អន្តរជាតិ
ប៉េកាំងប្រាប់លោកបៃឌិន៖ ចិន មានតែមួយប៉ុណ្ណោះក្នុងពិភពលោក
24, May 2022 , 11:04 am        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៣ ខែឧសភា។ រូបភាព៖ ក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៣ ខែឧសភា។ រូបភាព៖ ក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅថ្ងៃទី២៣ ខែឧសភា បានថ្កោសទោសការលើកឡើងរបស់ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ដែលបានសន្យាការពារតៃវ៉ាន់ដោយកម្លាំងយោធាអាម៉េរិក ប្រសិនបើចិនហ៊ានវាយប្រហារ។ បើតាមលោក​ Wang វាមានតែចិនមួយប៉ុណ្ណោះនៅក្នុងពិភពលោក ដោយតៃវ៉ាន់ ជាផ្នែកមួយនៃដែនដីចិន ហើយសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលតែមួយគត់ ដែលតំណាងឱ្យចិនទាំងអស់។

 
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី២៣ ខែឧសភា ក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្រ្តីជប៉ុន បានថ្លែងថា កម្លាំងយោធាអាម៉េរិក នឹងការពារតៃវ៉ាន់ ក្នុងករណីចិនវាយប្រហារ។ ក្នុងន័យនេះ លោកបៃឌិន បានចាត់ទុកការប្រើកម្លាំងយោធារបស់ចិនលើតៃវ៉ាន់ ជារឿងមិនត្រឹមត្រូវ។ 
 
នៅថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បង្ហាញការមិនពេញចិត្តនឹងការអះអាងរបស់ប្រធានាធិបតីអាម៉េរិកយ៉ាងខ្លាំង។ 
 
«វាមានចិនតែមួយប៉ុណ្ណោះនៅក្នុងពិភពលោក។ តៃវ៉ាន់ ជាផ្នែកមួយរបស់ចិន ដែលមិនអាចបំបែកបាន»។ លោក Wang សង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដោយបន្តថា សាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលតែមួយគត់ ដែលតំណាងឱ្យចិនទាំងមូល។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានចាត់ទុកបញ្ហាតៃវ៉ាន់ ជាកិច្ចការផ្ទៃខ្លួន និងជំរុញឱ្យអាម៉េរិកឈប់ជ្រៀតជ្រែកបន្តទៀត។ 
 
មន្រ្តីក្រសួងការបរទេសចិនរូបនេះ បានបន្ថែមថា រដ្ឋាភិបាលក្រុងប៉េកាំង មិនសម្រួបសម្រួលអ្វីទាំងអស់ និងមិនអនុញ្ញាតឱ្យមានការមើលស្រាលការប្តេជ្ញា និងសមត្ថភាពប្រជាជនចិនក្នុងការការពារអធិបតេយ្យជាតិ និងបូរណភាពដែនដីឡើយ។ 
 
ជាថ្មីម្ដងទៀត លោក Wang បានទទូចឱ្យអាម៉េរិកបញ្ឈប់សកម្មភាពបញ្ជូនសញ្ញាខុស ទៅកម្លាំងគាំទ្រឯករាជ្យតៃវ៉ាន់ និងគោរពគោលការណ៍ «ចិនតែមួយ» រួមទាំងកិច្ចព្រមព្រៀងរួមអាម៉េរិក-ចិន ចំនួន ៣ផង។ បើតាមមន្រ្តីចិនរូបនេះ រដ្ឋាភិបាលក្រុងប៉េកាំង នឹងចាត់វិធានការឱ្យបានម៉ត់ចត់បំផុត ក្នុងការការពារដែនអធិបតេយ្យ និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន។ 
 
នេះមិនមែនជាលើកទីមួយឡើយ ដែលលោក បៃឌិន បានអះអាងពីការប្រើប្រាស់កម្លាំងយោធាអាម៉េរិកដើម្បីការពារកោះតៃវ៉ាន់។ នៅខែតុលា ឆ្នាំ២០២១ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ CNN លោកបៃឌិន ក៏ធ្លាប់បញ្ជាក់ពីការប្រើកម្លាំងយោធាជួយតៃវ៉ាន់ដែរ។ 
 
ប៉ុន្តែកាលនោះ សេតវិមាន បាននិយាយការពារថា ខ្លួនមិនបានកែប្រែគោលនយោបាយការបរទេសនៅចំពោះមុខតៃវ៉ាន់ឡើយ។ អាម៉េរិក អនុវត្តគោលនយោបាយមិនច្បាស់លាស់ជាមួយតៃវ៉ាន់ ចាប់តាំងពីឆ្នាំ១៩៧៩ នៅពេលដែលប្រទេសមហាអំណាចមួយនេះ ផ្តាច់ទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់ ហើយទៅភ្ជាប់ជាមួយចិន។ ជាមួយគោលនយោបាយបែបនេះ អាម៉េរិក មិនបញ្ជាក់ច្បាស់លាស់ថា បញ្ជូនទ័ពជួយឬអត់ឡើយ ខណៈចិនចង់ឱ្យអាម៉េរិកប្រកាសឱ្យច្បាស់៕ 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com