ជាតិ
ពីនេះ ពីនោះ
ខេត្តស្ទឹងត្រែង៖ ជម្រកត្រីបបែលយក្សទឹកសាប​
20, May 2022 , 6:59 pm        
រូបភាព
បបែលយក្សទឹកសាប ទម្ងន់ ១៨០ គីឡូក្រាម ដែលគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បាន​លែងឱ្យវិលត្រឡប់ទៅទីជម្រកដើមវិញ។ រូបភាព៖ ឈុត ឈាណា
បបែលយក្សទឹកសាប ទម្ងន់ ១៨០ គីឡូក្រាម ដែលគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បាន​លែងឱ្យវិលត្រឡប់ទៅទីជម្រកដើមវិញ។ រូបភាព៖ ឈុត ឈាណា
ដោយ៖ ឈុត ឈាណា អច្ឆរិយភាពនៃទន្លេមេគង្គ

ស្ទឹងត្រែង៖ រយៈពេលបីខែ ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ ២០២២ នេះ ត្រីបបែលយក្សទឹកសាប​ ដែលត្រូវបានចាត់ទុកថា ជាប្រភេទត្រីបបែលទឹកសាប មានទំហំខ្លួនធំជាងគេលើពិភពលោក បានបង្ហាញខ្លួនជាបន្តបន្ទាប់ នៅក្នុងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង ធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង។



នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២២ ត្រីបបែលយក្សទឹកសាបមួយក្បាល ទម្ងន់ ១៣៩គីឡូក្រាម​ បានជាប់សន្ទូចរបស់អ្នកនេសាទ នៅក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ជាអកុសល ត្រីបបែលយក្សមួយក្បាលនេះ បានងាប់ ដោយសារមានរបួសធ្ងន់ធ្ងរ ហើយត្រូវបានគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល នាំយកទៅធ្វើជាសំណាក សម្រាប់ទុកឱ្យសិក្សានុសិស្ស ​សិក្សាស្រាវជ្រាវ និងសម្រាប់តាំងបង្ហាញឱ្យមហាជនបានស្គាល់។ 
 

ត្រីបបែលយក្សទឹកសាប ទម្ងន់ ១៣៩គីឡូក្រាម ​ដែលត្រូវបានគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សហការជាមួយ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល នាំយកទៅធ្វើសំណាក។ រូបភាព៖ ឈួយ សំអុល
 
លោកថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប ដែលជាអ្នករៀបចំធ្វើសំណាកនេះ បានឱ្យដឹងថា ការដែលវិទ្យាស្ថាន​យកត្រីបបែលយក្សមួយនេះ មករៀបចំធ្វើជាសំណាក គឺដើម្បីទុកតាំងបង្ហាញដល់ក្មេងជំនាន់ក្រោយ និងសាធារណជន ឱ្យស្វែងយល់បន្ថែម។ «យើងចង់រក្សាទុកត្រីបបែលយក្សមួយក្បាលនេះជាសំណាក ព្រោះវាជាប្រភេទត្រីកម្រ​ ​ដែលប្រជាពលរដ្ឋខ្លះ​មិនជឿថា នៅក្នុងទន្លេមេគង្គ​ មានត្រីបបែលយក្សទឹកសាបដ៏ធំបែបនេះរស់នៅទេ»។ 
 

លោកថាច់ ផាណារ៉ា កំពុងរៀបចំធ្វើសំណាក ត្រីបបែលយក្សទឹកសាប ទម្ងន់ ១៣៩គីឡូក្រាម ដែលងាប់ ។ រូបភាព៖ ថាច់ ផាណារ៉ា
 
នៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២២ ត្រីបបែលយក្សទឹកសាប ទម្ងន់ ១៨០ គីឡូក្រាម បានជាប់សន្ទូចអ្នកនេសាទ នៅភូមិ ឃុំ ស្រុក​ ក្នុងខេត្តស្ទឹងត្រែងដដែល។ ដោយមានការសហការល្អ រវាងប្រជានេសាទ និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ត្រីបបែលយក្សមួយក្បាលនេះ មានវាសនាបានរស់រានមានជីវិត​ និងវិលត្រឡប់ទៅទីជម្រកដើមវិញក្នុងថ្ងៃបន្ទាប់ គឺថ្ងៃទី ០៥។
 

បបែលយក្សទឹកសាប ទម្ងន់ ១៨០ គីឡូក្រាម ដែលគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បាន​លែងឱ្យវិលត្រឡប់ទៅទីជម្រកដើមវិញ។ រូបភាព៖ ឈុត ឈាណា
 
នៅថ្ងៃទី ០៩ ខែឧសភា ក្រុមអភិរក្សតំបន់រ៉ាមសារស្ទឹងត្រែង បានឱ្យដឹងថា ​​ត្រីបបែលយក្ស ទម្ងន់ ២៥គីឡូក្រាម បានជាប់សន្ទួចអ្នកនេសាទ នៅក្នុងភូមិអូររុន ឃុំអូរស្វាយ ខេត្តស្ទឹងត្រែង។ ជាអកុសល ត្រីបបែលយក្សមួយក្បាលនេះ បានងាប់មិនអាចជួយសង្រ្គោះបាន។
 

បបែលយក្សទឹកសាប ទម្ងន់ ៨ គីឡូក្រាម។ រូបភាព៖ ក្រុមអភិរក្សតំបន់រ៉ាមសារស្ទឹងត្រែង
 
នៅថ្ងៃទី ១៧​ ខែឧសភា ឆ្នាំ ២០២២ កូនត្រីបបែលយក្ស ទម្ងន់ ៣គីឡូក្រាម​ បានជាប់មងអ្នកនេសាទ ឈ្មោះ ម៉ា​ សុខៈ រស់នៅក្នុងភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ម៉ា សុខៈ បានសហការជាមួយលោក   ទូច ប៊ុនថង អនុប្រធានវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប​ និងលោក ស្រី សមវិចិត្រ នាយខណ្ឌស្តីទីខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង លែងចូលទៅក្នុងទន្លេវិញ។
 

លោក ទូច ប៊ុនថង អនុប្រធានវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប​​(​​អាវពណ៌ទឹកប៊ិច) និងលោក ស្រី សមវិចិត្រ នាយខណ្ឌស្តីទី ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង (ពាក់ឯកសណ្ឋានមន្ត្រីជលផល) និងលោក ម៉ា សុខៈ (ពាក់អាវខៀវដៃវែង) បានលែងត្រីបបែលយក្សចូលក្នុងទន្លេវិញ។ រូបភាព៖ ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង
 
លោកបណ្ឌិត ហ្សេប ហូហ្គេន អ្នកដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ចាត់ទុកទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង គឺជាពិភពអន្លង់ទឹកជ្រៅ និងជាពិភពក្រោមទឹកដ៏អស្ចារ្យ ដែលសត្វជីវិតជាច្រើនប្រភេទរស់នៅទីនោះ ហើយក៏មិនធ្លាប់មានកាស្រាវជ្រាវរុករក ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ ​ការការពារ និងថែរក្សា។ លោក ហេ្សប ហូហ្គេន មានប្រសាសន៍ថា៖ «យើងត្រូវតែធ្វើសកម្មភាពចាប់ពីពេលនេះទៅ មុនពេលដែលប្រភេទសត្វដូចជា​ ត្រីបបែលយក្សទឹកសាប បានផុតពូជ​ជារៀងរហូតទៅ។
 
ព្រឹត្តការណ៍​នេះ ហាក់បញ្ជាក់ឱ្យឃើញថា ខេត្តស្ទឹងត្រែង គឺជាទីជម្រកយ៉ាងសំខាន់ នៃត្រីបបែលយក្សទឹកសាប និងប្រភេទត្រី ដែលមានទំហំដងខ្លួនធំជាងគេលើពិលោក តែប្រជាជនកម្ពុជា ពុំធ្លាប់បានដឹង និងចាប់អារម្មណ៍។ ដូច្នេះ គួរយើងនាំគ្នាយកចិត្តទុកដាក់ ជួយថែរក្សា និងការពារធនធានជលផលដ៏អស្ចារ្យទាំងនេះ ដែលមាននៅក្នុងទន្លេមេគង្គក្នុងប្រទេសយើង តែប្រទេសដទៃគ្មាន។»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com