ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន ស្នើឱ្យឥណ្ឌាពន្លឿនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
19, May 2022 , 7:59 pm        
រូបភាព
សម្តេច ហ៊ុន សែន និងនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី បានជួបពិភាក្សាតាមប្រព័ន្ធវីដេអូអនឡាញ កាលពីថ្ងៃទី១៨ ឧសភា ២០២២។ រូបថត ៖ SPM ។
សម្តេច ហ៊ុន សែន និងនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី បានជួបពិភាក្សាតាមប្រព័ន្ធវីដេអូអនឡាញ កាលពីថ្ងៃទី១៨ ឧសភា ២០២២។ រូបថត ៖ SPM ។
ដោយ​ ៖ ធន់ សេងហុង 
 
សម្តេច ហ៊ុន សែន ស្នើឱ្យនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា​ ម៉ូឌី ពន្លឿនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងឥណ្ឌា ព្រមទាំងបញ្ចប់នូវសន្ធិសញ្ញាវិនិយោគទ្វេភាគីផងដែរ ។


ពាណិជ្ជកម្មសេរីរវាងកម្ពុជា​ និងឥណ្ឌា គឺជាប្រធានបទមួយក្នុងចំណោមប្រធានបទជាច្រើន ដែលត្រូវបានលើកឡើងក្នុងកិច្ចប្រជុំតាមរយៈ Video conference រវាងសម្តេច ហ៊ុន សែន និងនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា​ ម៉ូឌី នាថ្ងៃទី១៨ ខែឧសភា។ នាជំនួបពិភាក្សាការងារនេះ សម្តេច ហ៊ុន សែន បានស្នើឱ្យលោក ម៉ូឌី ជំរុញការបញ្ចប់នីតិវិធីបច្ចេកទេសឲ្យបានឆាប់ ដើម្បីពន្លឿនលើការចុះហត្ថលេខានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងឥណ្ឌា ។ ជាពិសេសការចរចាបញ្ចប់នូវសន្ធិសញ្ញាវិនិយោគទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា ដើម្បីឈានទៅចុះហត្ថលេខាឲ្យបានឆាប់ផងដែរ ។ 
 
ពាក់ព័ន្ធជុំវិញរឿងនេះ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់សារព័ត៌មានថ្មីៗថា កម្ពុជានិងឥណ្ឌាបានជជែកគ្នាជាលក្ខណៈបច្ចេកទេសមួយចំនួនហើយ ក្នុងដំណាក់កាលរីកចម្រើនលើវិស័យពាណិជ្ជកម្មគួរឱ្យសម្គាល់នេះ ។ លោក បន្ថែមថា វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) បានជួយសិក្សាពីលទ្ធភាពមួយចំនួនពាក់ព័ន្ធនិងពាណិជ្ជកម្មសេរីនេះ​ ប៉ុន្តែការចរចារមិនទាន់បានចាប់ផ្តើម ទើបការបង្ហាញឯកសារជាសាធារណៈក៏ ត្រូវបានរក្សាទុកបណ្តោះអាសន្ន​។ 
 
អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា៖ « កត្តាបីសំខាន់ដែលជាជំហានរុញឱ្យឈានទៅដល់កិច្ចព្រមព្រៀងសេរីរវាងប្រទេសទាំងពីរបាននោះ រួមមាន កត្តាទីផ្សា​រ កត្តាសិក្សាលទ្ធភាពបឋមនិងសេចក្តីសម្រេច ព្រមទាំងការប្តេជ្ញាចិត្តរបស់វិនិយោគគិនរបស់ប្រទេសទាំងពីរ »។ 
 
ទំនិញដែលកម្ពុជានាំចេញទៅឥណ្ឌាភាគច្រើនគឺពាក់ព័ន្ធវិស័យកសិកម្មដូចជា ស្រូវ ខ្លឹមចាន់ គ្រឿងទេស គ្រាប់ធុញ្ញជាតិ ស្វាយចន្ទី (លើកលែងតែអង្ករ) និងវាយនភ័ណ្ឌ ហើយទំនិញនាំចូលពីឥណ្ឌាមកកម្ពុជាវិញគឺ ផ្នែកបច្ចេកវិទ្យា​ គ្រឿងបន្លាស់ គ្រឿងបង្គុំ គ្រឿងអេឡិចត្រូនិចជាដើម។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ប៉ែន សុវិជាតិ។ 
 
សូមជម្រាបថា ៤ខែដើមឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងឥណ្ឌា សម្រេចបានក្នុងរង្វង់ទឹកប្រាក់ ១៣៩លានដុល្លារ។ ទំហំនេះ បានកើនរហូតដល់៥៩,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២១ ដែលមានទឹកប្រាក់ជាង៨៧លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសសំខាន់ៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
 
ក្រៅពីគម្រោងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយឥណ្ឌានេះ ក្រសួងពាណិជ្ជកម្មក៏កំពុងតែជំរុញនិងបង្កើនកិច្ចសហប្រតិបត្តិការល្អ ដើម្បីឈានទៅដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសក្នុងតំបន់ និងអឺរ៉ុប មានដូចជាអង់គ្លេស ជប៉ុនជាដើម ។ គិតមកត្រឹមឆ្នាំ២០២២នេះ កម្ពុជាបានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)  ហើយកូរ៉េខាងត្បូងត្រៀមនិងដាក់ប្រកាសក្នុងពេលឆាប់ៗនេះ​ ៕
 
 
 

Tag:
 ឥណ្ឌា ពាណិជ្ជកម្មសេរី
© រក្សាសិទ្ធិដោយ thmeythmey.com