អន្តរជាតិ
លោកបៃឌិន៖ អាម៉េរិក នឹងការពារតៃវ៉ាន់ដោយកម្លាំងយោធា បើចិនហ៊ានវាយប្រហារ
23, May 2022 , 4:59 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ។ រូបភាព៖ AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ។ រូបភាព៖ AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី២៣ ខែឧសភា បានបញ្ជាក់យ៉ាងច្បាស់ថា កម្លាំងយោធាអាម៉េរិក នឹងការពារតៃវ៉ាន់ ប្រសិនបើចិនហ៊ានវាយប្រហារ ហើយថែមទាំងព្រមានក្រុងប៉េកាំង កំពុងធ្វើរឿងគ្រោះថ្នាក់ថែមទៀត។ នេះជាជំហរដ៏ច្បាស់លាស់មួយពីសំណាក់ក្រុងវ៉ាស៊ីនតោនលើកោះតៃវ៉ាន់ បើទោះខ្លួនកន្លងមក បានអនុវត្តគោលនយោបាយមិនច្បាស់លាស់ចំពោះដែនកោះមួយនេះក្តី។

 
ពីទីក្រុងតូក្យូ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានប្រកាសជំហរការពារតៃវ៉ាន់ដោយប្រើយោធាក្នុងករណីចិនវាយប្រហារ។ នេះជាការផ្ញើសារច្បាស់ៗពីសំណាក់ប្រធានាធិបតីលើសំណុំរឿងតៃវ៉ាន់។ 
 
ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រមុខរដ្ឋាភិបាលជប៉ុន គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី២៣ ខែឧសភា អ្នកសារព័ត៌មានបានសួរមេដឹកនាំអាម៉េរិករូបនេះ ជុំវិញការការពារកោះតៃវ៉ាន់ ក្នុងករណីចិនប្រើកម្លាំងយោធា ដើម្បីគ្រប់គ្រង។ បើតាមលោកបៃឌិន កម្លាំងយោធាអាម៉េរិក នឹងការពារកោះតៃវ៉ាន់ ប្រសិនបើចិនវាយប្រហារ។ 
 
«នោះជាការប្តេជ្ញា ដែលយើងបានធ្វើឡើង»។ លោក បៃឌិន បានឆ្លើយសំណួរបែបនេះ ដោយបន្តថា ក្រុងវ៉ាស៊ីនតោន គោរពគោលការណ៍ចិនតែមួយ ប៉ុន្តែគំនិតដែលកោះតៃវ៉ាន់ គួរតែគ្រប់គ្រងដោយកម្លាំងយោធា ជារឿងមិនសមរម្យឡើយ។ ក្នុងន័យនេះ លោក បៃឌិន បានពន្យល់ថា ​ការដណ្តើមយកកោះតៃវ៉ាន់ពីសំណាក់ចិន នឹងធ្វើឱ្យមានការផ្លាស់ប្តូរភូមិសាស្រ្តនៅក្នុងតំបន់ ហើយវានឹងមានចំណាត់ការផ្សេងទៀត ស្រដៀងនឹងស្ថានការណ៍នៅអ៊ុយក្រែនដែរ។ 
 
ក្នុងសន្និសីទសារព័ត៌មាននោះ ប្រធានាធិបតីអាម៉េរិក បានជំរុញឱ្យចិនមើលពីទណ្ឌកម្មរបស់លោកខាងលិចចំពោះរុស្ស៊ី ប្រសិនបើក្រុងប៉េកាំងហ៊ានប្រើយោធាលើក្រុងតៃប៉ិ។ លោកបៃឌិន បានបន្ថែមថា ចិន គ្មានយុត្តាធិការ ក្នុងការប្រើកម្លាំងយោធាវាយយកចិនឡើយ។ យ៉ាងណាមិញ លោកបៃឌិន បានរំពឹងថា ចិននឹងមិនហ៊ានធ្វើរឿងបែបនោះទេ។
 
នេះមិនមែនជាលើកទីមួយឡើយ ដែលលោក បៃឌិន បានអះអាងពីការប្រើប្រាស់កម្លាំងយោធាអាម៉េរិកដើម្បីការពារកោះតៃវ៉ាន់។ តែសេតវិមាន កន្លងមក បាននិយាយការពារថា ខ្លួនមិនបានកែប្រែគោលនយោបាយការបរទេសនៅចំពោះមុខតៃវ៉ាន់នោះឡើយ។ អាម៉េរិក អនុវត្តគោលនយោបាយមិនច្បាស់លាស់ជាមួយតៃវ៉ាន់ចាប់តាំងពីឆ្នាំ១៩៧៩ នៅពេលដែលប្រទេសមហាអំណាចមួយនេះ ផ្តាច់ទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់ ហើយទៅភ្ជាប់ជាមួយចិន។ ជាមួយគោលនយោបាយបែបនេះ អាម៉េរិក មិនបញ្ជាក់ច្បាសលាស់ថា បញ្ជូនទ័ពជួយឬអត់ឡើយ ខណៈចិនចង់ឱ្យអាម៉េរិកប្រកាសឱ្យច្បាស់
 
កន្លងមក ចិន តែងតែគំរាមប្រើកម្លាំងយោធាដើម្បីយកតៃវ៉ាន់ ដែលខ្លួនចាត់ទុកជាដែនរដ្ឋបាលមួយរបស់ខ្លួនត្រលប់មកវិញ។ ប៉ុន្តែមួយរយៈចុងក្រោយ ប្រធានាធិបតីចិន ស៊ី ជិនភីង ហាក់បន្ធូរជំហររបស់ខ្លួនវិញ និងបានសន្យាបង្រួបបង្រួមដែនដីទាំងពីរប្រកបដោយសន្តិភាព។ ក្នុងខួបបក្សកុម្មុយនីស្តចិនលើកទី១០០ លោក ស៊ី បានចាត់ទុកការបង្រួបបង្រួមតៃវ៉ាន់ គឺជាបេសកកម្មប្រវត្តិសាស្រ្ត។ 
 
ប៉ុន្មានឆ្នាំចុងក្រោយ កងទ័ពរំដោះប្រជាជនចិន តែងធ្វើសមយុទ្ធនៅក្បែរកោះតៃវ៉ាន់ជាញឹកញាប់ ក្នុងពេលក្រុងវ៉ាស៊ីនតោន ពង្រឹងទំនាក់ទំនង ឬឯកភាពលក់អាវុធឱ្យក្រុងតៃប៉ិ។ លើសពីនេះ យន្តហោះចិន តែងធ្វើប្រតិបត្តិការ ក្នុងតំបន់ការពារដែនអាកាសតៃវ៉ាន់ជាញយៗ ដែលធ្វើឱ្យក្រុងតៃប៉ិបញ្ជូនយន្តហោះទៅតាមដានវិញ៕
 

Tag:
 អាម៉េរិក
  តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com