងមួយឆ្នាំ។
លោក ផាន់ ផល្លា បានបន្ថែមដូច្នេះ៖ «ចំណុចពិសេសនៃឥទាននេះ ការសង់ត្រឡប់នៃប្រាក់ដើម មានរយៈពេលអនុគ្រោះនៃការសងប្រាក់ដើមរហូតដល់ ១២ខែ។ ហើយអាយុកាលនៃឥទានមានរយៈពេល ៧ឆ្នាំ។ វិស័យគោលដៅដែលផ្ដល់ឥទាននេះមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអ្នកផ្គត់ផ្គង់ផលិតផល និងសេវាដែលគាំទ្រដល់វិស័យទេសចរណ៍»។


 លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ

សូមជម្រាបថាកន្លងមករដ្ឋាភិបាលកម្ពុជាបានទម្លាក់ប្រាក់កម្ចីសហហិរញ្ញប្បទានលើកទីមួយ ១០០លានដុល្លារ និងលើកទីពីរ ២៤០លានដុល្លារ ទ្រទ្រង់វិស័យSMEs។ ចំណែកកម្ចីសហហិរញ្ញប្បទាននេះជាលើកទី៣ ១៥០លានដុល្លារទ្រទ្រង់វិស័យទេសចរណ៍៕
 

Tag:
 ThmeyThmey25
  សហហិរញ្ញប្បទាន
© រក្សាសិទ្ធិដោយ thmeythmey.com