អន្តរជាតិ
អាម៉េរិក រិះគន់​ចិននិង​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​ UN ​មុន​ដំណើរ​ទស្សនកិច្ច​នៅ​ស៊ីនជាំង
21, May 2022 , 10:19 pm        
រូបភាព
ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ Michelle Bachelet ។ រូបថត Xinhua
ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ Michelle Bachelet ។ រូបថត Xinhua
ក្រសួងការបរទេសអាម៉េរិក នៅថ្ងៃទី២០ ខែឧសភា លើកឡើងថា អាម៉េរិកការព្រួយបារម្ភយ៉ាងខ្លាំង​លើដំណើរទស្សនកិច្ចរបស់ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) Michelle Bachelet ដោយខ្លាចចិនបង្កការរាំងស្ទះ។ លើសពីនេះ ក្រសួងការបរទេសអាម៉េរិកក៏បានរិះគន់លោកស្រី Bachelet ចំពោះភាពស្ងៀមស្ងាត់នៅចំពោះមុខឃោរឃៅនៅក្នុងតំបន់ស៊ីនជាំងផងដែរ។


បើតាមការប្រកាសរបស់ក្រសួងការបរទេសចិន លោកស្រី Michelle Bachelet ឧត្តមស្នងការសិទ្ធិមនុស្ស UN នឹងធ្វើទស្សនកិច្ចនៅចិនចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី​២៨ ខែឧសភា។ នេះ ជាដំណើរទស្សនកិច្ចរបស់ឧត្តមស្នងការនៅចិន​ បើគិតតាំងពីឆ្នាំ២០០៥​ ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Bachelet ក៏នឹងធ្វើដំណើរទៅកាន់តំបន់ស៊ីន​ជាំងដែលជាកន្លែងសកម្មជនសិទ្ធិមនុស្សបាននិយាយថា ជនមូស្លីមវីហ្គ័រជាង១លាននាក់ត្រូវ​បាន​ឃុំ​ខ្លួន និងរំលោភបំពានផងដែរ។ 
 
កន្លងមក អាម៉េរិកបានចោទទី​ក្រុង​ប៉េកាំងថាបានប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍លើប្រជាជនមូស្លីមវីហ្គ័រនៅស៊ីនជាំង។ លើសពីនេះដែរ ក្រុម​សិទ្ធិ​មនុស្ស​លោក​ខាង​លិច​បារម្ភ​ថា​ដំណើរ​ទស្សនកិច្ច​នេះ​ អាចជាការផ្តល់ការគាំទ្រលើ​កំណត់ត្រារំលោភ​សិទ្ធិមនុស្ស​របស់​ចិនថែមទៀត។
 
«យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីដំណើរទស្សនកិច្ចនាពេលខាងមុខ»។ លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកបានលើកឡើងបែបនេះ មុនបន្តថា អាម៉េរិកគ្មានការរំពឹងទុកទេថាចិនអាចនឹងផ្តល់សិទ្ធិពេញលេញឱ្យក្រុមសិទ្ធិមនុស្សស្រាវជ្រាវក្នុងការវាយ​តម្លៃកំណត់ត្រាសិទ្ធិមនុស្សនៅស៊ីនជាំងឡើយ។ 
 
បើតាមលោក Price អាម៉េរិកក៏បានបង្ហាញការព្រួយបារម្ភនេះដល់ចិន និងលោកស្រី Bachelet រួចហើយដែរ។ លោក Price ​ក៏ឆ្លៀតរិះគន់លោកស្រី Bachelet ដែលរក្សាភាពស្ងៀមស្ងាត់អស់រយៈពេលជាច្រើនខែ បើទោះបីជាអាម៉េរិកនិងប្រទសដទៃទាមទារឱ្យចេញផ្សាយរបាយការណ៍ពីស្ថានភាពនៅស៊ីនជាំងក្តី ខណៈអាម៉េរិកមិនទាន់ទទួលរបាយការណ៍នេះឡើយ។ 
 
«ឧត្តមស្នងការសិទ្ធិមនុស្ស បន្តរក្សាភាពស្ងៀមស្ងាត់នៅចំពោះមុខព័ស្តុតាងដែលមិនអាចប្រកែកបានពីអំពើឃោរឃៅនៅស៊ីនជាំង ការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពានផ្សេងៗទៀតនៅទូទាំងប្រទេស​។ នេះជារឿងដែលគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងជាពិសេសនៅពេលដែលលោកស្រី​ជាប្រធាន​សិទ្ធិ​មនុស្ស​ UN គួរតែជាអ្នកដឹកនាំនិយាយពីបញ្ហាសិទ្ធិមនុស្ស»។ លោក Price បានរិះគន់លោកស្រី Bachelet បែបនេះ។ 
 
យ៉ាងណាមិញ កន្លងមក ចិនតែងបដិសេធការចោទប្រកាន់របស់លោកខាងលិចពីអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវីហ្គ័រ។ លើសពីនេះចិនក៏ធ្លាប់ព្រមានប្រទេសផ្សេងទៀតកុំឱ្យជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិនដោយការរិះគន់សកម្មភាពនៅតំបន់ស៊ីនជាំង៕
 

Tag:
 អាម៉េរិក
 ​ ចិន
  UN
© រក្សាសិទ្ធិដោយ thmeythmey.com