អន្តរជាតិ
ប្រមុខសិទ្ធិមនុស្ស​ UN ទៅដល់ចិនក្នុងទស្សនកិច្ចលើកដំបូងគ្នុងពេល១៧ឆ្នាំ
23, May 2022 , 5:49 pm        
រូបភាព
ដោយ:
ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) លោកស្រី Michelle Bachelet ​នៅថ្ងៃទី២៣ ខែឧសភា បានទៅដល់ទឹកដីចិនហើយ។ នេះជាបេសកកម្មពិនិត្យមើលស្ថានភាពជាក់ស្តែងដែលនាំនឹងលោកស្រីទៅដល់តំបន់ស៊ីនជាំង ជាទីដែលត្រូវបានរាយការណ៍ថា មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ មុនពដំណើរទស្សនកិច្ចនេះ អាម៉េរិកក៏បានលើកឡើងក្តីបារម្ភថា រដ្ឋាភិបាលចិនអាចមិនផ្តល់ព័ត៌មានពិតនិងសេរីភាពពេញលេញដល់ដំណើរការវាយតម្លៃឡើយ។


លោកស្រី Michelle Bachelet ជាឧត្តមស្នងការសិទ្ធិមនុស្ស UN ទីមួយ ធ្វើទស្សនកិច្ចនៅចិនក្នុងពេល១៧ឆ្នាំ។ ជុំវិញការទៅដល់របស់លោកស្រី​ Bachelet​ អ្នកនាំពាក្យក្រសួងការបរទេសចិន​លោក​ Wang Wenbin ប្រាប់សារព័ត៌មាននៅថ្ងៃទី២៣ ខែឧសភាថា​ ​ចិនមានក្តីសង្ឃឹមខ្ពស់ចំពោះដំណើរទស្សនកិច្ចនេះ​​ដែលនឹងជំរុញទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក។
 
ក្នុងដំណើរទស្សនកិច្ចនេះ​​ ឧត្តមស្នងការរូបនេះ ក៏ប្រជុំជាមួយប្រមុខស្ថានទូតប្រចាំនៅចិនប្រហែល៧០នាក់​តាមរយៈប្រព័ន្ធវីដេអូនាថ្ងៃទី២៣ខែឧសភា។ បន្ទាប់មក លោកស្រី នឹងធ្វើដំណើរទៅកាន់ទីក្រុងមួយចំនួនស្ថិតនៅតំបន់ស៊ីនជាំងមាន ក្រុង​​ Urumqi , ក្រុង Kashgar ​និងទីក្រុងគ័ងចូវភាគខាងលិច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ​​ AFP ។
 
មុនដំណើរទស្សនកិច្ចចាប់ផ្តើម​ ការិយាល័យរបស់លោកស្រី Bachelet​ បានអះអាងថា លោកស្រី នឹងជួបប្រជុំជាមួយមន្រ្តីជាន់ខ្ពស់ជាច្រើនរូបរបស់រដ្ឋាភិបាលចិន ​ព្រមទាំង​​អង្គការសង្គមស៊ីវិល អ្នកតំណាងមុខជំនួញ និងសាស្រ្តាចារ្យជាច្រើនរូបផងដែរ។
 
ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះដែរ​ អាម៉េរិកនៅថ្ងៃទី២០ខែឧសភា បានបង្ហាញក្តីបារម្ភជាខ្លាំងលើប្រមុខសិទ្ធិមនុស្សរបស់​ UN ​ដោយថា ​លោកស្រីអាចនឹងបរាជ័យក្នុងការស្វែងរកព័ស្តុតាងដើម្បីលាតត្រដាងការពិតពីបញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំង។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក​​ លោក Ned Price អាម៉េរិកមិនរំពឹងថា រដ្ឋាភិបាលចិននឹងផ្តល់សិទ្ធិពេញលេញឱ្យក្រុមសិទ្ធិមនុស្សបើកការវាយតម្លៃកំណត់ត្រាសិទ្ធិមនុស្សនៅស៊ីនជាំងឡើយ។
 
ចាប់តាំងពីឆ្នាំ២០០៥មក​ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់មន្រ្តីសិទ្ធិមនុស្សជាន់ខ្ពស់របស់ UNទៅកាន់ប្រទេសចិន​។ក្រុងប៉េកាំង ត្រូវបានចោទប្រកាន់ពីបទឃុំឃាំងជនជាតិវីហ្គ័រជាង១លាននាក់និងជនជាតិភាគតិចមូស្លីមផ្សេងទៀត ដែលជាផ្នែកមួយនៃការពង្រឹងសន្តិសុខអស់ពេលជាច្រើនឆ្នាំ។ ប៉ុ ន្តែចិន បានច្រានចោលការចោទប្រកាន់ទាំងនេះ និងចាត់ទុកជាសម្តីកុហកទាំងស្រុង៕
 

Tag:
 UN
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com