អន្តរជាតិ
ចិន រិះគន់អាម៉េរិកដែលគាំទ្រតៃវ៉ាន់ចូលប្រជុំមហាសន្និបាត WHO
20, May 2022 , 9:47 am        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន Zhao Lijian ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៩ ខែឧសភា។ រូបថតក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន Zhao Lijian ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៩ ខែឧសភា។ រូបថតក្រសួងការបរទេសចិន
ដោយ:
ចិនបដិសេធយ៉ាងដាច់អហង្ការចំពោះអាម៉េរិកដែលអំពាវនាវឱ្យអង្គការសុខភាពពិភពលោក (WHO) អញ្ជើញតៃវ៉ាន់ចូលរួមមហាសន្និបាតប្រចាំឆ្នាំ។​ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian ថ្លែងបែបនេះនៅថ្ងៃទី១៩ ខែឧសភា ដោយបញ្ជាក់ជាថ្មីពីអធិបតេយ្យភាពរបស់ខ្លួនលើកោះតៃវ៉ាន់។ តៃវ៉ាន់ ក៏រិះគន់ WHO ថា មិនមានវិជ្ជាជីវៈ។

 
«យើងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសេចក្តីថ្លែងការណ៍របស់អាម៉េរិក»។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian ថ្លែងបែបនេះអំឡុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី១៩ ខែឧសភា ដោយសង្កត់ធ្ងន់ថា ចិនមានតែមួយគត់លើពិភពលោក ហើយតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីចិនដែលមិនអាចកាត់ផ្តាច់បាន ហើយការចូលរួមរបស់តៃវ៉ាន់នៅក្នុងអង្គការអន្តរជាតិត្រូវតែសម្រេចតាមគោលការណ៍ចិនតែមួយ។
 
អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះអះអាងថា ទាំងសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) និងទាំងសេចក្តីសម្រេចរបស់មហាសន្និបាតសុខភាពពិភពលោក (WHA) ទទួលស្គាល់យ៉ាងច្បាស់ថា ចិនជាប្រទេសតំណាងស្របច្បាប់ឱ្យតៃវ៉ាន់នៅ UN។ លើសពីនេះ អាម៉េរិកក៏ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយដែរ ហើយឈប់យកតៃវ៉ាន់ជាសន្លឹកបៀប្រឆាំងចិន បើមិនដូច្នោះទេវានឹងបរាជ័យ។ 
 
ការអត្ថាធិប្បាយរបស់លោក Zhao ធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅថ្ងៃទី១៨ ខែឧសភា អំពាវនាវឱ្យ WHO​ អញ្ជើញតៃវ៉ាន់ចូលរួមមហាសន្និបាតប្រចាំឆ្នាំក្នុងនាមជាអ្នកអង្កេតការណ៍។ កាលពីដើមសប្តាហ៍ WHO ប្រកាសថា ខ្លួនទទួលបានសំណើពី១៣ រដ្ឋគាំទ្រតៃវ៉ាន់ឱ្យចូលរួម  ប៉ុន្តែសេចក្តីសម្រេចនឹងធ្វើឡើងនៅថ្ងៃទី២ នៃមហាសន្និបាតដែលរៀបចំឡើងពីថ្ងៃទី២២-២៨ ខែឧសភា។ 
 
ដោយឡែក តៃវ៉ាន់ដែលមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងស្ថាប័នពិភពលោកជាច្រើនដោយសារការជំទាស់របស់ចិន បានបង្ហាញពីការមិនពេញចិត្ត និងសោកស្តាយដែល WHO មិនអើពើសំណើដដែលៗរបស់ខ្លួន។ 
 
«WHO បរាជ័យក្នុងការរក្សាភាពអព្យាក្រឹត និងវិជ្ជាជីវៈ ដោយបានព្រងើយកន្តើយនឹងភាពចាំបាច់ និងភាពបន្ទាន់នៃការចូលរួមរបស់តៃវ៉ាន់នៅក្នុង WHO និង WHA»។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសតៃវ៉ាន់បញ្ជាក់បែបនេះនៅថ្ងៃទី១៩ ខែឧសភា។ យ៉ាងណាមិញ តៃវ៉ាន់នឹងបញ្ជូនប្រតិភូទៅក្រុងហ្សឺណែវដើម្បីបញ្ចុះបញ្ចូលឱ្យទទួលបានឋានៈជាអ្នកអង្កេតការណ៍នៅមហាសន្និបាត។
 
គួររំឭកថា ចន្លោះឆ្នាំ២០០៩​ ទៅ២០១៦ អំឡុងពេលដែលទំនាក់ទំនងរវាងចិន និងតៃវ៉ាន់មិនសូវរកាំរកូស​ តៃវ៉ាន់ត្រូវបានអនុញ្ញាតឱ្យចូលរួម WHA។ ប៉ុន្តែ បន្ទាប់ពីអ្នកស្រី Tsai Ing Wen ជាប់ឆ្នោតជាប្រធានាធិបតីតៃវ៉ាន់ឆ្នាំ២០១៦មក ចិនបានរារាំងការចូលរួមរបស់កោះនេះ៕
 
 
 

Tag:
 ចិន
  អាម៉េរិក
  តៃវ៉ាន់
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com