សង្គមអន្តរជាតិ​
អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍
22, May 2022 , 10:59 pm        
រូបភាព
ក្នុងសប្តាហ៍ចុងក្រោយ ជម្លោះអ៊ុយក្រែន និងរុស្ស៊ី នៅតែបន្តជាប្រធានបទដ៏ក្តៅ ស្របពេលហ្វាំងឡង់ និងស៊ុយអែត បានដាក់ពាក្យចូលអង្គការណាតូជាផ្លូវការ។ ស្របគ្នានេះ កូរ៉េខាងជើង បានរាយការណ៍ពីជំងឺកូវីដ-១៩ ជាលើកដំបូង ខណៈនៅតំបន់អឺរ៉ុប បានរកឃើញជំងឺអុតស្វាជាបន្តបន្ទាប់។

 
ថ្ងៃទី១៦ ខែឧសភា
 
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានដឹកនាំកិច្ចប្រជុំបន្ទាន់របស់ការិយាល័យនយោបាយបក្សពលករកូរ៉េ ដើម្បីពិភាក្សាស្ថានការណ៍ជំងឺកូវីដ-១៩ ដែលកាន់តែយ៉ាប់យ៉ឺន។ លោក គីម ក៏បានបញ្ជាឱ្យយោធាជួយផ្គត់ផ្គង់ថ្នាំព្យាបាល​ដោយមានស្ថិរភាព​សម្រាប់​ប្រជាជន​នៅ​ក្នុង​រដ្ឋធានីព្យុងយ៉ាង។ នៅកូរ៉េខាងត្បូងវិញ ប្រធានាធិបតីប្រទេសនេះ ក៏ប្រកាសជួយកូរ៉េខាងជើងផងដែរ។
 
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានតែងតាំងរដ្ឋមន្រ្តីការងារ Elisabeth Borne ជានាយករដ្ឋមន្រ្តី ដើម្បីដឹកនាំការធ្វើកំណែទម្រង់ក្នុងប្រទេស បន្ទាប់ពីលោកឡើងកាន់តំណែងនៅអាណត្តិទីពីរ។ លោកស្រី Elisabeth Borne ជានាយករដ្ឋមន្រ្តីបារាំងជាស្រ្តីលើកទីមួយ ក្នុងរយៈពេល៣០ឆ្នាំមកនេះ។
 
ថ្ងៃទី១៧ ខែឧសភា
 
លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកកិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក​ បានលើកឡើងថា កិច្ចប្រជុំពិសេសអាស៊ាន-អាម៉េរិក ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា បាននទទួលជោគជ័យយ៉ាងធំធេង។ បើតាមឧបការីរដ្ឋមន្រ្តីរូបនេះ ជំនួបដែលធ្វើឡើងលើកដំបូងនៅសេតវិមាន អាចជួយពង្រឹងទំនាក់ទំនងអាម៉េរិកជាមួយអាស៊ានបន្ថែមទៀត។
 
ស្របពេលករណីឆ្លងជំងឺកូវីដ-១៩ ស្ទុះឡើងជាបន្តបន្ទាប់ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានចល័តទាហានឱ្យមកជួយចែកចាយថ្នាំសម្រាប់ព្យាបាលអ្នកជំងឺ និងដាក់ពង្រាយគ្រូពេទ្យ​ច្រើនជាង​១​ម៉ឺន​នាក់​ដើម្បីប្រឆាំងនឹងរលកជំងឺផ្លូវដង្ហើមដ៏អាក្រក់មួយនេះ។ អាម៉េរិក ប្រកាសគាំទ្រការផ្ដល់ជំនួយ​មនុស្ស​ធម៌​សម្រាប់​កូរ៉េខាងជើងដែរ។
 
ថ្ងៃទី១៨ ខែឧសភា
 
ហ្វាំងឡង់ និងស៊ុយអែត បានដាក់ពាក្យចូលជាសមាជិកសម្ព័ន្ធយោធាណាតូជាផ្លូវការហើយ។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ដែលប្រទេសមិនចូលបក្សសម្ព័ន្ធយោធាទាំងពីរ កែប្រែងគោលនយោបាយរាប់សិបឆ្នាំ ហើយដាក់ពាក្យចូលប្លុកយោធាដ៏ធំបំផុត។
 
បេក្ខជនប្រធានាធិបតីហ្វីលីពីននាំមុខគេ Ferdinand Marcos Jr លើក​ឡើង​ថា ទំនាក់ទំនងរវាងហ្វីលីពីន និងចិន នឹងត្រូវបានពង្រីក និងខិតទៅរកកម្រិត​ខ្ពស់​ជាង​មុន​នៅ​ពេល​ដែលលោកចូលកាន់តំណែងជាប្រធានាធិបតី។​
 
ថ្ងៃទី១៩ ខែឧសភា
 
ដើម្បីទប់ទល់ជំងឺកូវីដ-១៩ ដែលបន្តរីករាលដាលខ្លាំង កូរ៉េខាងជើង កំពុងបង្កើនផលិតកម្មឱសថ​ព្យាបាល និងសម្ភារវេជ្ជសាស្ត្ររួមមានថ្នាំសម្លាប់មេរោគ និងទែម៉ូម៉ែត្រវាស់កម្ដៅ។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ករណីសង្ស័យជំងឺកូវីដ-១៩ នៅតែហក់ឡើងខ្លាំងដដែល។
 
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានស្វាគមន៍មេដឹកនាំស៊ុយអែត និងហ្វាំងឡង់នៅសេតវិមាន បន្ទាប់ពីប្រទេសទាំងពីរស្នើសុំចូលសម្ព័ន្ធយោធាណាតូរួចមកក្រោមហេតុផលបារម្ភពីសន្តិសុខជាតិ។ លោក បៃឌិន រីករាយយ៉ាងខ្លាំងចំពោះការចូលរួមរបស់ប្រទេសអឺរ៉ុបទាំងពីរនេះក្នុងសម្ព័ន្ធយោធាអន្តរអាត្លង់ទិក។ ប៉ុន្តែស៊ុយអែត និងហ្វាំងឡង់ អាចជួបឧបសគ្គ ព្រោះតួកគីជំទាស់។
 
ថ្ងៃទី២០ ខែឧសភា
 
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានទៅដល់ទឹកដីកូរ៉េខាងត្បូង ដើម្បីចាប់ផ្ដើមដំណើរទស្សនកិច្ចលើកដំបូងនៅអាស៊ី ចាប់តាំងពីលោកចូលកាន់តំណែងមក។ បញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង និងចិន នឹងជារបៀបវារៈសំខាន់ក្នុងដំណើរទស្សនកិច្ចលើកនេះ ដែលត្រូវបញ្ចប់នៅទឹកដីជប៉ុន។ ប្រធានាធិបតីអាម៉េរិក ក៏នឹងប្រកាសគម្រោងសេដ្ឋកិច្ចដ៏ធំមួយនៅអាស៊ីប៉ាស៊ីហ្វិកដើម្បីប្រជែងចិនផងដែរ។
 
អង្គការសុខភាពពិភពលោក (WHO) បានកោះប្រជុំបន្ទាន់គណៈកម្មាធិការរបស់ខ្លួនទទួលបន្ទុកវីរុសឆ្លង ខណៈដែលវីរុសអុតស្វា ត្រូវបានរកឃើញកាន់តែច្រើនឡើងនៅអាម៉េរិក និងប្រទេសប៉ែកអឺរ៉ុប។ ទោះជាជំងឺនេះមិនធ្ងន់ធ្ងរ ការរកឃើញករណីឆ្លងក្រៅតំបន់អាហ្វ្រិកទីដែលជំងឺនេះត្រូវរកឃើញជារឿយៗ កំពុងបង្កក្ដីបារម្ភខ្លាំង។
 
ថ្ងៃទី២១ ខែឧសភា
 
នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ បង្ហាញការមិនពេញចិត្តជាខ្លាំង ក្រោយចិនបង្កើនការអភិវឌ្ឍនៅតំបន់ក្នុងសមុទ្រចិនខាងកើត។ នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ សង្កត់ធ្ងន់ថា នេះជារឿងដែលមិនអាចទទួលយកបាន។
 
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល និងប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ព្រមព្រៀងចាប់ផ្តើមការពិភាក្សាលើការពង្រីកសមយុទ្ធយោធារួមគ្នារវាងប្រទេសទាំងពីរ ខណៈការគំរាមពីអាវុធនុយក្លែអ៊ែរ និងមីស៊ីលកូរ៉េខាងជើងបានកើនឡើងជារៀងរាល់ថ្ងៃ៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com